កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
02, Mar 2024 , 9:00 pm        
រូបភាព
ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្នុងរៀបចំការដេញថ្លៃផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។ អារ៉ាប៊ីសាអូឌីត ​ជាបេក្ខភាពតែមួយគត់ ដែលបានទទួលបាន​ជោគជ័យ ក្នុងការបង្ហាញចំណាប់អារម្មណ៍ ​ដេញថ្លៃធ្វើម្ចាស់កាលពីឆ្នាំមុនរួចមក។

អារ៉ាប៊ីសាអូឌីត នឹងរៀបចំព្រឹត្តិការណ៍ World Cup ក្រោយពេលដែលប្រទេសម៉ារ៉ុក​, ព័រទុយ​ហ្កាល់ និងអេស្ប៉ាញ ធ្វើជាសហម្ចាស់ផ្ទះការប្រកួតរួមសម្រាប់ពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០។ World Cup ឆ្នាំ ២០៣៤ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់សម្រាប់តែប្រទេសស្ថិតក្នុងតំបន់អាស៊ី និងទ្វីបអូសេអានី ទើបអាចដេញថ្លៃបាន។



អារ៉ាប៊ីសាអូឌីត នឹងក្លាយជាប្រទេសទី២ មកពីតំបន់អារ៉ាប់ ដែលនឹងរៀបចំការប្រកួត​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីប្រទេសកាតាបានរៀបចំនៅក្នុងឆ្នាំ ២០២២។ ចំពោះការដេញថ្លៃផ្លូវការ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បាននិយាយថា ពួកគេនឹងមានការរីកលូតលាស់រួមគ្នា ហើយយុទ្ធនាការ World Cup នឹងបង្ហាញពីវិធីដែល ប្រទេសកំពុងពង្រឹងចំណងមិត្តភាពជាមួយប្រទេសដទៃផ្សេងទៀតតាមរយៈកីឡា។
 
កន្លងមកប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានចំណាយដើមទុកជាច្រើនវិនិយោគទៅលើ កីឡាដែលរួមមានកីឡាល្បីៗលើពិភពលោកដូចជា បាល់ទាត់, ប្រណាំងរថយន្ត Formula One, ប្រដាល់សកលពិភពលោក, កីឡាវាយកូនហ្គោលជាដើម។
 
«ការប្រាប់រឿងបាល់ទាត់របស់យើងទៅកាន់ពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងមានការវិវឌ្ឍដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងបុរស និងស្រ្តី ហើយការ ដេញថ្លៃរបស់យើងគឺជាការអញ្ជើញបើកចំហទៅកាន់ពិភពលោកឱ្យចូលរួមជាមួយយើង ក្នុងដំណើរដ៏គួរឱ្យរំភើបនេះ។»។ នេះបើតាមសម្តីរបស់លោក Yasser Al Misehal ប្រធានសហព័ន្ធ SAFF។
 
ដំណើរការបន្ទាប់ក្នុងដំណើរដេញថ្លៃផ្លូវការ គឺជាការបញ្ជូនឯកសារដេញថ្លៃ​ពេញលេញ​ទៅកាន់ FIFA នៅក្នុងខែកក្កដា ជាមួយនឹងការតែងតាំងម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់​ទាត់ពិភពលោកឆ្នាំ២០៣០ និងឆ្នាំ២០៣៤ នឹងត្រូវបោះត្រានៅក្នុងមហាសន្និបាតរបស់ FIFA នៅចុងឆ្នាំនេះ៕

Tag:
 (World Cup
  World Cup 2034
  អារ៉ាប៊ីសាអូឌីត)
© រក្សាសិទ្ធិដោយ thmeythmey.com