កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Suarez ស៊ុតម្នាក់ ២គ្រាប់ក្នុងជ័យជម្នះ Miami លុតក្រុមទីក្រុងតែមួយ Orlando
03, Mar 2024 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez អតីតមិត្តរួមក្រុមនៅ Barcelona រួមសហការគ្នាស៊ុតម្នាក់ ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ក្រុម Inter Miami លុតក្រុម Orlando City ជំនួបទីក្រុងតែមួយលទ្ធផល ៥-០ នៃជំនួបក្របខណ្ឌ Major League Soccer។


 
Suarez ស៊ុតបើកឆាក ២គ្រាប់ នៅនាទី៤ និងនាទី១១ មុនពេលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Robert Taylor ស៊ុតគ្រាប់ទី៣ នាទី២៩ ហើយតារាបាល់ទាត់សញ្ជាតិអាហ្សង់ទីនស៊ុត ២គ្រាប់ នាទី៥៧ និង៦២។
 
សម្រាប់ Messi រកបានគ្រាប់បាល់ចំនួន ២គ្រាប់ ដ៏លឿនបំផុតត្រឹមតែរយៈពេល ៣នាទី នៅក្នុងតង់ទីពីរ ដើម្បីធ្វើឱ្យចំនួននាំមុខដាច់លើក្រុម Orlando ព្រមទាំងធ្វើឱ្យ Inter Miami មានកំណត់ត្រាស្ថិតិស៊ុតបាល់ចូលទីក្នុងមួយប្រកួតលើ ៣គ្រាប់ថែមទៀត។
 
កីឡាករ Suarez វ័យ ៣៧ឆ្នាំ ក្លាយជាអតីតកីឡាករ Barca ចុងក្រោយគេដែលចូលរួមជាមួយ Inter Miami ដែលមាន Messi ព្រមទាំងកីឡាករ Sergio Busquets និង Jordi Alba រូបគេក៏កំពុងបង្ហាញឥទ្ធិពលការលេងរបស់គេនៅក្នុងការប្រកួតក្របខណ្ឌ MLS។ Messi និង Suarez ធ្លាប់សហការគ្នាយ៉ាងល្អកាលនៅក្រុម Barca ក្នុងការស្វែងរកគ្រាប់បាល់ និងការបញ្ជូនបាល់ល្អៗឱ្យគ្នា។
 
«គេបានដឹងគ្រប់យ៉ាងអំពីខ្ញុំ ហើយខ្ញុំគិតថាយើងនឹងបន្តធ្វើបានល្អដូច្នេះថែមទៀត។ ខ្ញុំតែងតែព្យាយាមធ្វើយ៉ាងល្អបំផុត នៅរាល់ពេលដែលខ្ញុំបានទៅឈរលើទីលាន ថ្ងៃនេះយើងធ្វើវាបានល្អខ្លាំងសម្រាប់ការងារ ហើយខ្ញុំរំពឹងថាអ្នកគាំទ្រ Miami នឹងរីករាយដូចគ្នា»។ Suarez និយាយដោយអារម្មណ៍រីករាយដែលបានរួមការងារដ៏ល្អជាមួយនឹង Messi ជាថ្មីនៅក្លិប Inter Miami។
 
ឆ្លងកាត់ ៣ប្រកួតដើមរដូវកាល Inter Miami ឡើងឈរកំពូលតារាងបណ្តោះអាសន្នដោយមាន ៧ពិន្ទុនៅក្នុងដៃ ខណៈកាលពីរដូវកាលមុន ក្រុមដែលមានលោក David Beckham ជាម្ចាស់មួយផ្នែកមិនបានជាប់លេងនៅក្នុងវគ្គជម្រុះ Playoffs ឡើយ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com