កីឡាអន្តរជាតិ
អន្តរជាតិ
ASEAN Mitsubishi Electric Cup ជាឈ្មោះថ្មី នៃពានរង្វាន់បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍
04, Mar 2024 , 9:29 am        
រូបភាព
ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីទៅជា ASEAN Mitsubishi Electric Cup និងប្តូរនិមិត្តសញ្ញាថ្មី ត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ ២០២៤។


 
ការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍លើកទី១៥ ចាប់តាំងពីពានរង្វាន់ថ្នាក់តំបន់មួយនេះបានបង្កើតឡើង ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ ក្រុមបាល់ទាត់ជម្រើសរើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១០ នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមជើងឯកថ្នាក់តំបន់ដ៏មានតម្លៃបំផុតមួយនេះ។


 
និមិត្តសញ្ញាថ្មីរបស់ ASEAN Mitsubishi Electric Cup 2024 ក៏ត្រូវបានកែលម្អ ដោយមានរូបរាងជាសញ្ញាឃែល ហ៊ុមព័ទ្ធជុំវិញដោយប្រើពណ៌ខៀវទឹកបិក និងពណ៌ក្រហម ហើយផ្ទៃខាងក្នុងមានរូបរាងពានរង្វាន់ ទ្រពាក្យឈ្មោះនៃការប្រកួត ដែលជាដៃគូសហការថ្មី ASEAN Championship និងខាងក្រោមមានឈ្មោះពានរង្វាន់ Mitsubishi Electric Cup 2024។ រូបភាពសញ្ញាផ្កាយជាប់លើរូបពានរង្វាន់ បានធ្វើឡើងដោយមានលាយពណ៌ ៥ ផ្សេងគ្នាតំណាងឱ្យទង់របស់ប្រទេសអាស៊ានទាំងអស់។


 
«និមិត្តសញ្ហាថ្មីផ្តល់ឱ្យ ASEAN Mitsubishi Electric Cup 2024 នូវអត្តសញ្ញាណដែលមើលឃើញដោយឡែកពីគោលបំណង និងអត្ថន័យ។ ក្នុងចំណោមរបស់ផ្សេងទៀត វាឆ្លុះបញ្ចាំងពីភាពរស់រវើក និងចំណង់ចំណូលចិត្តរបស់អ្នកគាំទ្រអាស៊ានសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតក្នុងអាស៊ីអាគ្នេយ៍។ ស្លាកសញ្ញាថ្មីនេះក៏បន្តបង្កប់នូវសាមគ្គីភាពដែលមិនងាចបំបែកបាន ស្មារតីចេះយោគយល់វប្បធម៍ចម្រុះ និងចំណូលចិត្តរួមគ្នាសម្រាប់កីឡាបាល់ទាត់នៅក្នុងតំបន់របស់យើង។»។ នេះបើតាមសម្តីរបស់លោកឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ AFF។
 
គួរបញ្ជាក់ថាការចាប់ឆ្នោតពានរង្វាន់ថ្នាក់តំបន់ ASEAN Mitsubishi Electric Cup 2024 នឹងត្រូវរៀបចំការចាប់ឆ្នោតចែកពូលការប្រកួត នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២១ ខែឧសភា៕



Tag:
 ASEAN Mitsubishi Electric Cup
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com