កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ពិបាកប្រជែង Top4 ក្រោយចាញ់ Man City នៅជំនួប Derby
04, Mar 2024 , 10:44 am        
រូបភាព
ឱកាសប្រជែងតំណែង Top4 របស់ Manchester United កាន់តែងឆ្ងាយពីដៃបន្តិច បន្ទាប់ពីត្រូវបាន Manchester City វាយបកយកឈ្នះក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៧ នៅយប់ថ្ងៃទី៣ ខែមីនា។



ក្រុមម្ចាស់ការពារតំណែងជើងឯក Man City បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យរបស់ខ្លួនក្នុងជំនួប Manchester Derby បើទោះត្រូវបានក្រុមភ្ញៀវបិសាចក្រហមនាំមុខ១គ្រាប់មុនដោយ Marcus Rashford នៅនាទីទី៨។ កូនក្រុមលោក Pep Guardiola មានការប្រកួតដ៏ទាក់ទាញជាមួយការគ្រប់គ្រងបាល់ដ៏ច្រើនលើសលុប និងឱកាសសម្រេចទីជាច្រើនលើកនៅវគ្គទី១ តែត្រូវបានអ្នកចាំទី André Onana សង្គ្រោះបាន។
 
ចូលដល់វគ្គទី២ ក្រុមមេឃខៀវដែលស្រេកឃ្លានជ័យជម្នះនៅតែបន្តដាក់សម្ពាធកាន់តែខ្លាំងលើ Man Utd រហូតបំបែកពងមាន់បាននៅនាទី៥៦ តាមរយៈការស៊ុតដ៏ល្អរបស់ Phil Foden។ ជាមួយទម្រង់ប្រកួតស៊ីចង្វាក់គ្នា ជាមួយការគ្រប់គ្រងបាល់ច្រើនលើសលុប មិនអាចបញ្ឈប់ខ្សែបម្រើឆ្នើម Foden សម្រេចគ្រាប់ទី២របស់ខ្លួននៅនាទី៨០ ឡើយ។
 
ជិតបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលខ្ជះខ្ជាយឱកាសរកគ្រាប់បាល់ច្រើនលើក នៅតែអាចរកបាន១គ្រាប់ផងដែរនៅនាទី៩០+១ ដើម្បីជួយ Man City ឈ្នះ ក្រុមលោក Erik ten Hag ៣-១។
 
តាមរយៈជ័យជម្នះនេះបានជួយ Man City កើន៦២ពិន្ទុ តាមប្រកៀកក្រុមកំពូលតារាង Liverpool ដោយមានគម្លាតគ្នាតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត២៧លើកដូចគ្នា។ ក្រុមដែលមានភាគរយខ្ពស់ក្នុងការប្រជែងតំណែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ មានតែ Liverpool, Man City និង Arsenal ប៉ុណ្ណោះគិតមកដល់ពេលនេះ។ កាំភ្លើងធំដែលទើបប្រកួត២៦លើក មាន៥៨ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៣។
 
ដោយឡែក Man Utd ក្រោយបរាជ័យនេះ បានធ្វើឱ្យពួកគេកាន់តែមានគម្លាតឆ្ងាយពីការប្រជែងយកចំណាត់ថ្នាក់ទី៤ ដើម្បីបានកៅអី UEFA Champions League រដូវកាលក្រោយ។ បិសាចក្រហមរកបាន៤៤ពិន្ទុ ពីការប្រកួត២៧លើក ស្ថិតនៅចំណាត់ថ្នាក់ទី៦ តាមពីក្រោយក្រុមលេខ៤ Aston Villa ដល់ទៅ១១ពិន្ទុ។
 
Sheffield United, Burnley និង Luton Town នៅបាតតារាង ស្របពេល Everton ឡើងទៅចំណាត់ថ្នាក់ទី១៦វិញ។ Premier League នៅសល់១១ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com