កីឡាអន្តរជាតិ
អន្តរជាតិ
Pulisic រងការប្រមាថ និងគំរាមសម្លាប់ ក្រោយជំនួប AC Milan ទល់ Lazio
04, Mar 2024 , 12:09 pm        
រូបភាព
កីឡាករ Christian Pulisic ខ្សែបម្រើស្លាបក្រុម AC Milan ទទួលបានការផ្ញើសារគំរាមកំហែងដល់ជីវិត និងការផ្ញើសារប្រមាថនៅលើបណ្តាញសង្គម ក្រោយពេលដែលក្រុម AC Milan ប្រកួតឈ្នះ Lazio លទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Serie A កាលពីសប្តាហ៍មុន។



ជំនួបនោះ Lazio បញ្ចប់ការប្រកួតជាមួយនឹងកីឡាករមានគ្នាត្រឹមតែ ៨នាក់ ហើយខ្សែប្រយុទ្ធ Pulisic ជាមូលហេតុពាក់ព័ន្ធទៅនឹងការបណ្តេញចេញកីឡាករ Lazio ២នាក់ ក្នុងចំណោម ៣នាក់។ 
 
ក្រោយឈ្នះការប្រកួត Pulisic បានបង្ហោះរូបភាពអបអរលើ Instagram សម្រាប់ជ័យជម្នះរបស់ក្រុម បន្ទាប់មកក៏ទទួលបានការផ្ញើសារជាន់ពន្លិច និងគំរាមសម្លាប់។
 
ក្នុងការបង្ហោះដដែលនោះក៏មានសារដែលបង្ហាញពីការគាំទ្រច្រើនដល់កីឡាករសញ្ជាតិអាម៉េរិក ពីសំណាក់អ្នកគាំទ្រ ក្នុងនោះក៏រួមមានមិត្តរួមក្រុម Theo Hernandez ជាដើម។
 
ដំបូងឡើយកីឡាករ Luca Pellegrini ត្រូវបានបណ្តេញចេញនៅនាទី៦៧ បន្ទាប់ពីទទួលបានកាតលឿងចំនួន ២ ជាប់ៗគ្នា សម្រាប់ការបង្កកំហុសលើកីឡាករ Pulisic។ បន្ទាប់មកកីឡាករ Matteo Guendouzi ត្រូវបានបណ្តេញចេញដោយកាតក្រហមដេញចេញភ្លាមៗ ចំពោះប្រតិកម្មមិនល្អលើ កីឡាករឆ្នើមសញ្ជាតិអាម៉េរិក​។
 
កីឡាករទី៣ របស់ក្រុម ​Lazio ខ្សែការពារ Adam Marusic ត្រូវបានបណ្តេញចេញពីការប្រកួតនៅចុងម៉ោងហៀបបញ្ចប់ការប្រកួត។
 
គួររំលឹកថាខ្សែបម្រើ Pulisic បានចូលរួមជាមួយនឹងក្រុម AC Milan ដោយផ្ទេរចេញពីក្រុម Chelsea ក្រោយបញ្ចប់រដូវកាលមុន ​ដើម្បីស្វែងរកទម្រង់លេងល្អឡើងវិញនៅក្លិបថ្មី ហើយជាមួយក្លិបអ៊ីតាលីបច្ចុប្បន្នរូបគេរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ បញ្ចូល ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ប្រកួត៕
 

Tag:
 Christian Pulisic
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com