កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA និយាយបែបកំប្លែងថា World Cup ពង្រីក​ចំនួនក្រុមដើម្បីជួយស្កុតឡែនបង្ហាញខ្លួន
04, Mar 2024 , 2:39 pm        
រូបភាព
ការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក្នុងការពង្រីកក្រុម ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ កើនដល់ ៤៨ក្រុម ធ្វើឡើងដើម្បីផ្តល់ឱកាសដល់ក្រុមស្កុតឡែន បង្ហាញខ្លួនឡើងវិញ បន្ទាប់ពីខកខាន ៣០ឆ្នាំ។ នេះជានិយាយបែបលេងសើចរបស់លោក Gianni Infantino ប្រធាន ​FIFA ខណៈលោកក៏អបអរក្រុមស្កុតឡែនចំពោះវគ្គជម្រុះ Euro 2024 នៅប្រទេសអាល្លឺម៉ង់។



ស្កុតឡែនធ្លាប់បានបង្ហាញខ្លួនចុងក្រោយក្នុង World Cup ឆ្នាំ ១៩៩៨ ក្នុងប្រទេសបារាំង ហើយកាលនោះពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់បាតតារាង ក្នុងពូល A ដោយឈរពីក្រុមប្រេស៊ីល, ន័រវែស និងម៉ារ៉ុក។ 
 
ស្កុតឡែនមិនធ្លាប់បានឆ្លងកាត់ទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ៦លើកចុងក្រោយ​ នៅពេលការប្រកួតមានត្រឹម ៣២ក្រុម។
 
រយៈពេល ៨ឆ្នាំចុងក្រោយ ស្កុតឡែន ជោគជ័យក្នុងការប្រកួតប្រជែងជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Euro ២លើកជាប់ៗគ្នា ខណៈបង្កើនក្តីរំពឹងប្រជែងសម្រាប់ព្រឹត្តិការណ៍ World Cup 2026។ ​World Cup 2026 ដែលមានក្រុមកើនដល់ ៤៨ឆ្នាំ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអាម៉េរិក, ម៉ិកស៊ិក និងកាណាដា ជាសហម្ចាស់ផ្ទះ។
 
«ស្កុតឡែនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប។ អនុញ្ញាតឱ្យអ្នកដឹងពីការសម្ងាត់ទៅចុះ យើងបានសម្រេចចិត្តបង្កើតពង្រីគពី ៣២ក្រុម ទៅ ៤៨ក្រុម ដើម្បីអនុញ្ញាតឱ្យស្កុតឡែនចូលរួម។ ស្កុតឡែននឹងមាន​ឱកាសដ៏អស្ចារ្យ ហើយប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់ ខ្ញុំប្រាកដថាអ្នកគាំទ្រស្កុតឡែន និងមានភាពសប្បាយរីករាយដ៏អស្ចារ្យ។»។

លោក Infantino បាននិយាយប្រាប់កាសែត BBC Scotland លាយឡំនឹងសំណើចតិចៗ។
 
កាលព្រឹត្តិការណ៍ ​World Cup 2022 នៅក្នុងប្រទេសកាតា ស្កុតឡែនបានប្រកួតចាញ់ក្រុមអ៊ុយក្រែន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួត Playoffs ដណ្តើមកៅអីដែលនៅសល់ក្នុងតំបន់អឺរ៉ុប។
 
ប្រទេសស្កុតឡែនជាប្រទេសបាល់ទាត់ទី២ លើពិភពលោក ដែលមានសមាគមបាល់ទាត់អាយុចំណាស់ជាងគេ បន្ទាប់ពីអង់គ្លេស ហើយពួកគេមិនដែលឆ្លងផុតវគ្គចែកពូល World Cup ម្តងឡើយ​ ទោះជាបានចូលលេងព្រឹត្តិការណ៍ ​World Cup ៨លើកក៏ដោយ៕

Tag:
 FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com