កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal បន្តឈ្នះ៧ប្រកួតជាប់គ្នា ជាមួយគ្រាប់ស៊ុតសរុប ៣១គ្រាប់
05, Mar 2024 , 9:51 am        
រូបភាព
Arsenal បន្តយកឈ្នះ Sheffield United ចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងការប្រកួត Premier League ដើម្បីប្រជែងពិន្ទុក្រុមកំពូលតារាង Liverpool និងម្ចាស់ការពារជើងឯក Manchester City។ ជ័យជម្នះជាលើកទី៧ជាប់គ្នានេះ កាំភ្លើងធំមានគ្រាប់ស៊ុតបញ្ចូលទីរហូតដល់ទៅ៣១គ្រាប់។



៦គ្រាប់របស់ Arsenal នៅជំនួបលីគសប្តាហ៍ទី២៧ នៅថ្ងៃទី៤ ខែមីនា សម្រេចបានដោយកីឡាករ៦រូបផ្សេងគ្នា ក្នុងនោះ៥គ្រាប់ធ្វើបានដោយកីឡាករ Martin Ødegaard, Gabriel Martinelli, Kai Havertz, Declan Rice និង Ben White និង១គ្រាប់ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Jayden Bogle ខ្សែការពារ Sheffield United។
 
នេះជាជ័យជម្នះទី៧ជាប់ៗគ្នារបស់ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Arteta ដោយសរុបគ្រាប់បាល់ Arsenal មានគ្រាប់ស៊ុតបញ្ចូលទីដល់ទៅ៣១គ្រាប់។ ជាមួយទម្រង់ប្រកួតដ៏ល្អនៅរដូវកាលនេះ កាំភ្លើងធំតែងសម្រេចគ្រាប់បាល់បានច្រើនលើគូប្រជែង ដោយគិតជាមធ្យមរកបាន៤គ្រាប់ក្នុងមួយប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ។
 
ជ័យជម្នះនេះ ក៏បានជួយកាំភ្លើងធំ តាមពីក្រោយប្រកៀកក្រុមកំពូលតារាង Liverpool និងក្រុមលេខ២ Man City ក្នុងការប្រជែងពានលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤នេះ។ ឆ្លងកាត់ការប្រកួត២៧លើកដូចគ្នា។ Arsenal រកបាន៦១ពិន្ទុ តាមពីក្រោយក្រុមការពារតំណែងជើងឯកមេឃខៀវ១ពិន្ទុ និងហង្សក្រហមចំនួន២ពិន្ទុ។
 
សម្រាប់ Sheffield United តាមរយៈបរាជ័យនេះ បានធ្វើឱ្យពួកគេពិបាកក្នុងការប្រជែងពិន្ទុ ដើម្បីបន្តនៅក្របខណ្ឌកំពូលរដូវកាលក្រោយ។ ក្រុមលោក Chris Wilder រកបានតែ១៣ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាង ស្មើ Burnley ដែលនៅលេខ១៩ និង តាមពីក្រោយក្រុមលេខរៀងទី១៨ Luton ៧គ្រាប់។ Sheffield United មានគម្លាតពិន្ទុ១១ពិន្ទុ ពីក្រុមលេខ១៧ Nottm Forest៕
 
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com