កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid នឹងប្តឹងឧទ្ធរណ៍លើការផ្តល់កាតក្រហម Bellingham
05, Mar 2024 , 2:29 pm        
រូបភាព
ក្លិបយក្សអេស្ប៉ាញ Real Madrid នឹងរៀបចំការប្តឹងឧទ្ធរណ៍​ទៅលើបញ្ហា ការផ្តល់កាតក្រហមខ្សែបម្រើ Jude Bellingham ក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia កាលពីសប្តាហ៍មុន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ESPN។



ការប្រកួតដ៏ចម្រូងចម្រាស ក្រោយពេលអាជ្ញាកណ្តាលបានសម្រេចផ្លុំកញ្ចែ បញ្ចប់ការប្រកួត ខ្សែបម្រើ Bellingham ទទួលបានកាតក្រហមពីអាជ្ញាកណ្តាល ចំពោះការតវ៉ាទាមទាគ្រាប់បាល់ តែតបញ្ចូលទីនៅនាទី ៩០+៨ ដោយកីឡាករ Brahim Diaz។ ​Real រកបានគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួតស្របពេលបាល់ត្រូវបានតែតបញ្ចូលទី។
 
Bellingham បានកាតក្រហម ត្រូវបានអាជ្ញាកណ្តាលប្រាប់អំពីមូលហេតុថា គេបានបង្ហាញកាយវិការ​ឆេវឆាវ និងបានស្រែកម្តងហើយម្តងទៀតសំដៅទៅលើមន្ត្រីការប្រកួត និងប្រើពាក្យ«វាជាគ្រាប់បាល់ចូលទីបានសម្រេច»។
 
ការសម្រេចចិត្តមិនផ្តល់គ្រាប់បាល់ពីសំណាក់លោកអាជ្ញាកណ្តាល Gil Manzano ត្រូវបានជំទាស់ពីក្រុមកីឡាកររបស់ Real Madrid។ ក្លិបរហស្សនាមអធិរាជស សមនឹងឈ្នះការប្រកួតទល់ក្រុម Valencia។
 
លោក Carlo Ancelotti អ្នកចាត់ការទូទៅ Real Madrid បានទទូចទាមទាររកដំណោះស្រាយ បន្ទាប់ពីការប្រកួត ជាពិសេសខ្លួនបានអះអាងថា Bellingham មិនបានប្រមាថអាជ្ញាកណ្តាលនោះទេ។
 
អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានលើកឡើងដូច្នេះ៖«យើងមិនពេញចិត្តនឹងកាតក្រហមរបស់ Bellingham។ គេមិនបាននិយាយប្រមាថអ្វីទេ។ គេមិនបាននិយាយជាភាសាអង់គ្លេសដោយប្រើពាក្យមិនសមរម្យឡើយ តែគេគ្រាន់តែនិយាយអ្វីដែលយើងទាំងអស់គ្នាកំពុងគិត។ ខ្ញុំគិតថាគេមិនបានធ្វើខុស ​ទង្វើរបស់ Bellingham មិនមែនជាការប្រមាថនោះទេ តែជាការតវ៉ាប៉ុណ្ណោះ។»។
 
Real Madrid ស្ថិតនៅកំពូលតារាង La Liga មាន៦៦ពិន្ទុ នាំមុខក្រុមលេខ២ Girona ចំនួន៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត២៧លើក សម្រាប់រដូវកាល ២០២៣-២៤៕

Tag:
 Jude Bellingham
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com