កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ បន្តយកឈ្មោះ Messi ស្រែកចម្អកឱ្យ Ronaldo
05, Mar 2024 , 4:59 pm        
រូបភាព
Cristiano Ronaldo បន្តរងការស្រែកចម្អកពីសំណាក់អ្នកគាំទ្រក្រុម Al Ain ដោយប្រើឈ្មោះ «Messi, Messi, Messi» អំឡុងពេលការប្រកួតដែល Al Nassr ចាញ់ ១-០ នៅវគ្គជម្រុះជើងទីមួយ វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Champions League។



សម្រែកហៅឈ្មោះកីឡាករអាហ្សង់ទីន «Messi, Messi, Messi» ​ត្រូវបានស្តាប់ឮនៅពេល កីឡាករចាកចេញពីទីលានប្រកួតក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទីមួយ។ ការប្រកួតហាក់ធ្វើឱ្យ Ronaldo ខកចិត្តយ៉ាងខ្លាំង ហើយត្រូវបានគេមើលឃើញថាប្រធានក្រុមរូបនេះខឹងសម្បារចំពោះលទ្ធផលចាញ់ ១-០ និងការស្រែកចម្អករបស់អ្នកគាំទ្រ Al Ain។
 
មុនពេលវិលចូលទីលានក្នុងជំនួបទល់ Al Ain តារាសញ្ជាតិព័រទុយហ្កាល់ បានរងពិន័យ​ ១ប្រកួតពីបម្រាបរបស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) ក្រោយពេលគេបង្ហាញកាយវិការអាសអាភាសឌឺដងលើហ្វូងអ្នកគាំទ្រ Al Shabab ដែលស្រែកចម្អកពាក្យថា Messi ដូចគ្នានេះ។ កីឡាករវ័យ ៣៩ឆ្នាំ រងការពិន័យជាប្រាក់ជិត​ ៨,០០០ដុល្លារ ទៅកាន់ SAFF និងថ្លៃដាក់ពាក្យប្តឹងរបស់ក្លិប Al Shabab។
 
ក្រុមរបស់ Ronaldo នឹងត្រូវលេងការប្រកួតជើងទីពីរ វគ្គ ៨ក្រុមចុងក្រោយ ទល់ Al Ain នៅថ្ងៃទី១១ ខែមីនា។ ក្នុងពានរង្វាន់ AFC Champions League វិញ Al Nassr មិនដែលឈ្នះជើងឯកម្តងឡើយ ដោយកាលពីឆ្នាំ ១៩៩៥ ពួកគេបានត្រឹមជើងឯករង។
 
ដោយឡែក Al Hilal ជាគូប្រជែងជាមួយ Al Nassr ក្នុងពានរង្វាន់ក្របខណ្ឌ Saudi Pro League ​នាពេលបច្ចុប្បន្នជាក្រុមខ្លាំង និងជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ ACL បានគ្រងជើងឯកពានក្លិបកំពូលទ្វីបអាស៊ីចំនួន ៤លើក។ Al Hilal ក៏កំពុងនាំមុខដាច់ Al Nassr ៩ពិន្ទុ សម្រាប់បានរង្វាន់លីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីតថែមទៀត៕

Tag:
 Cristiano Ronaldo
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com