កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Enrique មិនឆ្លើយសំណួរអ្នកកាសែតរឿង Mbappe ដោយផ្តោតជំនួប PSG-Sociedad
05, Mar 2024 , 7:29 pm        
រូបភាព
លោក Luis Enrique អ្នកចាត់ការ Paris Saint Germain គេចចេញពីសំណួររបស់អ្នកកាសែតទាក់ទងអនាគតរបស់ Kylian Mbappe ដោយទទូចថាផ្តោតខ្លាំងទៅលើការប្រកួតជើងទីពីរ UEFA Champions League វគ្គ ១៦ក្រុម ទល់ Real Sociedad រាត្រីថ្ងៃទី៥ ខែមីនា។



ប្រធានក្រុមជម្រើសជាតិបារាំង​ Mbappe ដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប PSG មិនទាន់បានចូលលេងពេញម៉ោងម្តងនៅឡើយ ចាប់តាំងពីរូបគេបានបញ្ជាក់ប្រាប់ទៅក្លិប ថាគេនឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។
 
ចាប់តាំងពីផ្លាស់ប្តូរចូលលេងក្រោយអង្គុយនៅកៅអីបម្រុង ហើយស៊ុតបាល់បញ្ចូលទីការប្រកួតទល់ក្រុម Nantes កាលថ្ងៃទី១៧ ខែកុម្ភៈ រួចមក ក្រោយៗមកកីឡាករវ័យ ២៥ឆ្នាំ ត្រូវបានផ្លាស់ប្តូរចូលលេងបានត្រឹមតែ ២ប្រកួត ប៉ុណ្ណោះ ក្នុងជំនួប Ligue 1 រហូតមកដល់ពេលនេះ។ អង្គុយកៅអីបម្រុងញឹកញាប់ បានក្លាយជាសំណួរចោទសួរទៅកាន់លោក Luis Enrique។
 
បុរសសញ្ជាតិអេស្ប៉ាញ បានព្យាយាមគេចមិនឆ្លើយពីការចោទសួររឿងអនាគត Mbappe ដោយបង្វែរថាលោកផ្តោតខ្លាំងទៅលើការប្រកួតជំនួប UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ។
 
«វាងាយស្រួល់ណាស់ក្នុងការគ្រប់គ្រងលើបញ្ហាមួយនេះ (សំណួរដ៏ច្រើនពីបញ្ហាអនាគត Mbappe) ខ្ញុំគ្រាន់តែយកសំណួរដែលអ្នកសារព័ត៌មានចង់បាន ហើយឆ្លើយតាមអ្វីដែលខ្ញុំចង់បាន នោះគឺជារូបមន្តរបស់ខ្ញុំ។ ការប្រកួតគឺសំខាន់ណាស់ ហើយខ្ញុំក៏មិនមានការបញ្ចេញមតិត្រូវបានធ្វើឡើង (អំពី Mbappe)។»។ លោក Luis Enrique បានឆ្លើយប្រាប់អ្នកកាសែតបែបនេះ។
 
សម្រាប់ការប្រកួត Enrique ប្តេជ្ញាចិត្តត្រៀមខ្លួនខ្លាំងសម្រាប់ការប្រកួត ខណៈដែល PSG ដែលនាំមុខ ២-០ ក្នុងជើងទីមួយទល់ Real Sociedad ហើយបុរសសញ្ជាតិអេស្ប៉ាញបានកំណត់គោលដៅឡើងវគ្គ ១/៤។
 
បុរសសញ្ជាតិអេស្ប៉ាញបានប្តេជ្ញាចិត្តដូច្នេះ៖«Champions League ជើងទីពីរជារឿងសំខាន់បំផុត លទ្ធផលនោះគឺយើងត្រូវតែធ្វើបានល្អ ប៉ុន្តែវាជាការយល់ច្រឡំ ប្រសិនអ្នកមិនចេញមកជាមួយនឹងអាកប្បកិរិយាត្រឹមត្រូវ។ បើអ្នកចេញមកដោយគ្មាតម្រុយ នោះអ្នកនឹងលង់ក្នុងភាពវេទនា នោះហើយជាអ្វីដែលខ្ញុំព្យាយាមជៀសវាង។»។
 
កាលពីខែមុន Mbappe បានប្រាប់ទៅកាន់ក្លិប ​PSG ថាគេនឹងចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាល ហើយបន្ទាប់មកមានសារព័ត៌មានជាច្រើនបានចុះផ្សាយកីឡាករម្ចាស់ World Cup 2018 កំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ ហើយនឹងទៅលេងឱ្យ Real Madrid នៅរដូវកាលក្រោយ៕

Tag:
 Luis Enrique
  Paris Saint Germain
  UCL
© រក្សាសិទ្ធិដោយ thmeythmey.com