ជាតិ
សេដ្ឋកិច្ច
គយ ចាប់បានជ្រូកក្លាស្សេខូចគុណភាព១១០ក្បាល ចេញពីព្រំដែនប៉ោយប៉ែត
05, Mar 2024 , 5:29 pm        
រូបភាព
សមត្ថកិច្ចចម្រុះដុតបំផ្លាញជ្រូកក្លាសេ១១០ក្បាល ដែលចាប់បានកាលពីថ្ងៃទី៤មីនា នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ រូបភាព៖ គយ
សមត្ថកិច្ចចម្រុះដុតបំផ្លាញជ្រូកក្លាសេ១១០ក្បាល ដែលចាប់បានកាលពីថ្ងៃទី៤មីនា នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ រូបភាព៖ គយ
ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់បានជ្រូកក្លាស្សេខូចគុណភាពចំនួន១១០ក្បាល ឬស្មើ៨៨០គីឡូក្រាម មានប្រភពចេញច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ នេះបើតាមចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​តាមទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមីនា។



ជ្រូកក្លាសេទាំងនេះ ត្រូវបានដឹកតាមរយៈរថយន្តម៉ាក LEXUS ១គ្រឿង ។ មន្រ្តីនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់រថយន្តនោះ ហើយរកឃើញថា ការនាំចូលជ្រូកទាំងនេះ ពុំមានឯកសារបែបបទនាំចូលឡើយ។
 
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាករ បានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាស្សេទាំងអស់ ខូចគុណភាព ហើយការវេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស។ បច្ចុប្បន្ន សាច់ក្លាស្សេទាំងអស់​ ត្រូវបានដុតកម្ទេចចោលតាមនីតិវិធីជាធរមាន។
  


សូមជម្រាបថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង ​និងសាច់បង្កក រយៈពេល៦ខែ របស់រដ្ឋាភិបាល នឹងចូលមកដល់ នៅថ្ងៃទី១២ ខែមីនាខាងមុខនេះ។ ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក ។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
វិធានការផ្អាកការនាំចូលបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕ 
 

Tag:
 កសិកម្ម
  ជ្រូកក្លាសេ
  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com