កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Mbappe, Kane ស៊ុតម្នាក់ ២គ្រាប់ ជួយ PSG និង Bayern ឡើងវគ្គ ១/៤
06, Mar 2024 , 10:07 am        
រូបភាព
តារាឆ្នើម Kylian Mbappe ស៊ុតបាល់ ២គ្រាប់ ជួយក្រុម Paris Saint Germain យកឈ្នះលើក្រុម Real Sociedad ក្នុងជំនួបជើងទីពីរ ស្របពេលខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ជួយ Bayern Munich យកឈ្នះលើក្រុម Lazio លទ្ធផល ៣-០ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។



កាលពីជើងទី១ PSG យកឈ្នះលើ Sociedad លទ្ធផល ២-០ ហើយឈានដល់ជើងទី២ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានវិលត្រឡប់ចូលលេងពេញម៉ោងក្នុងជម្រើស ១១នាក់ដំបូងឡើងវិញ ស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅនាទី១៥ និងនាទី៥៦ ដើម្បីជួយដល់ PSG ឈ្នះកៅអីទៅវគ្គ ៨ក្រុម។ ១គ្រាប់របស់ Sociedad រកបានដោយកីឡាករ Mikel Merino។
 
​ជ័យជម្នះលើក្រុម Sociedad តារាបាល់ទាត់ប្រធានក្រុមជម្រើសជាតិបារាំង បានវិលចូលលេងពេញម៉ោងឡើងវិញ ក្រោយពេលដែលរូបគេខកខានការប្រកួត ២ ទៅ ៣ ប្រកួតកន្លងមក ដោយស្ថិតនៅកៅអីបម្រុង ព្រោះតែរូបគេបានប្រាប់ទៅកាន់ក្លិបថា គេនឹងចាកចេញក្រោយបញ្ចប់រដូវកាល។ ការដាក់ឱ្យ Mbappe ចូលលេងពេញម៉ោងឡើងវិញ អាចជាការឆ្លើយតបចំពោះបញ្ហាសំណួររបស់អ្នកកាសែត ដែលបានចោទសួរទៅកាន់លោក Luis Enrique អំពីបញ្ហារបស់ Mbappe។


 
ដោយឡែក Bayern Munich ក៏ក្រសោបបានឱកាសឡើងវគ្គ ១/៤ ចុងក្រោយ ដោយខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅនាទី៣៨ និង៦៦ ក្នុងការប្រកួត ខណៈ ១គ្រាប់ទៀត ជាការរួមចំណែកដោយខ្សែបម្រើប្រយុទ្ធ Thomas Muller ស៊ុតបញ្ចូលទីនាទី ៤៥+២។
 
ជួបគ្នាជើងទីមួយនៅទឹកដីអ៊ីតាលី Lazio ធ្វើឱ្យអ្នកគាំទ្រ Bayern ខកចិត្តយ៉ាងខ្លាំង។ Lazio បានឈ្នះ Bayern ដោយលទ្ធផល ១-០។ យ៉ាងណា Bayern ក៏ជាក្រុមខ្លាំងមួយនៅការប្រកួតក្នុងទឹកដី មិនងាយនឹងឱ្យក្រុមភ្ញៀវយកឈ្នះបាន ដោយងាយស្រួលនោះឡើយ។
 
ជ័យជម្នះហាក់បីបន្ថយសម្ពាធនៃការរិះគន់ លើ Bayern Munich ដែលទំនងជារបូតពានរង្វាន់ក្នុងស្រុក Bundesliga ទៅឱ្យក្រុម Bayer Leverkusen ប្រកួតមិនដែលស្គាល់ចាញ់ជាង ៣០លើកកន្លងមកនេះ ហើយពានរង្វាន់ Champions League ក៏ជាក្តីសង្ឃឹមតែមួយចុងក្រោយ៕



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com