កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករចិត្តធ្ងន់ Kante ទទួលបានកាតក្រហមលើកទី២ ក្នុងអាជីពបាល់ទាត់
06, Mar 2024 , 3:09 pm        
រូបភាព
ខ្សែបម្រើ N’Golo Kante ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតជាលើកទីពីរក្នុងអាជីពបាល់ទាត់ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR រកឃើញមានកំហុស នាជំនួបដែល Al Ittihad រងបរាជ័យក្រោមថ្វីជើងក្រុម Al Hilal ពានរង្វាន់ AFC Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។



Al Hilal ក្រុមកំពូលតារាងលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានយកឈ្នះ Al Ittihad ក្រុមរបស់ Kante លទ្ធផល ២-០។ កីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ បានប្រជែងបាល់ ទល់កីឡាករ Al Hilal ក្នុងនាទី៦៦ បន្ទាប់មកការប៉ះទង្គិចត្រូវបានត្រួតពិនិត្យដោយ VAR ហើយក៏មានការសម្រេចចិត្តផ្តល់កាតក្រហមដល់ Kante ព្រោះតែពិនិត្យឃើញថាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់គូប្រជែង។
 
នេះជាកាតក្រហមទី២ របស់ Kante ក្នុងអាជីពជាកីឡាករបាល់ទាត់។ អំឡុងប្រកបអាជីពនៅទឹកដីអង់គ្លេស ក្របខណ្ឌ Premier League ជាមួយនឹងក្រុម Leicester City និងតោខៀវ Chelsea រូបគេមិនដែលបង្កកំហុសឆ្គងណាមួយរហូតទទួលបានកាតក្រហមម្តងឡើយ។ 
  


តែយ៉ាងណាលេងជាមួយ Al Ittihad កីឡាករវ័យ ៣២ឆ្នាំ មិនអាចគេចផុតពីទទួលបានកាតក្រហម ក្រោយការប៉ះទង្គិចនៅក្នុងជំនួបជើងទីមួយ AFC Champions League ចាញ់ Al Hilal។ កាតក្រហមលើកដំបូងនៅក្នុងអាជីពរបស់ Kante បានកើតឡើងអំឡុងឆ្នាំ ២០១៤-១៥​ ដោយកាលនោះរូបគេបានលេងឱ្យក្លិប Caen របស់បារាំង។
 
២គ្រាប់របស់ Al Hilal ធ្វើបានដោយកីឡាករ Aleksandr Mitrovic ស៊ុតបាល់ពិន័យ ១១ម៉ែត្រ បើកឆាក នៅនាទី៤០ មុនពេលកីឡាករ Salem Aldawsari ស៊ុតគ្រាប់ទី២​ នៅនាទី៤២។ 
បច្ចុប្បន្ន Al Hilal ជាក្រុមកំពូលតារាងនៃលីគកំពូល Saudi Pro League ជាមួយ ៦២ពិន្ទុក្នុងដៃ មានគម្លាតពិន្ទុពីក្រុមលេខ២ Al Nassr ចំនួន ៩ពិន្ទុ ខណៈក្រុមការពារជើងឯក Al Ittihad ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ជាមួយ ៣៧ពិន្ទុ៕

Tag:
 N’Golo Kante
  Al Ittihad
© រក្សាសិទ្ធិដោយ thmeythmey.com