ជាតិ
នយោបាយជាតិ
រដ្ឋមន្រ្តីការពារជាតិកម្ពុជា ៖ អាស៊ានស័ក្តិសមជាស្ពានដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក រដ្ឋមន្រ្តីការពារជាតិអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា។
× បញ្ហាភូមិសាស្រ្តនយោបាយ និងជម្លោះនានា នៅលើពិភពលោក ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា។ អាស៊ានស័ក្តិសមជាស្ពានដោះស្រាយបញ្ហាប្រឈមទាំងនេះ។
បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានផ្លាស់ប្តូរទស្សនៈគ្នា ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូពាក់ព័ន្ធ ។ ជាពិសេសការគិតគូលើការឯកភាព និងការធ្វើឱ្យមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus ) ដែលមានស្រាប់។
ជាមួយគ្នានេះ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមគ្នានោះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកយកមកពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំចង្អៀតនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា បានសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក ហើយបង្កឱ្យកើតមានជម្លោះថ្មីៗ និងពិបាកស្វែងរកដំណោះស្រាយ។
រដ្ឋមន្រ្តីការពារជាតិអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី៤ ដល់៦ មីនា ២០២៤។ រូបពីហ្វេសប៊ុកក្រសួងការពារជាតិកម្ពុជា។
«ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់យើងក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗ ដែលយើងអាចនឹងជួបប្រទះ។ ក្នុងន័យនេះយើងចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រនយោបាយ»។ នេះជាសម្តីរបស់លោក ទៀ សីហា ដែលត្រូវបានផ្សព្វផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៦ មីនា។
ឧបនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រតិភូការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតនេះ បានបន្ថែមទៀតថា អាស៊ាន ជាកម្លាំងមួយ ដែលអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកនេះបាន។ «អាស៊ានគឺសក្តិសមជាស្ពានជួយលើបញ្ហានោះ។ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus)ជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាចចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមគ្នាឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម»។ នេះបើតាមលោក ទៀ សីហា ដែលបានស្វាគមន៍បណ្តាប្រទេសនានា និងដៃគូខាងក្រៅ ក្នុងការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និងADMM បូក ។
សម្រាប់លោក ទៀ សីហា ការទទួលបានចំណាប់អារម្មណ៍ពីដៃគូនានានេះ ជាសក្ខីកម្មមួយ ដែលបង្ហាញថា ADMM និង ADMM បូក ជាវេទិកាមានប្រសិទ្ធិភាព និងសក្ដានុពល ជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់៕
Tag:
អាស៊ាន
ភូមិសាស្រ្តនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com