កីឡាអន្តរជាតិ
អន្តរជាតិ
Man City និង Real Madrid ចាប់ដៃគ្នាឡើងវគ្គ៨ក្រុម UCL
07, Mar 2024 , 10:09 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក Manchester City និងម្ចាស់ជើងឯកច្រើនជាងគេ Real Madrid ចាប់ដៃគ្នាឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២៣-២៤។ Man City ទម្លាក់ FC Copenhagen ដោយលទ្ធផលទាំងពីរជើង ៦-២ ស្របពេល Real Madrid ឈ្នះ RB Leipzig ទាំងពីរជើង ២-១ នៅវគ្គ១៦ក្រុមចុងក្រោយ។



ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី៦ ខែមីនា ម្ចាស់ផ្ទះ Man City នៅតែបន្តទម្រង់លេងបានល្អ​ ដោយយកឈ្នះ Copenhagen ៣-១។ ៣គ្រាប់របស់ក្រុមមេឃខៀវ សម្រេចបានដោយ Manuel Akanji, Julián Álvarez និង Erling Haaland ឯ១គ្រាប់របស់ក្រុមមកពីដាណឺម៉ាកតាមរយៈកីឡាករ Mohamed Elyounoussi។ 
 
ដោយសរុបទាំងពីរជើងក្នុងលទ្ធផល ៦-២ នៅវគ្គ១៦ក្រុមចុងក្រោយ គ្រប់គ្រាន់ដើម្បីនាំក្រុមលោក Pep Guardiola បន្តទៅការពារតំណែងជើងឯករបស់ខ្លួននៅវគ្គ៨ក្រុម។
 
Real Madrid ឯណោះវិញ ក៏បានឈានទៅវគ្គ៨ក្រុមផងដែរ ក្រោយឈ្នះ RB Leipzig ទាំងប្រផិតប្រផើយ ក្នុងលទ្ធផលទាំងពីរជើង ២-១។​ នៅជំនួបជើងទី២ ក្រុមអធិរាជសស្មើក្រុមពីអាល្លឺម៉ង់ ១-១។ ១គ្រាប់របស់ក្រុមលោក Carlo Ancelotti ធ្វើបានដោយ Vinicius Junior នៅនាទី៦៥ មុនពេល Willi Orbán តាមស្មើឱ្យ RB Leipzig វិញនៅ៣នាទីបន្ទាប់។
 
មកទល់ពេលនេះ ក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២៣-២៤ រកឃើញ៤ក្រុមហើយឡើងទៅវគ្គ៨ក្រុម រួមមាន Bayern Munich, PSG, Real Madrid និង Man City ដោយឡែក៤ក្រុមទៀតនឹងប្រកួតកាត់ក្តីជើងទី២ នៅសប្តាហ៍ក្រោយ៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com