កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti ប្រាប់កូនក្រុម Real Madrid ពង្រឹងសមត្ថភាពឡើងវិញ ក្រោយស្មើ Leipzig
07, Mar 2024 , 3:19 pm        
រូបភាព
លោក Carlo Ancelotti បាននិយាយថាក្រុម ​Real Madrid ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងការប្រកួតស្មើ ១​-១ ទល់ RB Leipzig នាជំនួបក្រមខណ្ឌ UEFA Champions League ជើងទីពីរ​។ ទោះបានឡើងទៅកាន់វគ្គ ៨ក្រុម ក៏ដោយក្តី តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី អះអាងថានេះជាការប្រកួតដ៏អាក្រក់របស់កូនក្រុម ហើយទាមទារឱ្យកីឡាករពង្រឹងសមត្ថភាពឱ្យខ្លាំងឡើងវិញ។



កីឡាករ​ Vinicius Junior បានស៊ុតបាល់បើកការនាំមុខមុននៅនាទី៦៥ ក្នុងកីឡដ្ឋាន Santiago Bernabeu ដែលជាការបញ្ជូនបាល់ពីសំណាក់ Jude Bellingham។ 
 
តែយ៉ាងណាកីឡាករ Wille Orban បានរកគ្រាប់តាមស្មើសម្រាប់ Leipzig ៣នាទីក្រោយ ពោលនាទី៦៨ ធ្វើឱ្យក្រុមម្ចាស់ផ្ទះមានភាពភ័យខ្លាចចំពោះការរក្សាកៅអីទៅវគ្គ ៨ក្រុម។ ទម្រង់លេងមិនល្អក្នុងទឹកដីធ្វើឱ្យលោក Ancelotti រិះគន់ចំៗថាកូនក្រុមលេងមិនបានល្អ និងមានកម្រិតទាប។
 
«វាជាការប្រកួតដ៏អាក្រក់ ដោយការលេងមានកម្រិតទាប។ ទិដ្ឋភាពផ្លូវចិត្តបានធ្វើឱ្យការប្រកួតរបស់យើងកាន់តែអាក្រក់ យើងលេងជាមួយគូប្រកួតប្រកបដោយគុណភាព ដែលលេងដោយគ្មានចាញ់ ហើយយើងមានការការពារតាំងពីដលមរហូតដល់ចប់។ យើងបានរងទុក្ខ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ហើយយើងនៅទីនេះ។»។ លោក Ancelotti បាននិយាយបែបនេះប្រាប់ទៅកាន់គេហទំព័រ Movistar។
 
ទោះជាខកចិត្តចំពោះទម្រង់លេង ប៉ុន្តែក្រុម Real Madrid បានឈានជើងឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ជាមួយនឹងក្រុមខ្លាំងៗដូចជា Bayern Munich, Paris Saint Germain, Manchester City ជាដើម។
 
អ្នកចាត់ការអ៊ីតាលី បានបន្តដូច្នេះថា៖«យើងកំពុងមាន ៧ពិន្ទុនាំមុខដាច់នៅក្នុងលីគ ហើយពេលនេះយើងឡើងដល់វគ្គ ៨ក្រុម។ ប្រសិនបើយើងត្រូវបានផ្តល់រឿងដូចនេះតាំងពីដើមរដូវកាលមក នោះយើងនឹងត្រូវតែទទួលបានយកវា។»៕

Tag:
 Carlo Ancelotti
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com