ជាតិ
ពន្យល់ពាក្យ
បច្ចេកសព្ទ៖ Programmer ស្មេរកម្មវិធី, Developer អភិវឌ្ឍនករ, Editor ការីកែសម្រួល..
08, Mar 2024 , 7:29 am        
រូបភាព
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃទី៦ ខែមីនា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាអនុម័តបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា ដែលមាន១២ពាក្យ។

 
ពាក្យទាំង១២ ដែលត្រូវបានអនុម័តជាមួយនឹងសេចក្តីពន្យល់ជាភាសាខ្មែរ រួមមាន បញ្ជា (អង់គ្លេស command, បារាំង commande) ដែលមានន័យថា ការបង្គាប់តាមរយៈភាសាកម្មវិធី ដើម្បីឱ្យកុំព្យូទ័រអនុវត្តតាម។ ជាទូទៅ អ្នកប្រើវាយបញ្ចូលតាមក្តារចុច ឬជ្រើសពីម៉ឺនុយ។
 
ស្មេរកម្មវិធី (អង់គ្លេស programmer, បារាំង programmeur) សំដៅលើបុគ្គលដែលទទួលភារៈសរសេរកម្មវិធីកុំព្យូទ័រ ដោយប្រើភាសាកម្មវិធី។ ពាក្យនេះ ក៏មានន័យថា ជាឧបករណ៍ដែលប្រើសម្រាប់សរសេរកម្មវិធីកុំព្យូទ័រចូលទៅក្នុងឈីប។
 
សំណេរកម្មវិធី (អង់គ្លេស programming បារាំង programmation) ជាវិធីសាស្ត្រ ឬសកម្មភាពនៃការបង្កើតកម្មវិធីកុំព្យូទ័រ រួមមាន សំណេរកូដ និងតេស្តកម្មវិធី។ ភាសាកម្មវិធី (អង់គ្លេស programming language, បារាំង langage de programmation) គឺ ភាសាសិប្បនិម្មិតដែលមានវាក្យសម្ព័ន្ធ និងអត្ថន័យច្បាស់លាស់ក្នុងសំណេរកម្មវិធី។
 
កូដម៉ាស៊ីន/ភាសាម៉ាស៊ីន (អង់គ្លេស machine code/ machine language, បារាំង code machine) ជាភាសាកម្មវិធីដែលកុំព្យូទ័រស្គាល់និងធ្វើប្រតិបត្តិការបាន ដោយ គ្មានអន្តរការីបកប្រែ។ ការីបម្លែង (អង់គ្លេស compiler, បារាំង compilateur) គឺកម្មវិធីសម្រាប់បំប្លែងកូដនៃភាសាកម្មវិធីកម្រិតខ្ពស់ឱ្យទៅកូដ នៃភាសាកម្មវិធីកម្រិតទាប គឺកូដម៉ាស៊ីន។
 
ការីបកប្រែ (អង់គ្លេស interpreter, បារាំង interpréteur) មានន័យថា កម្មវិធីដែលអានកូដម្ដងមួយបន្ទាត់ៗ រួចបកប្រែជាកូដម៉ាស៊ីន ហើយធ្វើប្រតិបត្តិការភ្លាមៗ។ ការីបរិវត្តន៍ (អង់គ្លេស translator, បារាំង translateur/ traducteur) ជាកម្មវិធីសម្រាប់បំប្លែងកូដនៃភាសាកម្មវិធីមួយ ទៅជាកូដនៃ ភាសាកម្មវិធីមួយទៀត។ Compiler, de-compiler, Interpreter, assembler, disassembler ជា ការីបរិវត្តន៍។
 
ការីបម្លែងច្រាស (អង់គ្លេស decompiler, បារាំង décompilateur) គឺកម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងកូដម៉ាស៊ីន ឬភាសាកម្មវិធីកម្រិត ទាប ត្រឡប់ទៅជាភាសាកម្មវិធីកម្រិតខ្ពស់វិញ។ ការីកំណែ (អង់គ្លេស debugger, បារាំង débogueur) ជាសុសវែរជំនួយដល់ស្មេរកម្មវិធីក្នុងការចាប់យក(ទិន្នន័យ តម្លៃ លក្ខខណ្ឌ...) ការរាវរកកំហុស ការកំណត់ទីតាំងកំហុស និងការ កែកំហុសក្នុងកម្មវិធីដទៃទៀត។
 
ការីកែសម្រួល (អង់គ្លេស editor, បារាំង éditeur) ជាសុសវែរដែលសម្របសម្រួលការវាយកូដ ទិន្នន័យ អត្ថបទ រូបភាព វីដេអូ សំឡេង ជាដើម ក្នុងភាសាកម្មវិធី។ អភិវឌ្ឍនករ (អង់គ្លេស developer, បារាំង développeur) សំដៅលើបុគ្គល ឬក្រុមហ៊ុនដែលអភិវឌ្ឍឬពង្រីកសមត្ថភាពសុសវែរ។ ឧទាហរណ៍៖ អភិវឌ្ឍនករវីនដូ៕

© រក្សាសិទ្ធិដោយ thmeythmey.com