ជាតិ
ស្រ្តី និងក្មេងស្រី កាន់តែយល់ដឹងពីឌីជីថល!
08, Mar 2024 , 9:41 am        
រូបភាព
ភ្នំពេញ៖ ស្ត្រី និងក្មេងស្រី គឺជាកម្លាំងស្នូលដ៏សំខាន់ដែលជំរុញការរីកចម្រើនក្នុងកិច្ចអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ។ ក្នុងសម័យឌីជីថលនេះ ស្រី្ត និងក្មេងស្រី មានសមត្ថភាព ក៏ដូចជាចំណេះដឹងខ្ពង់ខ្ពស់មិនចាញ់បុរសឡើយ។



សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 

 

ថ្ងៃ៨មីនា ជាថ្ងៃរំលឹកខួបលើកទី១១៣ នៃសិទ្ធិនារីនៅលើពិភពលោក ដែលបានទាមទារសិទ្ធិស្មើបុរស។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានរៀបចំពិធីអបអរក្រោមមូលបទ «ស្ត្រី​ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ កញ្ញា សាន ស្រីតូច បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តី និងក្មេង បានសិក្សាស្វែងយល់ច្រើន​ និងអាចធ្វើការគ្រប់វិស័យដូចបុរសដែរ។ 
 
សម្រាប់ ស្រីតូច ការផ្តល់​ឱកាស​ដល់​ស្ត្រី ការលើកទឹកចិត្ត និង​ជ្រោមជ្រែង​ស្ត្រី​ពី​សំណាក់​ក្រុមគ្រួសារ និង​សង្គម គឺជា​កត្តា​សំខាន់​ណាស់ ដើម្បី​ឱ្យ​ស្ត្រី​ និងក្មេងស្រី ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត និង​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការអភិវឌ្ឍន៍​ស​ង្គ​ម​ក្នុងសម័យឌីជីថលនេះ។ 
 
យុវតី២១ឆ្នាំរូបនេះ បន្តថា៖ «ស្រ្តីមានភាពវៃឆ្លាត និងមានបំណងបង្ហាញមហាជនឱ្យបានដឹងថា អ្វីគ្រប់យ៉ាងក៏ស្រ្តីអាចធ្វើបាន មិនមានអ្វីជាឧបសគ្គរបស់ស្រ្តីឡើយ មិនថាស្រ្តីជាមេផ្ទះ មើលថែគ្រួសារ ក៏ពួកគេអាចប្រកបអាជីវកម្ម​ក្នុងពេលដំណាលគ្នាបាន ហើយអាចទទួលបានជោគជ័យទាំងអស់»។ 
 
ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិក្នុងសម័យឌីជីថល។ អ្នកស្រី ហួរ ស្រីនីន  យល់ថា បច្ចុប្បន្នស្រ្តីខ្មែរកាន់តែច្រើនមានភាពវៃឆ្លាត ក្នុងការធ្វើការតាមបែបឌីជីថល។ ស្រ្តី​មួយចំនួន បានបង្ហាញសមត្ថភាព ទេពកោសល្យក្នុងការងារគ្រប់វិស័យ ក៏ដូចជាការបំផុស​ឱ្យស្រ្តី មានភាពក្លាហានក្នុងបរិវត្តកម្មឌីជីថល​កាន់តែច្រើន​។ 
 
«ស្រ្តី​ត្រូវ​តែ​ក្លាហាន​ និងលើក​តម្លៃ​ខ្លួន​ឯង។​ ស្ត្រី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ជាតិ​។ ស្ត្រី​​ជា​មាតា​ដៃ​មួយ​រយ ​ដែល​បុរស​គួរ​តែ​យល់​ដឹង ហើយ​ស្ត្រី​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​​បាន ដូច​បុរស​ដែរ»​។ នេះបើតាមអ្នកស្រី ហួរ ស្រីនីន ដែលបានមើលឃើញថា បច្ចុប្បន្ន​ស្ត្រី​មាន​សិទ្ធិ​​ក្នុង​ការ​បញ្ចេញ​មតិ និង​​ចូ​ល​រួម​សកម្មភាព​ផ្សេង​ៗក្នុង​សង្គម​ បាន​ច្រើន​ជាង​មុន​។ ​

ស្រ្តីរូបនេះ ​នៅ​តែ​លើក​ទឹក​ចិត្ត​ស្ត្រី​ ឱ្យ​មាន​ភាព​ក្លាហាន​ថែម​ទៀត​ ដើម្បី​ជម្នះគ្រប់​ឧបសគ្គ​។ 
 
មិនខុសគ្នាប៉ុន្មាននោះទេ យុវតី វណ្ណារ៉ា ធីណា ជានិស្សិតផ្នែក Graphic Design ចង់ឃើញស្ត្រី​មាន​ឱកាស​រៀន និង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ច្រើន​​ជាង​បុរស​។ ជាពិសេសដូចការសិក្សាផ្នែក Graphic Design នេះ  យុវតី ធីណា ក៏ចង់ឃើញនារីច្រើនចូលរៀនច្រើនផងដែរ​​។​ «ការសិក្សា​ធ្វើ​ឱ្យ​ជីវិត​ភ្លឺស្វាង និង​ជា​ស្ពាន​ចម្លង​ខ្ញុំ​ទៅរក​ភាពជោគជ័យក្នុងវិស័យ Graphic Design»។នេះបើតាមយុវតី ធីណា។ 
 
យុវតី វ័យ១៩ឆ្នាំរូបនេះ ជំរុញចិត្តស្ត្រីដទៃកុំភ័យខ្លាច និងរួញរាលើវិស័យនេះ។ យុវតីរូបនេះ លើកទឹកចិត្តដល់នារីដទៃទៀត ឱ្យជ្រើសរើសជំនាញសិក្សាណា ដែលមិនសូវមានសិស្សស្រីសិក្សាច្រើន ជាពិសេសសារព័ត៌មាន ឬ Graphic Design នេះ។ 
 
«ស្រ្តី ក៏អាចសិក្សាជំនាញដូចបុរសផងដែរ ព្រោះបច្ចុប្បន្នជាសម័យឌីជីថល ត្រូវបង្ហាញសមត្ថភាព និងទេពកោសល្យឱ្យបានច្រើនជាមុន»។ នេះបើតាម ធីណា ដែលបានបន្ថែមថា  ដ្បិតតែស្ត្រី បច្ចុប្បន្នហ៊ាន​​តស៊ូមតិច្រើនពិតមែន​ ប៉ុន្តែនៅ​ពេលពួក​គេ​​ចង់​ធ្វើ​អ្វីមួយ ទៅតាម​ក្ដី​ស្រមៃ ឬ​ការ​ស្រឡាញ់​ចូល​ចិត្ត​របស់ពួកគេ នៅមានភាពអើសអើងផងដែរ។ 
 
បន្ថែមពីនេះ កញ្ញា សុខ ស្រីពេជ្រ ក៏យល់ថា គ្រប់ការងារទាំងអស់ ត្រូវការវត្តមានស្រ្តី ។ ស្ត្រីចូលរួមកាន់តែច្រើន វាក៏បង្ហាញពីការរីកចម្រើននៃវិស័យនេះដែរ។ «ក្នុងនាមខ្ញុំជានារីម្នាក់ ខ្ញុំគិតថាអ្វីដែលបុរសធ្វើបាននារី ក៏អាចធ្វើបានដែរ។ យើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ហើយនាំខ្លួនឯងទៅរកទីខ្ពស់  ដើម្បីមើលពិភពលោកឱ្យបានទូលំទូលាយជាងមុន»។ នេះជាការបន្ថែមរបស់ កញ្ញា សុខ ស្រីពេជ្រ។ 
 
កញ្ញា ស្រីពេជ្រ លើកទឹកចិត្តស្ត្រីទូទៅ ឱ្យខំព្យាយាមសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ហ៊ានចេញពីផ្ទះ ដើម្បីស្វែងយល់ពីពិភពលោក។ ជាពិសេស ក្នុងសម័យឌីជីថល គួរគិតរឿងវិជ្ជមានឱ្យបានច្រើន ចេះលើកទឹកចិត្តខ្លួនឯង ស្រឡាញ់ខ្លួនឯង និងត្រូវមានក្ដីសង្ឃឹមជានិច្ច៕ 

Tag:
 ស្រី្ត
  ៨មីនា
 យល់ដឹងពីឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com