ជាតិ
៤ម៉ោង! បេសកកម្ម​​​ដែលជិត​បានសម្រេច នៅរមណីយដ្ឋាន​បុរេប្រវត្តិ​ភ្នំក្បាល​រមាស
08, Mar 2024 , 11:39 am        
រូបភាព
កំពត៖ ចេញពី​ក្រុង​កំពត​តែ​៣០​នាទី​ប៉ុណ្ណោះ ពួក​ខ្ញុំ​ក៏បានទៅ​ដល់ជើង​​ភ្នំក្បាល​រមាស ដែល​ជា​រមណីយដ្ឋាន​បុរេប្រ​វត្តិសាស្ត្រ​ដ៏យូរ​លង់​មួយ។ ជាភ្នំតូចដែលមាន​កម្ពស់​ត្រឹម​ជាង​៣០ម៉ែត្រក៏ពិត​មែន ប៉ុន្តែ​ខ្ញុំ និងក្រុម​ការ​ងារ​នៃសារព័ត៌មាន​ឌីជីថលថ្មីៗ បាន​ចំណាយ​ពេល​វេលា​ដល់ទៅជាង​៤ម៉ោង ដើម្បី​ឡើង​ចុះ និង​ទស្សនា​ទិដ្ឋភាព​ផ្សេង​ៗនៅរូង​ភ្នំ​ ក្នុងនោះ​ក៏មាន​អ្នក​លើក «ទង់ជ័យ​ស»ផងដែរ។



ឡើងភ្នំ! ឡើងភ្នំ! ខ្ញុំ​ប្រុង​ប្រៀប​ស្មារតី និង​ទន្ទេញក្នុងអារម្មណ៍ជាប់​ជានិច្ច ​ក្នុង​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី ជាមួយ​សហការី​៤នាក់​ផ្សេងទៀត ឆ្ពោះទៅកាន់​ភ្នំក្បាល​រមាស ដែលស្ថិតនៅ​ក្នុងឃុំត្រពាំងព្រីង ក្នុង​ស្រុក​ទឹកឈូ និងមានចម្ងាយ​ប្រមាណ​៧គីឡូម៉ែត្រពីទីរួមខេត្ត។ 
 
ទោះឆ្លង​កាត់​ផ្លូវ​បេតុងផង ផ្លូវក្រួសក្រហមផង វាមិនមាន​​ឧបសគ្គ​អ្វីធំដុំ​នោះឡើយ ហើយ​ខ្ញុំ និងក្រុម​ការងារបានទៅ​ដល់ជើងភ្នំ ក្រោយ​ចេញ​ដំណើរ​បានប្រមាណ​កន្លះម៉ោង។ ជាផ្នែកមួយនៃ​ការផ្សព្វផ្សាយ​ទេសចរណ៍​ខេត្តកំពត ​ដែល​សារព័ត៌មានឌីជីថល​ថ្មីៗ សហការជាមួយ​រដ្ឋបាល​ខេត្ត យើង​មិន​អាច​រំលង​រមណីយដ្ឋាន​បុរេ​ប្រវត្តិមួយនេះ​បានឡើយ។
  


នា​​​ជើងភ្នំ​ មន្ត្រីមន្ទីរទេសចរណ៍​ខេត្ត​២នាក់ និង​មគ្គទេសក៍​នាំភ្ញៀវ​ឡើង​ភ្នំ​៤នាក់ មាន​វត្តមាន​រង់ចាំ​ក្រុមការងារ​របស់យើង​រួចជាស្រេច។ ក្រុម​មគ្គ​ទេសក៍អ្នក​នាំផ្លូវ ពាក់មួកការពារ និងអាវពណ៌​ខ្មៅ ដែលមានអក្សរសរសេរថា «Climbodia»។ បង្កើតឡើងនាអំឡុង​ឆ្នាំ​២០១៣ «ក្លែម​បូឌា» គឺជាក្រុម​ផ្តល់​សេវា​ផ្នែកកីឡាទេសចរណ៍ឡើង​ជញ្ជាំងភ្នំ នៅ​តំបន់​រូងភ្នំ​បុរេ​ប្រវត្តិក្បាល​រមាស​ដោយផ្ទាល់។
 
ក្រោយគំនាប់គ្នា​រួច ខ្ញុំ និង​ក្រុម​ការងារ​ បាន​រៀបចំ​សម្ភារផ្សេងត្រៀម​ឡើងភ្នំ ដែលមានអាយុ​កាល​ ប្រមាណ​៥០០០ឆ្នាំមុនគ្រឹស្តសករាជ។ មុនពេល​ឡើង លោក អោក សីហា ដែលជាអ្នក​ដឹកនាំក្រុមក្លែមបូឌា បានពន្យល់​ប្រាប់យើងពី​របៀប​ឡើង ទីតាំង​ត្រូវឡើង និង​ណែនាំពីឧបករណ៍ការពារ​ខ្លួន មានដូចជាមួក​ពាក់​ការពារក្បាល និង​ខ្សែក្រវាត់ការពារ ដែល​ចង​ភ្ជាប់​ដោយ​ខ្សែពួរ។
  


បេសកកម្ម​បាន​ចាប់ផ្តើម ដោយក្នុងចំណោម​គ្នាយើងទាំង​៥រូប មាន​ខ្ញុំ​តែម្នាក់ប៉ុណ្ណោះ ជាស្ត្រី ហើយក៏ជា​ទេសចរជាតិ​ដ៏កម្រ​ផងដែរ។ បើតាម​មគ្គ​ទេសក៍ឡើងភ្នំ ទោះបីជា​រមណីយដ្ឋាន​បុរេ​ប្រវត្តិនេះ នៅជិត​ទីរួម​ខេត្តកំពត និង​កែបក៏ដោយ ប៉ុន្តែ​អ្នក​ដែលនិយម​ផ្សងព្រេង​ឡើង​ទៅកំពូល ភាគច្រើនគឺជនជាតិ​បរទេស។
 
មគ្គទេសក៍២នាក់បានឡើងទៅមុន បន្ទាប់មកទើបពួក​គាត់ទម្លាក់ខ្សែពួរចុះមកឱ្យមគ្គទេសក៍ម្នាក់ទៀត ចងភ្ជាប់ជាមួយខ្សែក្រវាត់ពួក​ខ្ញុំ ដើម្បីការពារខ្លួនមុនពេលឡើង។ ខ្ញុំមានអារម្មណ៍ថាភ័យ និងស្ទាក់ស្ទើរចិត្តបន្តិច ដោយយល់ថាវាពិបាក ហើយមានគ្រោះថ្នាក់ និងម្យ៉ាងទៀត វាជាលើកដំបូងរបស់ខ្ញុំផង។ 
  


កុំភ័យ! តាំង​ចិត្ត! មុនពេលចាប់ផ្ដើមឡើង មគ្គទេសក៍បានប្រាប់ខ្ញុំម្ដងទៀតពីរបៀបឡើង ដោយ​ត្រូវប្រើដៃតោងថ្ម ហើយជើងត្រូវជាន់តាមប្រឡោះថ្មម្ដងមួយជំហានៗ និងចង្អុលប្រាប់ផ្លូវផងដែរ។ កម្ពស់ត្រឹម៣០ម៉ែត្រ ខ្ពស់អីប៉ុណ្ណឹង? ប្រាកដណាស់វាមិនខ្ពស់ពេកនោះឡើយ ប៉ុន្តែផ្លូវឡើងរាងចោត ដូច្នេះខ្ញុំត្រូវប្រើកម្លាំងដៃតោងថ្មប្រឹងឡើងតាមដំណាក់ ហើយជើងត្រូវជាន់ថ្មតាមប្រឡោះផងដែរ។ ដោយសារជាលើកទីមួយ សម្រាប់ខ្ញុំ វារៀងពិបាក កន្លែងខ្លះថ្មមិនសូវមានប្រឡោះជ្រៅឱ្យងាយស្រួលតោង ឬជាន់នោះឡើយ។
 
ទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនពិបាក​រហូត​ដល់ទ្រាំលែង​បាននោះដែរ។ សំណាងណាស់ ខ្ញុំ​ពាក់ខោសាច់ក្រណាត់យឺត ដូច្នេះវាមិនធ្វើឱ្យខ្ញុំពិបាកបោះជើងឡើងនោះឡើយ។ ចំណែកឯស្បែកជើង ខ្ញុំពាក់សុទ្ធតែ​ប្រែន New Balance 530 ដែលស្រាល មិនធ្វើឱ្យខ្ញុំពិបាកឡើង។ តែខ្ញុំហប់ និងស្អុះស្អាប់​ខ្លួន​បន្តិច ដោយសារ​ខ្ញុំពាក់អាវ២ជាន់ ព្រោះខ្លាចខ្មៅស្បែក។ ឆ្លងកាត់បទពិសោធន៍ខ្លួនឯងដូច្នេះ​ ធ្វើឱ្យដឹងកាន់តែច្បាស់ថា សម្លៀកបំពាក់ និងស្បែកជើងជារឿងសំខាន់សម្រាប់ការឡើងភ្នំ។
  


ជាង១០នាទីក្រោយ​មក ខ្ញុំ​ក៏បានឡើងទៅ​ដល់គោលដៅដំបូងកម្ពស់៣៥ម៉ែត្រ ជាមួយមគ្គទេសក៍២នាក់ និងសហការីខ្ញុំម្នាក់ទៀត។ អំឡុងពេលរង់ចាំសហការីផ្សេងទៀត មគ្គទេសក៍ម្នាក់បានសួរខ្ញុំ៖«យ៉ាងម៉េចដែរ? ពិបាកអត់?» ឮដូច្នេះមគ្គទេសក៍ម្នាក់ទៀតក៏ឆ្លើយភ្លាម «អត់ដែលឡើងអ៊ីចឹងដឹងតែពិបាកហើយ» គាត់សើច ហើយខ្ញុំក៏សើច ដោយបន្តថា៖«ពិបាកបង ខ្ញុំមិនដែលឡើងភ្នំអ៊ីចឹងផង»។ 
 
យេ! មកដល់ត្រឹមនេះ ខ្ញុំលែងមានអារម្មណ៍ថាភ័យខ្លាំងដូចពេលចាប់ផ្តើម​ឡើងហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​សប្បាយចិត្តដែលខ្លួនឯងអាចឡើងមកដល់ទីនេះ។ ជាអ្នក​សារព័ត៌មាន ខ្ញុំ និង​សហការី​ក៏មិនភ្លេចផ្តិត ទិដ្ឋភាព​ទាំងរូបភាព និងវីដេអូ អំពី​ទស្សនីយភាពទេសភាពធម្មជាតិនោះឡើយ។
  


ភ្នំក្បាលរមាស ជាទីតាំងទស្សនាទេសភាពខេត្តកំពត និងកែបពីទីខ្ពស់ដ៏ល្អបំផុត ព្រោះយើងអាចមើលឃើញភ្នំបូកគោ កោះត្រល់ ស្រែអំបិល ឆ្នេរកែប និងទេសភាពវាលស្រែចម្ការដ៏ខៀវស្រងាត់។ អង្គុយគយគន់សម្រស់ធម្មជាតិ និងស្រូបខ្យល់បរិសុទ្ធបានបន្តិចក្រុមការងារក៏បានឡើងមកដល់។ 
 
«Good Job ឬ ធ្វើបានល្អ»។ នេះជាសម្ដីលើកទឹកចិត្តរបស់មគ្គទេសក៍និយាយមកកាន់ក្រុមការងារសារព័ត៌មានថ្មីៗ នៅពេលពួក​យើង​ឡើងមកដល់​ជុំគ្នា។ បន្ទាប់ពីជុំគ្នាអស់ហើយ យើងក៏បន្តដើរតាមជ្រលងភ្នំចម្ងាយជាង២០ម៉ែត្រទៀត ទើបដល់គោលដៅសំរូតខ្លួនចុះក្រោមវិញ។ មគ្គទេសក៍បានពន្យល់ប្រាប់ក្រុមយើងបន្ថែមពីរបៀបថ្ពក់ឧបករណ៍ការពារខ្លួនជាមួយខ្សែកាប ដែលគេព័ទ្ធតាមជ្រលងភ្នំ ដើម្បីរក្សាសុវត្ថិភាព។ ចាប់ពីកន្លែងនេះទៅ យើងលែងតោងថ្មភ្នំឡើងទៀតហើយ ប៉ុន្តែត្រូវដើរចំហៀងតាមជម្រាលភ្នំពីឆ្វេងទៅស្ដាំវិញ។ 
  


បេសកកម្ម​ហាក់ដូច​​ពិបាកជាងមុនបន្តិច ព្រោះថ្មតាមជម្រាលភ្នំមិនសូវមានប្រឡោះឱ្យខ្ញុំងាយស្រួលជាន់ និងមិនសូវមានកន្លែងតោងច្រើននោះឡើយ។ មួយវិញទៀតយើងត្រូវបន្តថ្ពក់ខ្សែការពារពីមួយកន្លែងទៅមួយកន្លែង និងព្យាយាមដើរយឺតៗ។ 
 
ចម្ងាយត្រឹមជាង២០ម៉ែត្រប៉ុណ្ណោះ តែខ្ញុំប្រើពេលដើរជាង២០នាទី ដោយសារផ្លូវដើរថ្មខ្លះធំ ថ្មខ្លះតូច ធ្វើឱ្យខ្ញុំពិបាកជាន់ និងតោង។ ដើរតាមជ្រលងភ្នំបែបនេះ ខ្ញុំត្រូវប្រយ័ត្នជាងមុនទៅទៀត ព្រោះខ្លាចរអិលជើង និងរបូតដៃជាដើម។ មគ្គទេសក៍ដែលដើរខាងក្រោយព្យាយាមនិយាយលេងសើច ហើយសួរនាំខ្ញុំ និងក្រុមការងាររហូត «យ៉ាងម៉េចដែរ? សប្បាយទេ? ដើរមួយៗ ធ្វើអារម្មណ៍ឱ្យសប្បាយៗ»។ ខ្ញុំ និងសហការីក៏មិនទុកសំណួរគាត់ចោលឡើយ​ តែងឆ្លើយទៅវិញជារឿយ៖«សប្បាយណាស់បង!»។ 
  


និយាយគ្នាបណ្ដើរ ដើរបណ្ដើរ យើងក៏ទៅ​បាន​ដល់ទីតាំង​សម្រូតខ្លួនតាមខ្សែពួរចុះទៅក្រោមវិញ។ យើងត្រូវសម្រូតខ្លួនចុះតាមរូងភ្នំ ដោយប្រើខ្សែពួរ២ខ្សែចងភ្ជាប់ជាមួយខ្លួនចុះមកក្រោម ដៃត្រូវទាញខ្សែសម្រូតចុះម្ដងបន្តិច ហើយជើងត្រូវធាក់រូងភ្នំដើម្បីទប់លំនឹង និងការពារខ្លួនកុំឱ្យប៉ះជាមួយថ្ម។ សម្រាប់ខ្ញុំមានអារម្មណ៍ថាភ័យនៅពេលចុះមកដំបូង ប៉ុន្តែបន្ទាប់ពីចុះមកបានពាក់កណ្ដាលក៏សប្បាយវិញ។
 
ឡើងភ្នំលើកដំបូងនេះ ជាបទពិសោធន៍ថ្មីប្លែកដ៏ល្អបំផុតសម្រាប់ខ្ញុំ ព្រោះបា​នឆ្លងកាត់ជាច្រើនដំណាក់កាល ហើយ​ធ្វើឱ្យខ្ញុំអាចវាស់ស្ទង់សមត្ថភាពខ្លួនឯង មានសេចក្ដីក្លាហាន និងភាពអត់ធ្មត់ជាងមុន ចំណែក​ឯ​អារម្មណ៍​ស្មុគ​ស្មាញនានា ក៏​រសាត់ទៅ​បាត់ផងដែរ។
  


ក្រោយ​ឡើងភ្នំ ខ្ញុំ និងក្រុមការងារ បន្តសកម្មភាពចូលទៅទស្សនារូងភ្នំក្បាលរមាស។ ដោយសារជាទីតាំងដែលអ្នកស្រុកមានជំនឿ នៅពេលចូលទៅដល់ខ្ញុំបានឃើញទីសក្ការ២កន្លែង ដែលមានព្រះពុទ្ធរូប១អង្គក្នុងមួយកន្លែង និងគ្រឿងសក្ការផ្សេងៗ។ ខ្ញុំឃើញមគ្គទេសក៍លើកដៃសំពះ ខ្ញុំក៏ធ្វើតាមគាត់ដោយនិយាយក្នុងចិត្តថា៖«សូមកូនចៅសុខសប្បាយ»។ បន្ទាប់មកមគ្គទេសក៍នាំខ្ញុំទៅមើលសំណល់ថ្មប្រាសាទនាងសេដាឱន ដែលបានបាក់បែកខូចខាតតាំងពីសម័យសង្រ្គាម។ 
 
«ភ្នំ​នាងសេដាឱន» ក៏ជាឈ្មោះ​ដែលអ្នក​ស្រុកទម្លាប់​ហៅ​ជំនួស «ភ្នំក្បាល​រមាស​» ផងដែរ។ ពុំមាន​ប្រវត្តិ​ពិស្តារអំពី​ប្រាសាទភ្នំនាងសេដាឱននោះឡើយ ប៉ុន្តែ​ការ​សិក្សាមួយបង្ហាញថា ការកំណត់​ហៅនេះ គឺ​មាន​ដតំណាល​តៗគ្នាទាក់ទង​នឹង​រឿង «រាមកេរ្តិ៍»។ 
  


មគ្គទេសក៍បន្តនាំខ្ញុំ និងក្រុមការងារ ទៅទស្សនារូងភ្នំផែ្នក​ខាងក្នុង ដែលមានថ្មរូបរាងដូចជាសត្វស្វា និងដំរី ហើយថ្មខ្លះទៀតមានសភាពភ្លឺផ្លេកទៀតផង។ តាមការលើកឡើងរបស់មគ្គទេសក៍ ទីតាំងភ្នំនេះទំនងធ្លាប់ជាតំបន់សមុទ្រ ព្រោះថ្មភ្លឺដូចខ្សាច់សមុទ្រ ហើយក៏ឃើញមានសំណល់សំបកខ្យង និងសំបកគ្រឿងសមុទ្រផ្សេងៗនៅជាប់ថ្មភ្នំផងដែរ។ មួយវិញទៀត ខ្ញុំចាប់អារម្មណ៍ថានៅក្នុងរូងភ្នំ ទោះបីងងឹតឈឹង បិទជិតគ្មានប្រឡោះ ប៉ុន្តែត្រជាក់ និងមិនហប់ទៅវិញ។
 
បន្ទាប់ពីចេញមកវិញ ខ្ញុំបានសាកល្បងឡើងជញ្ជាំងភ្នំ ដែលជាសកម្មភាពកីឡាចុងក្រោយនៅទីតាំងភ្នំក្បាលរមាសនោះ។ មានមោទកភាពដែលគេ​មើលឃើញថា ជាស្រ្តីដែលក្លាហានជាងគេក្នុងចំណោមសហការីបុរស៤នាក់ទៀតដែលទៅជាមួយខ្ញុំ។ មគ្គទេសក៍បន្ត​ចងភ្ជាប់ខ្សែពួរជាមួយខ្លួនខ្ញុំដដែល ប៉ុន្តែពេលឡើងខ្ញុំត្រូវរកប្រឡោះជញ្ជាំងភ្នំតោងឡើងដោយប្រើកម្លាំងខ្លួនឯងសុទ្ធសាធ។ សំឡេងមគ្គទេសក៍ស្រែកប្រាប់ខ្ញុំពីខាងក្រោម៖«រកប្រឡោះតោង ហើយប្រឡោះជាន់ប្រឹងឡើងទៅ»។ ខ្ញុំឆ្លើយតបដោយអារម្មណ៍ភ័យបន្តិចថា៖«អត់មានកន្លែងតោងទេបង ធ្វើម៉េចទៅ?»។ ក្រុមការងារទំនងជាចង់ធ្វើបាបខ្ញុំ ទើបឆ្លើយទាំងសើចមកស្រុះគ្នាថា៖«អត់ដឹងទេ ឡើងអត់ដល់ ចុះមកវិញអត់កើតទេ»។ 
  


យ៉ាងណាខ្ញុំព្យាយាមឡើងបានត្រឹមពាក់កណ្ដាលគោលដៅប៉ុណ្ណោះ កម្ពស់ជាង១០ម៉ែត្រ ក៏សម្រេចចិត្តបោះបង់ ហើយស្រែកឱ្យមគ្គទេសក៍ជួយសម្រូតខ្លួនខ្ញុំចុះមកក្រោមវិញ ដោយសារគ្មានកម្លាំង និង​ស្ថានភាពពិបាក​ពេក។ បើនិយាយពីស្ថានភាពកន្លែងឡើងជញ្ជាំងនេះ គឺជញ្ជាំងមានប្រឡោះថ្មតូចៗ ពិបាកតោង និងមិនមានកន្លែងជាន់ច្រើននោះឡើយ។ វាជាដំណាក់កាលពិបាកជាងគេនៅទីតាំងនោះ។ សម្រាប់ខ្ញុំគិតថា នេះជាលើកដំបូងរបស់ខ្ញុំ ប៉ុន្តែមិនមែនជាលើកចុងក្រោយរបស់ខ្ញុំឡើយ បើសិនជាមានឱកាសខ្ញុំនឹងទៅឡើងម្ដងទៀតឱ្យ​ដល់គោល​ដៅ ដូចជាគេ​តែងនិយាយ​ភាសាអង់គ្លេសថា «Come Back Stronger»។  
 
ទោះបីជាយ៉ាងណាក៏​ក្នុងបេសកកម្ម​ជាង​៤ម៉ោងនេះ ខ្ញុំហ៊ាន​ដាក់​ចំណាត់ថ្នាក់​លេខ​១ឱ្យខ្លួនឯង ពីព្រោះសហការី៤នាក់ផ្សេងទៀត​ដែលសុទ្ធតែជាបុរស គឺ សុផាត, ចំណា, ចន្ថា និងភារៈ មិនបាន​ព្យាយាម​សាក​ល្បង​ឡើង​ជញ្ជាំងភ្នំ ដំណាក់កាល​ចុងក្រោយដូចខ្ញុំឡើយ៕





Tag:
 ឡើងភ្នំ
 កំពត
 ភ្នំនាងសេដាឱន
 ភ្នំក្បាលរមាស
© រក្សាសិទ្ធិដោយ thmeythmey.com