អន្តរជាតិ
សភាអឺរ៉ុបគាំទ្រ​ការនាំចូល​អាហារ​ពីអ៊ុយក្រែនឱ្យរួចពន្ធមួយឆ្នាំទៀត
08, Mar 2024 , 6:59 pm        
រូបភាព
រូបភាព Kyiv Independent
រូបភាព Kyiv Independent
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប នៅថ្ងៃទី៧ ខែមីនា បានអនុម័តការផ្តល់សិទ្ធិឱ្យអ្នកផលិត ម្ហូបអាហារអ៊ុយក្រែនរួចពន្ធនាំចូលទីផ្សារ​សហភាពអឺរ៉ុបសម្រាប់រយៈពេលមួយឆ្នាំទៀត។ ជាមួយគ្នានេះ គណៈកម្មាធិការដដែល បានបដិសេធការកែប្រែវិធានផ្សេងៗ ដែលអាចនាំឱ្យមានការរឹតបន្តឹងលើការនាំចូលពីអ៊ុយក្រែន។

 
គណៈកម្មការអឺរ៉ុបបានស្នើថា ការព្យួរកាតព្វកិច្ច និងកូតាសម្រាប់ការនាំចូលផលិតផលកសិកម្ម និងអាហារអ៊ុយក្រែន គួរតែបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយគណៈកម្មាធិការ ពាណិជ្ជកម្មរបស់សភាអឺរ៉ុប បានអនុម័តតាមការយល់ស្របចំនួន ២៦សំឡេង បដិសេដ ១០សំឡេង និង ១សំឡេងគឺអនុប្បវាទ។
 
ជាការឆ្លើយតបទៅនឹងការតវ៉ារបស់កសិករមកពីបណ្ដាប្រទេសអឺរ៉ុប សំណើនេះក៏ណែនាំផងដែរនូវ «វិធានបន្ទាន់» សម្រាប់សត្វបក្សី ស៊ុត និងស្ករ ដែលមានន័យថាពន្ធនឹងត្រូវអនុវត្ត ប្រសិនបើការនាំចូលលើសពីកម្រិតមធ្យមនៃឆ្នាំ ២០២២ និងឆ្នាំ២០២៣។ កន្លងមក កសិករអឺរ៉ុប បាន​បញ្ចេញ​កំហឹង​ចំពោះ​អ្វី​ដែល​ពួកគេបញ្ជាក់ថាជា​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌​ ដោយសារ​ការនាំ​ចូលផលិតផលកសិកម្ម​របស់​អ៊ុយក្រែន​មាន​តម្លៃ​ថោក។
 
សភាអឺរ៉ុប ត្រូវបានរំពឹងនឹងអនុម័តបន្តឱ្យអ៊ុយក្រែនបន្តរួចពន្ធខាងលើ នៅសប្តាហ៍ក្រោយ មុនពេលមានការយល់ព្រមចុងក្រោយពីរដ្ឋាភិបាលអឺរ៉ុប។ បណ្តាប្រទេសជាច្រើន បានប្រកាសគាំទ្ររួចហើយ។
 
ពន្ធនាំចូល និងកូតាលើកសិដ្ឋានអ៊ុយក្រែនត្រូវបានដកចេញនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ដែលបានរំខានដល់ការដឹកជញ្ជូនទំនិញតាមសមុទ្រខ្មៅ។ ក្រៅពីនេះ គណៈកម្មាធិការពាណិជ្ជកម្មក៏បានបោះឆ្នោតអនុម័តការបន្ថែមស្រដៀងគ្នាសម្រាប់ ការនាំចូលផលិតផលកសិកម្មពីម៉ុលដាវី៕

Tag:
 EU
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com