សង្គមអន្តរជាតិ​
អន្តរជាតិ
ពានរង្វាន់ភាពក្លាហាននៃការតស៊ូមតិស្រ្តីអន្តរជាតិទាំង១២រូបប្រចាំឆ្នាំ ២០២៤
08, Mar 2024 , 9:29 pm        
រូបភាព
កម្មវិធីពានរង្វាន់ភាពក្លាហានរបស់ស្ត្រីអន្តរជាតិ International Women of Courage (IWOC) របស់អាម៉េរិកនៅឆ្នាំ ២០២៤ បានប្រគល់ជូនស្រ្តីចំនួន ១២រូបមកប្រទេសនានាជុំវិញពិភពលោក។ នេះជាឆ្នាំទី១៨ ដែលពានរង្វាន់ IWOC ទទួលស្គាល់ស្ត្រីមកពីជុំវិញពិភពលោកដែលបានបង្ហាញពីភាពក្លាហាន និងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងការតស៊ូមតិដើម្បីសន្តិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាពយេនឌ័រ និងសមភាព និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និងកុមារី។

 
ខាងក្រោមនេះ ជាស្រ្តីទាំង១២រូបដែលទទួលពានរង្វាន់នៅឆ្នាំ ២០២៤ ៖ 
 
Benafsha Yaqoobi  អាហ្វហ្កានីស្ថាន 
 
Benafsha Yaqoobi ជាស្រ្តីពិការភ្នែកដែលធ្វើការជាមេធាវីការពារសិទ្ធិស្ត្រីច្រើនឆ្នាំ ដែលប្រឈមមុខនឹងអំពើហិង្សា។ លោកស្រីបានបង្កើតអង្គការ Rahyab នៅក្នុងឆ្នាំ២០០៨ ជាមួយស្វាមី ដោយផ្តោតសំខាន់លើការអប់រំ និងស្តារនីតិសម្បទាដល់ជនពិការភ្នែកនៅអាហ្វហ្កានីស្ថាន។ កម្មវីធីលោកស្រីត្រូវបានផ្សាយផ្ទាល់ប្រចាំថ្ងៃតាមទូរទស្សន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិពិការ។ 
 
ក្រោយមក លោកស្រីបានក្លាយជាស្នងការសម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យអាហ្វហ្គានីស្ថាន ដែលជាកន្លែងផ្តោតលើការអប់រំកុមារពិការភ្នែក។ បច្ចុប្បន្ន លោកស្រី Yaqoobi កំពុងរស់នៅនិរទេសខ្លួន ប៉ុន្តែនៅតែតស៊ូមតិសម្រាប់ជនពិការអាហ្វហ្កានីស្ថាន ជាពិសេសអំពាវនាវឱ្យសហគមន៍អន្តរជាតិធានាថា សិទ្ធិរបស់ជនពិការត្រូវបានបញ្ចូលយ៉ាងពិតប្រាកដនៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបមនុស្សធម៌ដែលធ្វើឡើងដោយម្ចាស់ជំនួយ៕ 
 
Fawzia Karim Firoze បង់ក្លាដែស
 
Fawzia Karim Firoze ជាអ្នកតស៊ូមតិរបស់តុលាការកំពូលបង់ក្លាដែស ដែលបានតស៊ូដើម្បីសិទ្ធិរបស់ក្រុមងាយរងគ្រោះអស់រយៈពេលជាង៣ទសវត្សរ៍។ បច្ចុប្បន្ន លោកស្រី Firoze ជាប្រធានស្ថាប័នផ្ទាល់ខ្លួននៃអង្គជំនុំជម្រះច្បាប់ និងបម្រើការជាប្រធានមូលនិធិសម្រាប់ផ្នែកច្បាប់ និងការអភិវឌ្ឍន៍ (FLAD)។ 
 
ក្រោមការដឹកនាំរបស់លោកស្រី FLAD បានឈ្នះសេចក្តីសម្រេចដែលកំណត់ថា គោលនយោបាយគាំពារ និងសុខុមាលភាពកម្មករតាមផ្ទះឆ្នាំ២០១៥ មិនគ្រប់គ្រាន់ដើម្បីការពារសិទ្ធិរបស់កម្មករតាមផ្ទះឡើយ។ ក្នុងនាមតំណាងកម្មករកាត់ដេរប្រឆាំងនឹងនិយោជកលោកស្រី Firoze បានប្តឹងដោយផ្ទាល់ទៅតុលាការចំនួន ៣០០០ករណី ព្រមទាំងបានជួយបង្កើតសហព័ន្ធសហជីពកម្មករកាត់ដេរឯករាជ្យបង់ក្លាដែស (BIGUF)។ 
 
ពីមុនលោកស្រីធ្លាប់ធ្វើជាប្រធានសមាគមមេធាវីស្ត្រីបង់ក្លាដែសពីឆ្នាំ ២០០៧-២០១៨ និងជាស្ថាបនិក Acid Survivors Trust ។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលតុលាការកំពូលបង់ក្លាដែសបានជ្រើសរើសលោក Firoze ទៅកាន់គណៈកម្មាធិការដែលមានសមាជិក៥នាក់ ដើម្បីពិនិត្យករណីបៀតបៀនផ្លូវភេទ និងផ្តល់អនុសាសន៍ដល់តុលាការ។
 
Volha Harbunova  បេឡារុស
 
Volha Harbunova ជាអ្នកការពារសិទ្ធិមនុស្សដែលបានតស៊ូមតិដើម្បីសិទ្ធិស្ត្រី កុមារ សហគមន៍ និងក្រុមងាយរងគ្រោះនៅបេឡារុស។ បន្ទាប់ពីការបោះឆ្នោតបេឡារុសនៅឆ្នាំ ២០២០ លោកស្រី Harbunova ត្រូវបានឃុំឃាំងក្រោយរៀបចំការហែក្បួនរបស់ស្ត្រីដ៏ធំមួយដើម្បីប្រឆាំងរដ្ឋាភិបាល។ នៅក្នុងពន្ធនាគារលោកស្រីបានទទួលរងការធ្វើទារុណកម្មផ្លូវចិត្តពីអាជ្ញាធរ និងការគំរាមកំហែងដល់ជីវិតសម្រាប់ការជួយស្ត្រីដែលត្រូវបានរំលោភបំពាន។ 
 
ក្រោយការដោះលែងវិញ លោកស្រីបាននិរទេសខ្លួនទៅលីទុយអានី និងបានចូលរួមជាមួយគណៈរដ្ឋមន្ត្រីរបស់ Sviatlana Tsikhanouskaya មេដឹកនាំនៃចលនាប្រជាធិបតេយ្យបេឡារុស។ ក្នុងនាមជាអ្នកតំណាងសម្រាប់កិច្ចការសង្គម លោកស្រីបានតស៊ូមតិសម្រាប់ការដោះលែងអ្នកទោសនយោបាយ និងផ្តល់ការគាំទ្រដល់អតីតអ្នកទោសនយោបាយ និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងលើកកម្ពស់ការគាំទ្រផ្នែកផ្លូវចិត្តដល់សហគមន៍បេឡារុសដែលកំពុងនិរទេសខ្លួន។ 
 
Ajna Jusić  បូស្ន៊ី 
 
Ajna Jusić ជាចិត្តវិទូមកពីបូស្នី ។ នៅឆ្នាំ២០១៨ លោកស្រីបានបង្កើតសមាគមកុមារភ្លេចសង្គ្រាម ដែលជាអង្គការដំបូងគេនៅតំបន់បាល់កង់ខាងលិច ដើម្បីតស៊ូមតិសម្រាប់ទិដ្ឋភាពសង្គម និងផ្លូវច្បាប់របស់កុមារដែលកើតពីការរំលោភក្នុងអំឡុងពេលសង្រ្គាម និងប្រឆាំងនឹងការមាក់ងាយសង្គម។ នៅឆ្នាំ ២០២៣ អង្គការរបស់លោកស្រីបានតស៊ូមតិដោយជោគជ័យសម្រាប់ការអនុម័តច្បាប់បែបនេះជាលើកដំបូងនៅក្នុងពិភពលោក ដែលផ្តល់សិទ្ធិពិសេសដល់កុមារដែលមានកំណើតតាមរយៈអំពើហឹង្សាផ្លូវភេទក្នុងសម័យសង្គ្រាម។ 
 
Myintzu Win មីយ៉ានម៉ា 
 
Myintzu Win ជាមេធាវីការពារក្តីឧក្រិដ្ឋជនជើងចាស់ និងជាអ្នកការពារសិទ្ធិរបស់សហគមន៍ជនងាយរងគ្រោះនៅមីយ៉ាន់ម៉ា។ លោកស្រីជាអ្នកតស៊ូមតិចំពោះស្ត្រី កុមារ ជនពិការ ជនពិការ និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដើម្បីការពារសិទ្ធអ្នកទាំងនោះ ដោយធានាការកាត់ក្តីយុត្តិធម៌។ 
 
រហូតមកដល់បច្ចុប្បន្ន លោកស្រី Win បានការពារអតិថិជនច្រើនជាង ៥០០នាក់។ លោកស្រី Win ជាប្រធានក្រុមជំនួយផ្នែកច្បាប់ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកច្បាប់ដល់និស្សិតក្នុងនាមជាមេធាវីដែលគាំទ្រ និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ជាសាធារណៈអំពីនីតិរដ្ឋនៅទូទាំងប្រទេស។
 
Martha Beatriz Roque Cabello គុយបា 
 
Martha Beatriz Roque Cabello ជាអ្នកប្រឆាំងនយោបាយគុយបា និងជាមេដឹកនាំឈានមុនផ្នែកសិទ្ធិមនុស្ស និងសេរីភាពសាសនានៅគុយបា អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។ ពីមុនលោកស្រីធ្លាប់បានបង្កើតហើយដឹកនាំអង្គការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យលេចធ្លោមួយចំនួន។
 
លោកស្រីធ្លាប់ជាប់ពន្ធាគារក្នុងឆ្នាំ២០០៣ ដែលតុលាការកាត់ទោសឱ្យជាប់គុក ២០ឆ្នាំ ក្រោយមកត្រូវបានដោះលែងដោយហេតុផលបញ្ហាសុខភាព។ បន្ទាប់ពីការដោះលែងលោកស្រី Roque បានបន្តតស៊ូមតិដើម្បីសិទ្ធិមនុស្ស ដោយរក្សាទំនាក់ទំនងជាមួយអ្នកទោសនយោបាយ ចងក្រងឯកសារសវនាការតុលាការក្លែងបន្លំ និងផ្តល់ជំនួយជាសម្ភារៈដល់សកម្មជន និងក្រុមគ្រួសាររបស់ពួកគេ។ 
 
Fatima Corozo អេក្វាឌ័រ
 
Fátima Corozo ជាអ្នកដឹកនាំសហគមន៍ និងអ្នកតស៊ូមតិយុវជននៅទីក្រុង Esmeraldas ដែលជាទីក្រុងកើតមានអំពើហិង្សាបំផុតរបស់អេក្វាឌ័រ។ អស់ជាច្រើនទស្សវត្សរ៍ក្នុងនាមជាអ្នកអប់រំ អ្នកតស៊ូមតិយុវជន និងជាប្រធានសមាគមសហគមន៍ លោកស្រី Corozo បានបន្តបញ្ចេញសំឡេងដើម្បីការពារយុវជន ព្រមទាំងបង្កើតបណ្តាញយុវជនរាប់ពាន់នាក់ដើម្បីណែនាំ អប់រំឲ្យយុវជននៅទីក្រុងមួយនេះឲ្យគេចឆ្ងាយពីអំពើហឹង្សា។ 
 
Fatou Baldeh ហ្កំប៊ី
 
លោកស្រី Baldeh ជាអ្នកចងក្រងឯកសារបទពិសោធន៍របស់ស្ត្រីក្នុងអំឡុងពេលរបបផ្តាច់ការ Jammeh រួមទាំងឃាតកម្ម ការចាប់រំលោភ ពលកម្មដោយបង្ខំ និងបរបាញ់សម្លាប់ សុទ្ធសឹងជាកន្លែងដែលជនរងគ្រោះត្រូវបានធ្វើទារុណកម្មក្នុងការផ្តល់ចម្លើយសារភាពមិនពិត។ តាមរយៈអង្គការ Women in Liberation and Leadership (WILL) លោកស្រី បានតស៊ូអប់រំនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនជាច្រើនអំពីសិទ្ធិមនុស្ស និងគ្រោះថ្នាក់នៃកាត់ប្រដាប់ភេទអំឡុងឆ្នាំ២០១៥នៅហ្កំប៊ី បើទោះបីមានហាមឃាត់ពីអាជ្ញាធរ។ 
 
Fariba Balouch អ៊ីរ៉ង់
 
Fariba Balouch ជាសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ លោកស្រីជាសមាជិកនៃក្រុមជនជាតិភាគតិច Baluchi របស់អ៊ីរ៉ង់។ តំបន់ Sistan និង Baluchistan នៅអ៊ីរ៉ង់តែងតែរងផលប៉ះពាល់ដោយអំពើហិង្សា ការប្រហារជីវិត និងការរើសអើងជាប្រព័ន្ធ។ លោកស្រីបានខិតខំប្រឹងប្រែងច្រើនជុំវិញរឿងសង្គមទាំងនេះ ទោះបីជាអាជ្ញាធរអ៊ីរ៉ង់បានគំរាមកំហែងអាយុជីវិតក្រុមគ្រួសារលោកស្រីនៅអ៊ីរ៉ង់ក្តី។ បច្ចុប្បន្ន លោកស្រី Balouch បន្តតស៊ូមតិដើម្បីសិទ្ធិស្ត្រីអ៊ីរ៉ង់ ដោយយកចិត្តទុកដាក់ចំពោះយេនឌ័រ ជាតិសាសន៍ និងការរើសអើងតាមនិកាយនៅអ៊ីរ៉ង់។
 
Rina Gonoi ជប៉ុន
 
នៅអាយុ ១១ឆ្នាំ Rina Gonoi និងគ្រួសាររបស់លោកស្រីជាជនរងគ្រោះនៃគ្រោះមហន្តរាយចំនួន៣ដងនៅជប៉ុន ហើយត្រូវបានស្ត្រីជាមន្រ្តីកងកម្លាំងស្វ័យការពារជប៉ុនម្នាក់ (JSDF) ជួយជម្លៀសចេញពីគ្រោះថ្នាក់។ លោកស្រី Gonoi បានដើរតាមគន្លងរបស់មន្រ្តីម្នាក់នោះ ហើយបានចូលរួមជាមួយ JSDF នៅឆ្នាំ២០២០។ បើទោះបីជាក្តីសុបិនរបស់លោកស្រីក៏ពិតមែន ប៉ុន្តែ១៨ខែក្រោយមក Gonoi បានលាលែងពីអាជីពមួយនេះក្រោយពីស៊ូទ្រាំនឹងការបៀតបៀនផ្លូវភេទរយៈពេលវែង និងការរំលោភបំពានដោយសមាជិកនៅក្នុងអង្គភាព។
 
ក្រោយមកលោកស្រី Rina Gonoi បានបើកយុទ្ធនាការនិយាយពីការបៀតបៀនផ្លូវភេទជាសាធាណៈ និងស្រាយបំភ្លឺលើប្រធានបទហាមឃាត់ផ្សេងទៀតនៅក្នុងសង្គមប្រពៃណីជប៉ុន។ ភាពក្លាហានរបស់លោកស្រីបានជួយដល់មនុស្សរាប់រយនាក់ចេញមុខបកស្រាយពីការរំលោភបំពានរាប់មិនអស់ ដោយចេញមុខប្រាប់រឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកុំឱ្យរងទុក្ខដោយភាពស្ងៀមស្ងាត់តទៅទៀត។
 
Rabha El Haymar ម៉ារ៉ុក
 
Rabha El Haymar ជាស្ត្រីម៉ារ៉ុកដ៏ក្លាហានម្នាក់ដែលបានតស៊ូមតិនៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសដោយជោគជ័យ តាមរយៈការទាមទារឲ្យកំណែទម្រង់លេខកូដគ្រួសារឆ្នាំ ២០០៤ របស់ម៉ារ៉ុក ដើម្បីទទួលស្គាល់អាពាហ៍ពិពាហ៍ប្រពៃណីរបស់លោកស្រីក្នុងការជួយកូនរបស់ខ្លួនរួចផុតពីការរើសអើងដោយសារមិនមានឯកសារគ្រប់គ្រាន់។ រឿងរ៉ាវរបស់លោកស្រី Haymar ត្រូវបានផលិតករភាពយន្តជនជាតិអង់គ្លេស Deborah Perkin ថតជាភាពយន្តឯកសារដែលមានចំណងជើងថា «Bastards»។ 
 
ភាពយន្តនេះបានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងមហោស្រពភាពយន្តរបស់ម៉ារ៉ុកជុំវិញពិភពលោក។ Bastards បង្កើនការយល់ដឹងអំពីស្ថានភាពអំពីម្តាយរបស់កុមារដែលគ្មានឯកសារ។ ទោះបីជាតម្លៃកេរ្តិ៍ឈ្មោះត្រូវបានចែករំលែករឿងរបស់លោកស្រីជាសាធារណៈក៏ដោយ ក៏អ្នកស្រី Haymar យល់ថា ការធ្វើបែបនេះអាចលើកទឹកចិត្តស្ត្រីផ្សេងទៀត និងនាំទៅរកការផ្លាស់ប្តូរ។
 
Agather Atuhaire  អ៊ូហ្កង់ដា 
 
Agather Atuhaire ជាអ្នកសារព័ត៌មាន មេធាវី និងជាសកម្មជនយុត្តិធម៌សង្គមដ៏ល្បីល្បាញដែលតស៊ូមតិដើម្បីសិទ្ធិមនុស្ស គណនេយ្យភាពសង្គម និងនីតិរដ្ឋនៅអ៊ូហ្កង់ដា។ ការងារជាអ្នកសារព័ត៌មាន បានធ្វើឲ្យពិភពលោកបានឃើញពីអំណាចរបស់សភាមានការរំលោភអំណាច គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច សុខាភិបាល ការបៀតបៀនផ្លូវភេទក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល និងការរំលោភសិទ្ធិនិស្សិតជាដើម។ ការងាររបស់លោកស្រី Atuhaire ទទួលបានកេរ្តិ៍ឈ្មោះនិងគួរឱ្យទុកចិត្តលើបញ្ហាអភិបាលកិច្ច គណនេយ្យភាព និងយុត្តិធម៌សង្គមនៅក្នុងប្រទេសអ៊ូហ្កង់ដា។ 
 
គួរបញ្ជាក់ ក្រសួងការបរទេសអាម៉េរិកបានទទួលស្គាល់ស្ត្រីជាង ១៩០នាក់មកពី ៩០ប្រទេសជាមួយនឹងពានរង្វាន់ IWOC ចាប់តាំងពីឆ្នាំ២០០៧។ អ្នកទទួលបានពានរង្វាន់នេះ និងបានចូលរួមកម្មវិធីភាពជាអ្នកដឹកនាំភ្ញៀវទេសចរណ៍អន្តរជាតិ (IVLP)  និងកម្មវិធីបន្ថែមនៅទីក្រុង Los Angeles ជាពិសេសចូលរួមពិភាក្សាជាមួយសមភាគីអាម៉េរិកអំពីយុទ្ធសាស្ត្រ និងគំនិតដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រីជុំវិញពិភពលោក៕ 

Tag:
 ស្រ្តី
  ពានរង្វាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com