អន្តរជាតិ
លោក Forden សន្យាយកសិទ្ធិមនុស្សជាការងារស្នូល បើលោកត្រូវតែងតាំងជាទូតអាម៉េរិកនៅកម្ពុជា
08, Mar 2024 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
 
 
 
ធៀន ភារិន្ទ អន្តរជាតិ ជាតិ (អាម៉េរិក, កម្ពុជា)
 
លោកRobert Forden នៅថ្ងៃទី៧ ខែមីនា បានប្តេជ្ញាពង្រឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបពហុបក្ស ប្រសិនបើត្រូវបានសភាគាំទ្រជាអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ ទន្ទឹមនេះ លោក Forden ក៏បានបង្ហាញជំនឿផងដែរថា មេដឹកនាំជំនាន់ថ្មីរបស់កម្ពុជា នឹងផ្តល់ឱកាសក្នុងការកែលម្អមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិដូចជា និងការស្តារប្រជាធិបតេយ្យបែបពហុភាគី ការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកឡើងវិញជាដើម។ 
 
ក្នុងការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាម៉េរិក លោក Robert Forden បេក្ខជនអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានថ្លែងពីអាទិភាព និងកិច្ចការរបស់ខ្លួន មុនពេលមកបំពេញការងារនៅកម្ពុជា ដើម្បីជំនួសតំណែងលោក Patrick Murphy អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជានៅពេលខាងមុខ។ 
 
«ប្រសិនបើសភាគាំទ្របេក្ខភាពរបស់ខ្ញុំ ខ្ញុំនឹងពង្រឹងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបពហុបក្ស ជាការងារស្នូលរបស់ខ្ញុំ»។ លោក Forden បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៧ ខែមីនា។ 
 
ទន្ទឹមនេះ បេក្ខជនអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញក្តីជឿជាក់ថា មេដឹកនាំកម្ពុជាជំនាន់ថ្មី នឹងផ្តល់ឱកាស ក្នុងការកែលម្អជំហររបស់ខ្លួនលើឆាកអន្តរជាតិ។ បើតាមលោក Forden ការកែលម្អមុខមាត់កម្ពុជាលើឆាកអន្តរជាតិនោះមានដូចជា ការស្តារប្រជាធិបតេយ្យបែបពហុបក្ស, ការបញ្ឈប់ការកាត់ទោសមានលក្ខណៈនយោបាយ និងអនុញ្ញាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកនៅកម្ពុជាឡើងវិញជាដើម។ 
 
ស្របគ្នាដែរ លោក Forden បានបង្ហាញពីក្តីបារម្ភជាថ្មីពាក់ព័ន្ធនឹងមូលដ្ឋានទ័ពរាម ដែលចិនអាចនឹងប្រើប្រាស់នៅពេលខាងមុខ។ បើតាមមន្រ្តីរូបនេះ អាម៉េរិកនឹងបន្តគាំទ្រការការពារ និងថែរក្សាអធិបតេយ្យភាពកម្ពុជា។​ កន្លងមក កម្ពុជាការពាររួចហើយថា រដ្ឋធម្មនុញ្ញរបស់ប្រទេស មិនអនុញ្ញាតឱ្យទ័ពបរទេសតាំងមូលដ្ឋានឡើយ។ 
 
មិនតែប៉ុណ្ណោះ Forden បានសន្យាគាំទ្រប្រជាជនកម្ពុជា សម្រាប់ឯករាជ្យភាព, វិបុលភាព ដែលគោរពដល់គោលការណ៍ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងនីតិរដ្ឋ។ 
 
សូមបញ្ជាក់ថា លោក Forden កំពុងបំពេញការងារជាប្រឹក្សាជាន់ខ្ពស់នៅការិយាល័យកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៃក្រសួងការបរទេសអាម៉េរិក។ កន្លងមក លោកក៏ធ្លាប់បម្រើការងារជាភារធារីនៅចិនផងដែរ។
 
ក្រោយការផ្ដល់សក្ខីកម្ម ព្រឹទ្ធសភានឹងអនុម័តបេក្ខភាពរបស់លោក Forden មុនលោកប្រធានាធិបតី ចូ បៃឌិន តែងតាំងជាផ្លូវការ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com