RFI
អន្តរជាតិ
ឥណ្ឌាចាប់បណ្តាញ​ក្រុម​​ឆបោក​មនុស្ស​បញ្ចូនឲ្យ​រុស្ស៊ី​យកទៅ​ធ្វើ​សង្គ្រាម​នៅអ៊ុយក្រែន
09, Mar 2024 , 8:40 pm        
រូបភាព
ដោយ៖ហេង ឧត្តម/ខេមរភាសា
 
មនុស្ស​ជាច្រើន​នាក់ត្រូវ​នគបាល​ឥណ្ឌាចាប់​ខ្លួន​ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បណ្តាញ​ក្រុម​ឆបោកមនុស្ស។ ​គោល​ដៅ​របស់​ក្រុម​ជន​ឆបោកនេះ គឺ​បញ្ជូន​មនុស្ស​ឲ្យ​រុស្ស៊ី ដើម្បី​​យកទៅ​ធ្វើ​​សង្គ្រាម​នៅអ៊ុយក្រែន។ នេះ​បើតាមការ​បញ្ជាក់​របស់​​​ការិយាល័យ​ប៉ូលិស​ស៊ើប​អង្កេត​ឥណ្ឌា ដែល​ប្រកាស​ឲ្យដឹង ក្រោយ​ពីបាន​ចុះ​ឆែកឆេរ​ទីតាំងសង្ស័យ ចំនួន១៣កន្លែង នៅ​ក្រុង​ញូវ​ដេលី និង ក្រុងបុមបៃ​។ ព័ត៌មាន​បឋមពី​​​សមរភូមិ​អ៊ុយក្រែន ទាហានជនជាតិឥណ្ឌា យ៉ាងហោច​​​ម្នាក់ទៅ​ពីរនាក់ហើយ ​​បាន​ស្លាប់​បាត់បង់​ជីវិត។​

​ ​
នៅ​សមរភូមិ​អ៊ុយក្រែន មាន​ជនជាតិ​ឥណ្ឌា មិន​តិច​ជាង​ ៣៥ នាក់ឡើយ ដែល​កំពុងតែ​ធ្វើ​ទាហានក្នុង​ជួរ​កងទ័ពរុស្ស៊ី។ នេះបើតាម​ការ​ប៉ាន់ស្មាន​ចំនួន​ជាបឋ​ម​របស់ក្រសួង​ការ​បរទេស​​ឥណ្ឌា។  ​អ្នកនាំពាក្យ ក្រសួង​ការបរទេស​ឥណ្ឌា ​​ប្រកាស​ថា​មន្ត្រី​ទូត​ឥណ្ឌា​នឹង​សហ​ការ​​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​រក​ដំណោះស្រាយ​បញ្ចូន​ជនរងគ្រោះ​ត្រឡប់​ចូលស្រុក​វិញ។
 
ក្នុង​សប្តាហ៍​នេះ នគរបាល​ឥណ្ឌា បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាបទីតាង​សង្ស័យ ចំនួន​១៣កន្លែង នៅ​​ ក្រុង​ញូវដេលី និង ក្រុងបុមបៃ។ តាមរយៈ​ប្រតិបត្តិការនេះ នគរបាល​ឥណ្ឌា​ ​បាន​ចាប់​ឃាត់​ខ្លួន​​មនុស្ស​ជាច្រើន​នាក់ រួម​នឹង​វត្ថុតាំង​ជាសំណុំ​ឯកសារ​សន្ធឹក និងលុយ​សុទ្ធ ៥០លាន​រូពី ស្មើ​ប្រមាណជា​​ ៥៥ ម៉ឺន​អឺរ៉ូ។ ការិយាល័យ​ប៉ូលិស​ស៊ើប​អង្កេត​ឥណ្ឌា ​ប្រកាស​ឲ្យ​ដឹង​ដែរ​ពីឈ្មោះ​បុគ្គល ហ្វៃសាន់ ខាន់ ជា​ជន​សង្ស័យសំខាន់១​​ក្នុង​បណ្តាញ​ឆបោកមនុស្ស​ និង​បាន​បញ្ចូន​ជនជាតិ​ឥណ្ឌា ១៦នាក់ ទៅប្រទេស​​រុស្ស៊ី ក្នុង​ចន្លោះ​ខែ​វិច្ឆិកា និង​ធ្នូ ចុងឆ្នាំ២០២៣។
 
ជាការ​កត់​សម្គាល់ ប្រតិបត្តិការ​របស់ប៉ូលិស​​ឥណ្ឌាបង្ក្រាប​បណ្តាញ​ឆបោកមនុស្ស​នេះ​ ធ្វើឡើង​ក្រោយ​ពី​មាន​លេ​ច​ដំណឹងក្នុង​ខែ​កុម្ភៈ​ តាមរយៈ​​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំងអា​អេហ្វ​ប៉េ។

អាអេហ្វប៉េ​​បាន​សម្ភាស​ទាហាន​ឥណ្ឌាមួយ​ចំនួន ដែល​និយាយ​ថាចូលរួម​ច្បាំង​ខាង​រុស្ស៊ី ព្រោះតែត្រូវគេ​ល្បួង​សន្យា​ឲ្យ​​ប្រាក់​ខែច្រើន​ និង​លិខិត​ឆ្លង​ដែន​រុស្ស៊ី ទៀត​ផង​។ ក្នុង​វីដេអូ​ផ្សេងទៀតដែល​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឥណ្ឌា ជនជាតិ​​ឥណ្ឌា​ ៧ នាក់ ​​​រៀបរាប់​ថា​ បានទៅដល់​ប្រទេស​រុស្ស៊ីដោយសារ​ទិដ្ឋាការ​ទេសចរណ៍​ មិន​ទិដ្ឋាការ​ការងារ​ទេ​ ហើយក៏​​ស្រាប់​តែត្រូវ​​គេ​បញ្ជូន​ទាំង​បង្ខំ ទៅ​សមរភូមិ​ច្បាំង​នៅ​អ៊ុយក្រែន​តែម្តង។
 
ជុំវិញ​ការ​ឆបោកមនុស្ស​ឲ្យ​ចូល​ធ្វើទាហាន​ក្នុង​ជួរ​ទ័ពរុស្ស៊ី ដើម្បី​ទៅច្បាំង​​នៅអ៊ុយក្រែននេះ​ កាល​នៅថ្ងៃ​សុក្រ សារព័ត៌មានបរទេស តួយ៉ាង អាអេហ្វប៉េ និង រឺយទ័រ្ស  បាន​សុំ​ការបំភ្លឺ​ពីក្រសួង​ការបរទេស​រុស្ស៊ីដែរ​ តែគ្មាន​ចម្លើយ​តប​ទេ៕​

© រក្សាសិទ្ធិដោយ thmeythmey.com