ជាតិ
វីដេអូ
ទិវាអំណានជាតិ៖ អ្នកនិពន្ធ រំភើបចិត្ត ដែលឃើញយុវជនកាន់តែច្រើនស្រលាញ់ការអានសៀវភៅ
09, Mar 2024 , 9:10 pm        
រូបភាព
ភ្នំពេញ៖ ស្ដង់លក់សៀវភៅជាង ១០០ ត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាទិវាអំណានជាតិលើកទី៩។ សៀវភៅ ជាច្រើនប្រភេទ ត្រូវបានដាក់តម្រៀបត្រៀបត្រា ដែលអាចឱ្យអ្នកចូលរួមដើរទស្សនា និងជាវទៅតាមតម្រូវការ។ ថ្ងៃទីដំបូងនៃទិវាអំណានជាតិលើកទី៩ អ្នកចូលចិត្តអានសៀវភៅ ពិសេសយុវជន និស្សិតជាច្រើន បានមកគាំទ្រស្នាដៃសៀវភៅ របស់អ្នកនិពន្ធដែលខ្លួនស្រឡាញ់។ ស្របគ្នានេះ អ្នកនិពន្ធសៀវភៅ ក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត ក្រោយឃើញប្រិយមិត្តរបស់ខ្លួន បានគាំទ្រស្នាដៃរបស់ខ្លួន។ ការគាំទ្រនេះ ធ្វើឱ្យ ស្មេរ រឹតតែមានកម្លាំងចិត្តកាន់តែខ្លាំង ដែលឃើញយុវជនជាច្រើន ស្រលាញ់ការអាន ។

  
សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចទៅ៖

 

ក្រសួងអប់រំបានរៀបចំប្រារព្ធទិវាអំណានជាតិលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ " អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត" ។ ទិវានេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ គោលបំណងនៃកម្មវិធីនេះគឺ បណ្តុះទម្លាប់អាន លើកកម្ពស់សមត្ថភាព ការតែងនិពន្ធ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប។ ជាមួយគ្នានេះក៏ជាការលើកកម្ពស់គុណភាពនៃការអប់រំចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលដៅរួមចំណែកអភិវឌ្ឍធនធានមនុស្ស។
 
សូមបញ្ជាក់ផងដែរថាក្នុងទិវាអំណាននេះក៏មានការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន" ។ រួមជាមួយនឹងការប្រឡងប្រជែងបកស្រាយប្រធានបទ" តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ និងចរិយាធម៌"៕

Tag:
 ThmeyThmey
 ទិវាអំណានជាតិលើកទី៩
  អ្នកនិពន្ធសៀវភៅ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com