អន្តរជាតិ
តើស្រ្តីកាន់តួនាទីជាប្រមុខការពារជាតិមាននៅប្រទេសណាខ្លះ?
09, Mar 2024 , 9:40 pm        
រូបភាព
ការចូលរួមស្នើគ្នារវាងស្ត្រី និងបុរសជាកត្តាសំខាន់ក្នុងសន្តិសុខ និងស្ថិរភាពរបស់ប្រទេស ហើយការមិនរាប់បញ្ចូលស្ត្រីពីការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមអាចបង្កើនហានិភ័យនៃអស្ថិរភាព។ សមភាពយេនឌ័រមិនគ្រាន់តែអំពីការធ្វើអ្វីដែលត្រឹមត្រូវ ឬអំពីយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធាតុសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការព្យាករដ៏សំខាន់នៃស្ថិរភាព និងសន្តិសុខដែលអាចកែលម្អការងារលើការការពារជម្លោះ។

នៅលើសកលលោកនេះ​ ក៏កត់សម្គាល់ឃើញមានការចូលរួមរបស់ស្ត្រីក្នុងវិស័យការពារជាតិ ឬយោធាផងដែរដែលភាគច្រើនត្រូវបានគ្របដណ្ដប់ដោយបុរស។ យោងតាមការស្រាវជ្រាវសន្តិភាព និងសន្តិសុខផ្តល់នូវព័ស្តុតាងដ៏រ៉ឹងមាំដែលបង្ហាញថា ការពង្រឹងអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលប្រកបដោយសន្តិភាព និងស្ថិរភាព បន្ថែមទៀត។
 
ខាងក្រោមនេះ គឺជាការសង្ខេបខ្លីៗពីប្រវត្តិរូបរបស់រដ្ឋមន្ត្រីការពារជាតិស្ត្រីបច្ចុវប្បន្នមួយចំនួន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងសុខសន្តិភាព។
 
១. រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles
 
លោកស្រី Robles ត្រូវបានចូលកាន់តំណែងជាប្រមុខការពារជាតិអ៉េសស្បាញចាប់តាំងពីឆ្នាំ២០១៨មក ខណៈក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ លោកស្រីក៏បានបម្រើការ ជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសផងដែរ។ បញ្ចប់ការសិក្សាពីមុខជំនាញច្បាប់ និងនយោបាយ លោកស្រីRobles គឺជាស្ត្រី​ដំបូង​គេ​ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ​រដ្ឋបាល​ ជាស្ត្រីដំបូងដែលធ្លាប់ធ្វើជាប្រធានតុលាការ និងព្រមទាំងជាស្ត្រី​ដំបូង​គេ​ដែល​ឡើងដំណែង ដល់​តុលាការ​កំពូល​អេស្ប៉ាញផងដែរ។
 
២. រដ្ឋមន្ត្រីការពារជាតិស្វីស លោកស្រី Viola Amherd
 
ក្រោយបានបញ្ចប់ការសិក្សា​ច្បាប់​នៅសកលវិទ្យាល័យ Fribourg លោកស្រី Amherd បានក្លាយជាមេធាវីឯករាជ្យ និងសារការី ហើយបានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ១៩៩២ ជាសមាជិក​ក្រុម​ប្រឹក្សា​ក្រុងBrig-Glis ។ ចាប់ពីឆ្នាំ ២០០៥ លោកស្រីបានបម្រើការងារនៅក្នុង ក្រុមប្រឹក្សាជាតិដែលជាកន្លែងដែលលោកស្រីបានកាន់តំណែងជាអនុប្រធាននៃក្រុមសភា
សហព័ន្ធនៃបក្សប្រជាជនប្រជាធិបតេយ្យគ្រីស្ទាន(CVP) ពីឆ្នាំ២០១១។ លោកស្រីបានកាន់ តំណែងជាប្រមុខការពារជាតិពីឆ្នាំ ២០១៩។
 
៣. រដ្ឋមន្ត្រីការពារជាតិអូទ្រីសលោកស្រី Klaudia Tanner 
 
លោកស្រី Klaudia Tanner គឺជាអ្នកនយោបាយអូទ្រីសនៃបក្សប្រជាជន ដែលបានបម្រើការជា រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរដ្ឋាភិបាលអធិការបតីលោកSebastian Kurz ចាប់តាំងពីខែមករា ឆ្នាំ២០២០។ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ លោកស្រីបានធ្វើការជាអ្នកគ្រប់គ្រង ទូទៅនៃសមាគមកសិករនយោបាយអូទ្រីស។
 
៤. រដ្ឋមន្ត្រីការពារជាតិបែលហ្ស៊ិកលោកស្រី Ludivine Dedonder
 
លោកស្រី Dedonder​ បានបន្តការសិក្សាផ្នែកវិស្វកម្មគ្រប់គ្រងនៅសកលវិទ្យាល័យ Liège បន្ទាប់ពីការបោះឆ្នោតសហព័ន្ធឆ្នាំ២០១៩ លោកស្រីDedonder ត្រូវបានជ្រើសរើសជាសមាជិកសភា និងបានចូលរួមជាមួយសភាតំណាងរាស្រ្ត។ បន្ទាប់ពីនោះ លោកស្រីបានបន្ត ការវិនិយោគនៅក្នុងនយោបាយហើយបានក្លាយជាសហប្រធាននៃសហព័ន្ធសង្គមនិយម Wallonia Picardy។ ចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំ២០២០ លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយ​ក៏​ជា​ស្ត្រី​ទីមួយ​ដែល​កាន់​តំណែង​នេះផង​ដែរ។
 
៥. រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren
 
បញ្ចប់ការសិក្សាក្នុងផ្នែកប្រវត្តិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ លោកស្រី Ollongren ទទួលបាន មុខតំណែងផ្សេងៗនៅក្រសួងសេដ្ឋកិច្ច។ មុននឹងក្លាយជាប្រមុខការពារជាតិនៅក្នុងឆ្នាំ ២០២២ លោកស្រីមានតំណែងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ទំនាក់​ទំនងចាប់ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២។ 
 
ក្រៅពីនេះ ប្រទេសដែលមានរដ្ឋមន្ត្រី​ការពារជាតិជាស្ត្រីរួមមាន ណូវែលសេឡង់ ស៊ីលី សាធារណរដ្ឋឆែក ព័រទុយហ្កាល់ជាដើម៕

Tag:
 (ប្រមុខការពារជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com