កីឡាអន្តរជាតិ
អន្តរជាតិ
Mike Tyson នឹងផ្តួលតារាយូធូប​ Jake Paul លើសង្វៀនពិព័រណ៍ នៅខែកក្កដា
10, Mar 2024 , 8:30 am        
រូបភាព
អតីតកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson នឹងត្រូវសាកកណ្តាប់ដៃទល់តារាយូធូប (YouTuber) Jake Paul នៅលើសង្វៀនពិព័រណ៍ នាថ្ងៃទី២០​ ខែកក្កដា ក្នុងកីឡដ្ឋានដ៏ធំប្រចាំអាម៉េរិក​ AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់។ នេះបើតាមការប្រកាសរបស់របស់អ្នករៀបចំការប្រកួត នាថ្ងៃទី៧ ខែមីនា។

​Mike Tyson ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ទម្ងន់ធ្ងន់ដ៏ល្អបំផុតមួយរូប លើពិភពលោក កាលពីជំនាន់មុន។ ប៉ះអ្នកប្រដាល់វ័យ ២៧ឆ្នាំ ដែលមានកំណត់ត្រាឈ្នះ ៩លើកនិងចាញ់ ១ ព្រមទាំងធ្វើឱ្យដៃគូប្រកួតសន្លប់ ៦លើក​​ Tyson បង្ហាញក្តីរីករាយក្នុងការផ្តួល Jake Paul។
 
ខណៈខ្លួនមានវ័យ ៥៨ឆ្នាំ Tyson ដែលមានកំណត់ត្រា ៥៦ប្រកួត ឈ្នះ ៥០ប្រកួត ចាញ់ ៦ប្រកួត ជាមួយការផ្តួលដៃគូសន្លប់ ៤៤ដង ក្នុងប្រវត្តិសាស្ត្រ បង្ហាញក្តីសង្ឃឹមថាធ្វើបានល្អ នៅពេលឡើងប្រកួតប្រជែងលើសង្វៀនដែលមានកៅអីទស្សនាជាង ៨០,០០០កន្លែង។
 
អតីតអ្នកប្រដាល់ រហស្សនាមបុរសដែក បាននិយាយដូច្នេះ៖ «ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការឈានជើងចូលសង្វៀនជាមួយនឹង Jake Paul។ គេបានកើនកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងក្នុងនាមជាអ្នកប្រដាល់ប៉ុន្មានឆ្នាំមកនេះ​ ដូច្នេះពិតជារីករាយណាស់ក្នុងការមើល តើគេមានឆន្ទៈ និងមហិច្ឆតាយ៉ាងណា អាចធ្វើអ្វីបានជាមួយនឹងបទពិសោធន៍ និងសមត្ថភាពរបស់បុរសល្អអស្ចារ្យបំផុតគ្រប់ពេល (GOAT) បាននោះ។»។
 
ដោយឡែកសម្រាប់ Paul ចំពោះការប្រកួត គេបានចាត់ទុកថាជាការប្រកួតដ៏ធំនៅក្នុងអាជីពរបស់គេ ខណៈប្តេជ្ញាផ្តួលវីរបុរសប្រដាល់ដ៏ល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ និងជានិមិត្តរូបលើពិភពលោក។
 
«វាពិតជារឿងឆ្គួត ដែលគិតថាការប្រកួតលើកទីពីរកម្រិតអាជីពរបស់ខ្ញុំ បានផ្ទុះឡើងដោយការផ្តួលលើកីឡាករ Nate Robinson ស្ថិតក្រោមការបង្វឹករបស់ Mike Tyson។ ឥឡូវនេះ រយៈពេល តិចជាង ៤ឆ្នាំ ក្រោយមក ខ្ញុំបានឈានជើងឡើងប្រឈមមុខនឹង Tyson ដោយផ្ទាល់ ដើម្បីមើលថាតើខ្ញុំមានអ្វីដែលត្រូវការដើម្បីផ្តួលអ្នកប្រដាល់ដ៏ល្បីល្បាញបំផុត និងជានិមិត្តរូបដ៏ធំបំផុតរបស់វិស័យប្រដាល់លើពិភពលោកថែមទៀត។»។ នេះបើតាមសម្តីរបស់ Jake Paul ក្រោយការប្រកាសពីការប្រកួត៕

Tag:
 (Mike Tyson
  Jake Paul)
© រក្សាសិទ្ធិដោយ thmeythmey.com