សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ រំពឹងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០២៥
13, Mar 2024 , 8:59 am        
រូបភាព
ថៃរំពឹងនឹងបញ្ជប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) នៅឆ្នាំ២០២៥ ស្របពេលរដ្ឋាភិបាលកំពុងស្វះស្វែងទាក់ទាញពាណិជ្ជកម្ម និងវិនិយោគដើម្បីជំរុញសេដ្ឋកិច្ចប្រទេស។ នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១២ ខែមីនា បានបញ្ជាក់បែបនេះ។

 
ថៃ និងសហភាពអឺរ៉ុបបាន​យល់ព្រម​​ចាប់ផ្តើមការចរចាឡើងវិញនៅឆ្នាំ២០២៣ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ បន្ទាប់ពីមានភាពជាប់គាំងជិតមួយទសវត្សរ៍។  សហភាពអឺរ៉ុបបានបញ្ឈប់ការចរចានៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសថៃ។ 
 
លោក សេដ្ឋា ថាវីស៊ីវីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ថៃរំពឹងនឹងបញ្ជប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០២៥ ក្រោយជំនួបជាមួយប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលទស្សនកិច្ចបារាំងនៅថ្ងៃទី១២ ខែមីនា។ 
 
ថៃបាននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបមានតម្លៃ ២១,៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ ទំនិញដែលនាំចេញភាគច្រើនរួមមាន រថយន្ត គ្រឿងអលង្ការ គ្រៀងអគ្គិសនី ។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី៤ របស់ថៃ។ នេះបើតាមកាសែត Bangkok Post។ 
 
បច្ចុប្បន្ន​ថៃ​មានកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៤ ជាមួយ​ប្រទេស​ចំនួន ១៨ រួម​ទាំង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP ) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ដើម​ឆ្នាំ​២០២២។ 
 
ទន្ទឹមនេះ នៅក្នុងដំណើរទស្សនកិច្ចនៅបារាំងពីថ្ងៃទី៧-១២ ខែមីនា លោក សេដ្ឋា បានអះអាងថា លោក ម៉ាក្រុង បានគាំទ្រសំណើរបស់ថៃសម្រាប់ការលើកលែងទិដ្ឋាការពីសមាជិកនៃរដ្ឋ Schengen នៅក្នុងតំបន់អឺរ៉ុបដែលអាចនឹងត្រូវបានពិចារណាចាប់ពីខែមិថុនា ដោយរំពឹងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
 
ថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃបាននិយាយថា រដ្ឋាភិបាលគ្រោងទាក់ទាញភ្ញៀវទេសចរឲ្យបានជាង ៨,៥លាននាក់នៅឆ្នាំនេះ ដែលរំពឹងបានទឹកប្រាក់ប្រមាណ ៦៦៤ពាន់លានបាត ( ១៨,៦៨ពាន់លានដុល្លារ)​៕ 

Tag:
 ថៃ
  ពាណិជ្ជកម្មសេរី
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com