អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរីបានបង្ហាញក្ដីបាម្ភចំពោះការថយចុះចំនួនដើមសំរង ក្នុងភូមិសាស្រ្តឧទ្យានជាតិវីរៈជ័យ ព្រោះពលរដ្ឋប្រមូលផលដោយការកាប់រំលំដើម ឬដុតគល់។ ករណីនេះ រដ្ឋបាលស្រុកតាវែង បានដាក់ចេញវិធានការហាមឃាត់ការប្រមូលទិញផ្លែសំរងខ្ចីមិនទាន់ទុំដែលនាំឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ដើមសំរង។
នៅក្នុងសេចក្ដីណែនាំស្ដីពី «ការប្រមូលផល និងការនាំចេញផ្លែសំរងក្នុងភូមិសាស្ត្រស្រុកតាវែង»នៅថ្ងៃទី៩ ខែមីនា លោក សូ វណ្ណធិន អភិបាលស្រុកតាវែង បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ដើមសំរងបានផ្ដល់ផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលដែលប្រមូលបានមិនដូចគ្នានោះទេ ដោយឆ្នាំខ្លះបានច្រើន និងឆ្នាំខ្លះបានបន្តិចបន្តួចប៉ុណ្ណោះ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ ដោយមានពលរដ្ឋជាច្រើន បាននាំគ្នាទៅប្រមូលផលផ្លែសំរង នៅក្នុងព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិវីរៈជ័យ ដើម្បីទៅលក់ឲ្យឈ្មួញកណ្តាល។
សំរង ស្ថិតក្នុងប្រភេទរុក្ខជាតិកម្រ ហើយផ្លែរបស់វាលក់បានតម្លៃថ្លៃបំផុតនៅលើទីផ្សារ។ ផ្លែរុក្ខជាតិនេះ អាចធ្វើឱសថព្យាបាលជម្ងឺ កែឆ្នៃជាម្ហូបអាហារ និងនំចំណី ជាដើម។
លោក សូ វណ្ណធិន បានបញ្ជាក់ថា សំរងផ្ដល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋក្នុងសហគមន៍តែផ្ទុយទៅវិញ ពលរដ្ឋបានប្រមូលផលផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ចងខ្សែរឹតគល់
ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង។ ទន្ទឹមនេះ ឈ្មួញកណ្ដាលដែលទទួលទិញផ្លែសំរងខ្ចីពីពលរដ្ឋក៏ជាកត្តាជម្រុញឲ្យមានការកាប់បំផ្លាញដើមសំរងផងដែរ។ បញ្ហានេះបណ្តាលឲ្យចំនួនដើមសំរងថយចុះជារៀងរាល់ឆ្នាំ។
ផ្លែសំរង ដែលពលរដ្ឋប្រមូលពីព្រៃ។ រូបភាព៖ មន្ទីរបរិស្ថានខេត្តរតនគរី
លោក ថ្លែងដូច្នេះថា៖« ផ្លែសំរង លក់បានថ្លៃ ដូច្នេះមានពលរដ្ឋមួយចំនួនបានប្រមូលផលផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ខ្សែរឹតគល់ ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង។ បញ្ហានេះ បណ្តាលឲ្យចំនួនដើមសំរងថយចុះពីមួយឆ្នាំទៅមួយឆាំ្ន»។ ដើម្បីថែរក្សាដើមសំរង និងការប្រមូលផលផ្លែរបស់វាប្រកបដោយនិរន្តរភាព រដ្ឋបាលស្រុកតាវែង បានដាក់ចេញវិធានការហាមឃាត់ រាល់ការប្រមូលផ្លែសំរងខ្ចី ឬមិនទាន់ទុំល្អ តាមរបៀបបំផ្លាញដើមគ្រប់រូបភាព។ ហាមយកឧបករណ៍បំផ្លាញដើមសំរង ដូចជា រណារយន្ត រណារដៃ ពូថៅ ចូលទៅក្នុងព្រៃសំរងនៃតំបន់ឧទ្យានជាតិវីរៈជ័យ ឬព្រៃសហគមន៍ និងហាមឃាត់ដាច់ខាតចំពោះថៅកែ ឬឈ្មួញកណ្ដាល ប្រមូលទិញផ្លែសំរងខ្ចី។
ដោយឡែក ចំពោះអ្នកដែលមានបំណងទិញផ្លែសំរង ដើម្បីចែកចាយបន្តត្រូវមកទំនាក់ទំនង រដ្ឋបាលស្រុកតាវែង ដើម្បីធានាមិនទិញសំរងខ្ចី ដែលជាកត្តាជំរុញការកាប់ដើម។
ក្នុងករណីរកឃើញអ្នកប្រព្រឹត្តល្មើសផ្ទុយពីការណែនាំ គណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកតាវែង និងស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។ រដ្ឋបាលស្រុកតាវែង ព្រមានដូច្នេះ។
សូមជម្រាបថា នៅចន្លោះខែកុម្ភៈ និងខែមេសា ជារដូវប្រមូលផ្លែសំរង ដែលដុះនៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង៕
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចុះផ្សព្វផ្សាយ និងហាមពលរដ្ឋមិនឱ្យប្រមូលផលផ្លែសំរងតាមវិធីរំលំដើម។ រូបភាព៖ ក្រសួងបរិស្ថាន