RFI
អន្តរជាតិ
UNHCR អំពាវនាវប្រមូលថវិកាឲ្យ​បាន​៨៥០លានដុល្លារ ជួយ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
14, Mar 2024 , 9:59 am        
រូបភាព
ដោយ៖ម៉ម ពិសី/RFI ខេមរាភាសា

ឧត្តមស្នងការដ្ឋាន​ទទួល​បន្ទុក​ជនភៀសខ្លួន បាន​ប្រកាសអំពាវនាវ ថាគេត្រូវការថវិកា ចំនួន៨៥០លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ​២០២៤នេះ។ បច្ចុប្បន្ននេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ១លាននាក់ កំពុងរស់នៅ​ក្នុងលក្ខខណ្ឌលំបាកវេទនាជាទីបំផុត និងគ្មានក្តីសង្ឃឹមថាអាចត្រលប់​ទៅភូមិស្រុក នៅឯភូមា​វិញឡើយ។

 
ផ្សាយពាណិជ្ជកម្មជំនួយពីសហគមន៍អន្តរជាតិ ជ្រោមជ្រែងដល់បង់ប្លាក្លាដែស និង​ក្រុមការងារអង្គការជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺមានសារៈសំខាន់ ជាងពេលណាៗទាំងអស់ សម្រាប់ពេលនេះ។ នៅក្នុងលិខិតប្រកាសរបស់ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR គឺក្នុងឆ្នាំ​២០២៤នេះ គេត្រូវការ​ប្រាក់ ចំនួន៨៥០​លានដុល្លារ​។ លិខិតបន្តថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងស្ថិតនៅ​ក្នុងស្ថានភាព​ទ័លច្រក គ្មានក្តីសង្ឃឹម ហើយរស់រំពឹងទាំងស្រុង ទៅលើជំនួយ​មនុស្សធម៌ នៅក្នុង​ជំរុំដែលមានមនុស្សកកណែន គ្មានសុវត្ថិភាព និងប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ទល់នឹង​គ្រោះមហន្តរាយធម្មជាតិ​។

ផែនការជំនួយ ដែលUNHCR បានដាក់បង្ហាញ​នៅថ្ងៃពុធទី​១៣មីនា គឺមានការចូលរួម​ពី​ដៃគូពាក់ព័ន្ធចំនួន​១១៧ ដែលក្នុងនោះជិតពាក់កណ្តាល គឺសុទ្ធសឹងជាសមាគម ឬអង្គការបង់ក្លាដែស។ ផែនការ​នេះ មានកម្មវត្ថុ​ផ្តល់ការទំនុកបម្រុងដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រម៉ាណ១លាននាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំ Cox’s Bazar ប្រទេសបង់ក្លាដែស និង​ជួយ​ដល់សហគមន៍​​ប្រជាជន​បង់ក្លាដែស ចំនួន​៣៤៦០០០នាក់ ដែលបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅតំបន់នោះ។
 
ថវិកាជំនួយ​ដែលប្រមូល​បាន នឹងត្រូវយកទៅចំណាយ ទិញចំណីអាហារ ទិញសម្ភារៈសាងសង់ជំរកស្នាក់នៅ និងចំណាយ​​លើ​វិស័យសុខភាព ​ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងជំរុំ ការអប់រំរៀនសូត្ររបស់កុមារ ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបបចិញ្ចឹមជីវិតផ្សេងៗទៀត។
 
គួរកត់សំគាល់់ថា ឆ្នាំនេះ អង្គការសហប្រជាជាតិ​ អំពាវនាវប្រមូលប្រាក់​ ទាបជាងឆ្នាំមុន។ កាលពីឆ្នាំ​២០២៣ ទឹកប្រាក់​​ដែល​គេចង់បាន​ មានទំហំ៨៧៦លានដុល្លារ​ តែដល់ជាក់ស្តែង ប្រមូលបានត្រឹមតែ​៤៤០លានដុល្លារតែប៉ុណ្ណោះ​។ គ្មានក្តីសង្ឃឹមច្រើនទេ ថាឆ្នាំ២០២៤ គេនឹងប្រមូលប្រាក់​បាន​គ្រប់ចំនួន៨៥០លានដុល្លារដូចការរំពឹងទុក​។​
 
សូមរំលឹកថា បង់ក្លាដែសបានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​ប្រមាណ​១លាននាក់ ដែលពួកគេបានរត់គេចពីការកាប់សម្លាប់​ បង្កឡើងដោយ​កងទ័ពរបបសិកភូមា នៅឆ្នាំ​២០១៧។ ការកកណែន គ្មានទាំងអនាម័យ គ្មានទាំងសន្តិសុខនៅក្នុងជំរុំ ជាមួយនឹងជីវភាពក្រីក្រតោកយ៉ាកផងនោះ​ បានបង្ខំឲ្យ​ជនរ៉ូហ៊ីងយ៉ា​ខ្លះ ផ្សងជីវិត​ជិះទូក​ទៅរកកន្លែងស្នាក់នៅផ្សេងទៀត នៅតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។
 
របបសិកភូមាដែលបានធ្វើរដ្ឋប្រហារនៅឆ្នាំ​២០២១ ត្រូវរងនូវការស៊ើបអង្កេត ពីសំណាក់អង្គការសហប្រជាជាតិ​ ទាក់ទិននឹងអំពើប្រល័យពូជសាសន៍ ធ្វើទៅលើជនជាតិរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាអ៊ីស្លាម​។ តែយ៉ាងណា ៣ឆ្នាំកន្លងមកនេះ ស្ថានការណ៍​រំលោភសិទ្ធិមនុស្សនៅភូមា កាន់តែធ្ងន់ធ្ងរទៅ។ លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បាន​ចាត់ទុក​ថា ស្ថានការណ៍​នៅភូមាគឺជា​សុបិនអាក្រក់​គ្មានថ្ងៃបញ្ចប់ ហើយ​ របបសិកភូមា គឺជារបបព្រៃផ្សៃឃោរឃៅ ក្នុងនិទណ្ឌភាព​យ៉ាង​ពេញទំហឹង៕

© រក្សាសិទ្ធិដោយ thmeythmey.com