អន្តរជាតិ
នយោបាយអន្តរជាតិ
លោកថាក់ស៊ីន បង្ហាញមុខជាសាធារណៈដំបូងក្រោយមានសេរីភាព អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយកូនស្រី និងកូនប្រសារទៅវត្ត Lak Mueang ។ រូបភាព ៖ AFP
× អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទៅបន់ស្រន់នៅវត្តឡាក់មឿងក្នុងទីក្រុងបាងកកនៅព្រឹកថ្ងៃទី១៤ ខែមីនា។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងលោកត្រូវបានដោះលែងពីពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ។
នៅថ្ងៃទី១៤ ខែមីនា លោក ថាក់ស៊ីន ជាមួយកូនស្រី Paetongtarn Shinawatra និងកូនប្រសារ Pitaka Suksawat បានធ្វើដំណើរទៅវត្តដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកក។ លោកបានបន់ស្រន់នៅក្នុងព្រះវិហារវត្តឡាក់មឿងនោះតាំងពីម៉ោង៥ទៀបភ្លឺ។
អតីតនាយករដ្ឋមន្ត្រីថៃ គ្រោងនឹងទៅទីក្រុងឈៀងម៉ៃភាគខាងជើងប្រទេសថៃនៅថ្ងៃបន្ទាប់ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិនៅទីនោះ។ ខេត្តឈៀងម៉ៃ ជាស្រុកកំណើតរបស់លោកថាក់ស៊ីន និងជាមូលដ្ឋានអំណាចនយោបាយដ៏រឹងមាំរបស់លោកផងដែរ។
នេះជាលើកទីមួយហើយដែលអតីតនាយករដ្ឋមន្ត្រីថៃបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីលោកត្រូវបានគេដោះលែងពីពន្ធនាគារកាលពីខែមុន។ ដំណើរទៅឈៀងម៉ៃក៏ជាលើកទីមួយដែរសម្រាប់លោក ថាក់ស៊ីន ក្រោយអាក់ខានមិនបានទីនោះអស់រយៈពេល១៧ឆ្នាំ។
លោក ថាក់ស៊ីន មានអាយុ ៧៤ ឆ្នាំ បានត្រឡប់មកស្រុកថៃវិញក្នុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួន ១៥ឆ្នាំ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទរំលោភអំណាច និងត្រូវបានលើកលែងទោសដោយមហាក្សត្រថៃឱ្យជាប់ពន្ធនាគារត្រឹម១ ឆ្នាំ។ ប៉ុន្មានម៉ោងបន្ទាប់ពីត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងទីក្រុងបាងកក លោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិស ដោយសារបញ្ហាសុខភាព។
អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានចេញពីមន្ទីរពេទ្យហើយបានត្រលប់មកផ្ទះវិញនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីនីតិវិធីដោះលែងដំបូងត្រូវបានបញ្ចប់។ រដ្ឋាភិបាលថៃបាននិយាយថា លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែងមុនពេលដោយសារអាយុ និងស្ថានភាពសុខភាពរបស់លោក។
ក្រុមសកម្មជនជាច្រើនដែលប្រឆាំងលោក ថាក់ស៊ីន បានចោទប្រកាន់ថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះមិនបានជាប់ពន្ធនាគារមួយថ្ងៃឡើយចាប់តាំងពីវិលចូលស្រុកវិញ។ នាយកដ្ឋានកែប្រែថៃធ្លាប់បានអះអាងថា លោក ថាក់ស៊ីន មានជំងឺធ្ងន់ធ្ងរ ដូច្នេះលោកអាចនឹងជួបគ្រោះថ្នាក់ប្រសិនបើបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com