ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញ«បង្កងកណ្ដូបរស់»ទៅចិនបានជាង២តោន នៅដើមឆ្នាំ២០២៤
× ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញ «បង្កងកណ្ដូប រស់»ជាង២តោន ទៅកាន់ទីផ្សារចិន តាមរយៈក្រុមហ៊ុន Cambodia TienitInternational Trading។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា។
លោក បានលើកឡើងថា ក្រោយសាកល្បងនាំចេញបង្កងកណ្ដូបរស់ទៅចិនចំនួន ៤៥ គីឡូក្រាមលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៣មក គឺកម្ពុជាបានបង្កើនការនាំចេញរបស់ ខ្លួនទៅចិនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅឆ្នាំ២០២៣ កម្ពុជាអាចនាំចេញ បង្កងកណ្ដូបរស់ ជាង១តោន។
ដោយឡែក រយៈពេល២ខែដើមឆ្នាំ២០២៤នេះវិញ កម្ពុជាសម្រេចបានការនាំចេញជលផលប្រភេទនេះប្រមាណ២១០០គីឡូក្រាមទៀត តាមរយៈក្រុមហ៊ុន Cambodia Tienit International Trading។ ក្រៅពីបង្កងកណ្ដូប កម្ពុជាក៏បាននាំចេញកំពិសបង្កកជិត៣០តោន និងអន្ទង់រស់ ២០០គីឡូក្រាមផងដែរ។
លោក ប្រាប់ដូច្នេះថា៖« ក្រោយពេលសាកល្បងនៅឆ្នាំ២០២៣រួច យើងបាននាំចេញបង្កងកណ្ដូបរស់នេះទៅកាន់ចិនប្រហែល១តោន។ ឥឡូវដើមឆ្នាំ២០២៤នេះ គឺបានជាង២តោនទៀត។ បើតាមទិន្ន័យមិនមែនមានតែបង្កងកណ្ដូបនោះទេ ដែលបាននាំចេញ គឺនៅមាន អន្ទង់រស់ និងកំពិសបង្កកទៀត»។
បង្កងកណ្ដូបរស់ ពេញនិយមសម្រាប់ធ្វើម្ហូបតាមភោជនីយដ្ឋាន នៅប្រទេសចិន។បង្កងទាំងនេះ ត្រូវជិះយន្តហោះ ដោយពាក់អុកស៊ីសែន ឆ្លងកាត់គយចិន ដើម្បីធានាថាពួកវានៅរស់ទាំងអស់ទើបអាចលក់បាន។
ដ្បិតការនាំចេញមានភាពស្មុគស្មាញ ប៉ុន្តែ លោក ឃឹម ហ្វីណង់ថា លទ្ធផលជោគជ័យបែបនេះនឹងក្លាយទៅជាមូលដ្ឋានស្តង់ដារដ៏ចាំបាច់ ដើម្បីនាំចេញផលិតផលជលផលប្រភេទនេះនិងប្រភេទផ្សេងៗទៀត នៅក្នុងបរិមាណច្រើនទៅកាន់ប្រទេសចិននាពេលអនាគត។
សូមជម្រាបថា កម្ពុជាទទួលបានកិច្ចព្រមព្រៀងលើពិធីសារការនាំចេញជលផលរស់ទៅកាន់ប្រទេសចិននៅចុងឆ្នាំ២០២៣។ ក្រោយទទួលបានពិធីសារ កម្ពុជាត្រូវបំពេញតាម លក្ខខណ្ឌមួយចំនួនដូចជាគោលការណ៍សុវត្ថិភាពអាហារ ការវេចខ្ចប់ និងបច្ចេកទេសនានាដើម្បីធ្វើយ៉ាងឱ្យបង្កងកណ្ដូបទាំងអស់ទៅដល់ចិន ហើយនៅរស់។ ដំណាក់កាលចុងក្រោយគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគយចិន៕
Tag:
បង្កងកណ្ដូប
ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com