សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃផ្ទះនៅចិនបន្តធ្លាក់ចុះ បើទោះមានវិធានការគាំទ្រពីរដ្ឋាភិបាល
15, Mar 2024 , 8:29 pm        
រូបភាព
ទិដ្ឋភាពនៃអគារលំនៅដ្ឋាននៅក្នុងទីក្រុង Hegang ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ រូបភាព ៖ AFP
ទិដ្ឋភាពនៃអគារលំនៅដ្ឋាននៅក្នុងទីក្រុង Hegang ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ រូបភាព ៖ AFP
តម្លៃផ្ទះនៅចិននៅតែធ្លាក់ចុះ ៨ខែជាប់គ្នារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគាំទ្រអត្រាការប្រាក់ និងបង្កើនប្រាក់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ។

 
តម្លៃផ្ទះថ្មីនៅចិនបា​នធ្លាក់ចុះ ០,៣ភាគរយនៅខែកុម្ភៈ បើធៀបនឹងខែមករាឆ្នាំ២០២៤ និងធ្លាក់ចុះ១,៤ភាគរយ​បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មាន Reuters ស្រង់ទិន្នន័យពីការិយាល័យស្ថិតិចិន (NBS)។ តួលេខនេះបង្ហាញថា វិបត្តិអចលនទ្រព្យនៅចិនកំពុងដាក់សម្ពាធដល់សេដ្ឋកិច្ច បើទោះបីជារដ្ឋាភិបាលបានចេញវិធានការគាំទ្រមួយចំនួន។
 
អ្នក​វិភាគ​និយាយ​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​ចិន​ធ្លាក់​ចុះ​នាពេលនេះ ដោយសារ​អតិថិជនបានចំណាយប្រាក់​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ។ លោក Zhang Dawei អ្នកវិភាគនៅក្រុមហ៊ុនអចលនទ្រព្យ Centaline បាននិយាយថា ៖« វានឹងត្រូវការពេលវេលាខ្លះទើបមានតម្រូវការ ជាពិសេសប្រាក់ចំណូល និងទំនុកចិត្តរបស់អតិថិជនលើអចលនទ្រព្យដើម្បីស្តារឡើងវិញ»។ លោក Zhang ជឿជាក់​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ធំៗ​នឹង​កើនឡើង​បន្តិច​ក្នុង​ខែមីនា​។
 
វិស័យអចលនទ្រព្យចិនបានធ្លាក់ចូលវិបត្តិចាប់តាំងពីឆ្នាំ២០២១។ ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់រដ្ឋាភិបាលនាពេលនោះ បានជំរុញឲ្យវិស័យអចលនទ្រព្យធ្លាក់ចូលក្នុងវិបត្តិដោយសារការរាំងស្ទះលំហូរសាច់ប្រាក់ងាយស្រួល។ មកទល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានជាប់បំណុលវ័ណ្ណក រួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា China Evergrande Group និង Country Garden ជាដើម។
 
អាជ្ញាធរ​ក្នុង​ប្រទេស​នេះ​មិន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សេដ្ឋកិច្ចជាក់លាក់ណាមួយ​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​អចលនទ្រព្យ​ទេ។ ផ្ទុយទៅវិញ ពួកគេបានត្រឹមចាត់វិធានការប្រុងប្រយ័ត្នដើម្បីធ្វើឲ្យវិស័យនេះរស់ឡើងវិញ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងមិនសូវមានប្រសិទ្ធភាពនោះទេ។
 
កាលពីខែមករា ចិនបានស្នើឱ្យធនាគារដែលគ្រប់គ្រងដោយរដ្ឋបង្កើនការផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យលំនៅដ្ឋាន។ ទីក្រុងធំៗដូចជា Shanghai និង Shenzhen ក៏បានបន្ធូរបន្ថយការរឹតបន្តឹងចំពោះអ្នកទិញផងដែរ។
 
«តម្លៃផ្ទះដែលថោក នឹងបង្កើតផលអវិជ្ជមានលើទ្រព្យសកម្ម ធ្វើឱ្យប្រជាជនមានអារម្មណ៍ថាក្រីក្រ និងកាត់បន្ថយការចំណាយ។ គោលនយោបាយកាត់បន្ថយអត្រាការប្រាក់ និងការផ្តល់ប្រាក់កម្ចីគឺស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែចិននៅតែត្រូវការគោលនយោបាយគាំទ្របន្ថែមទៀតដើម្បីស្តារទីផ្សារនេះឡើងវិញ» ។ លោក Lynn Son អ្នក​សេដ្ឋកិច្ច​នៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ ING ប្រាប់ Reuters នៅថ្ងៃទី១៥ ខែមីនា បែបនេះ។
 
នៅក្នុងរបាយការណ៍មួយដាក់ទៅកាន់សភាជាតិកាលពីដើមខែនេះ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសន្យាថា នឹងធ្វើឱ្យមានស្ថិរភាពអចលនទ្រព្យជាមួយនឹងគោលនយោបាយផ្តោតលើការគាំទ្រដើមទុនដល់វិស័យនេះ៕ 

Tag:
 ចិន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com