RFI
អន្តរជាតិ
ការសិក្សា៖ ព្រៃជីវចម្រុះសម្បូរបែប ធន់ខ្លាំងនឹងការប្រែប្រួលអាកាសធាតុ ព្រៃមានដើមឈើច្រើនប្រភេទ និងជីវចម្រុះខ្លាំង ជាព្រៃធន់ខ្លាំងនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ព្រៃមានដើមឈើច្រើនប្រភេទ និងជីវចម្រុះខ្លាំង ជាព្រៃធន់ខ្លាំងនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុហើយ អាចបំពេញតួនាទីជាអ្នកបឺតស្រូបកាបូនបានល្អទៀត។ នេះបើតាមការសិក្សាពីរចេញផ្សាយនៅថ្ងៃចន្ទទី ១៨មីនា២០២៤។ ការសិក្សាទីមួយជារបស់អ្នកស្រាវជ្រាវនៅបារាំងនិងអាល្លឺម៉ង់ ចេញផ្សាយនៅក្នុងទស្សនាវដ្តី Global Change Biology។ ឯទីពីរ ចេញផ្សាយនៅក្នុងទស្សនាវដ្តី PNAS ជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រឈរជើងនៅបារាំងនិងចិន។
នៅពេលណាព្រៃមានដើមឈើច្រើនប្រភេទដុះចម្រុះគ្នាខ្លាំង ព្រៃនោះអាចរក្សាប្រព័ន្ធអេកូសាស្ត្របានយ៉ាងល្អ ដោយបង្កើតឱ្យមានធាតុអាកាសពិសេសជារបស់ព្រៃផ្ទាល់តែម្តង និងមិនប្រែប្រួលទៅតាមការប្តូរផ្លាស់អាកាសធាតុទេ។ មានន័យថា ទោះបីអាកាសធាតុឡើងក្តៅខ្លាំងហួសហេតុក៏ដោយ ក៏សីតុណ្ហភាពនៅក្នុងព្រៃមានជីវចម្រុះខ្លាំងមិនសូវក្តៅ។ ផ្ទុយទៅវិញ នៅពេលមេឃចុះត្រជាក់ខ្លាំង សីតុណ្ហភាពក៏មិនសូវត្រជាក់ដែរនៅក្នុងព្រៃមានដើមឈើច្រើនប្រភេទ។ នេះបើតាមការពន្យល់របស់អ្នកស្រាវជ្រាវផ្នែកបរិស្ថាននៃវិទ្យាស្ថានស្រាវជ្រាវបារាំងលោក Stéphan Hättenschwiler ដែលចូលរួមក្នុងការសិក្សាទាំងពីរ។ ការសិក្សាទីមួយជារបស់អ្នកស្រាវជ្រាវនៅបារាំងនិងអាល្លឺម៉ង់ ចេញផ្សាយនៅក្នុងទស្សនាវដ្តី Global Change Biology។ ឯទីពីរ ចេញផ្សាយនៅក្នុងទស្សនាវដ្តី PNAS ជាការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅបារាំងនិងចិន។
តាមរយៈការសិក្សាដកពិសោធន៍ដោយផ្ទាល់នៅក្នុងព្រៃខុសៗគ្នាចំនួន៥កន្លែង ពីភាគខាងជើងដល់ភាគខាងត្បូងនៃប្រទេសចិន អ្នកស្រាវជ្រាវបានសម្គាល់ឃើញបន្ថែមទៀតថាព្រៃមានជីវចម្រុះច្រើន មានដើមឈើនិងរុក្ខជាតិច្រើនប្រភេទ ធន់ខ្លាំងនឹងការប្រែប្រួលអាកាសធាតុណាស់។ ហើយព្រៃនោះនៅបន្តធានាធ្វើបំប្លែងស្លឹកឈើជ្រុះ ស្លឹកឈើងាប់បាន និងកែច្នៃកាបូននិងអាហ្សូតបានយ៉ាងល្អ សូម្បីតែក្នុងរយៈពេលមានភាពរាំងស្ងួតខ្លាំង។ ការបំប្លែងធ្វើឱ្យស្លឹកឈើរលួយ ដែលជាដំណើរការដ៏ចាំបាច់សម្រាប់ទ្រទ្រង់ព្រៃ ត្រូវបានសម្រួលបន្ថែមដោយជីវចម្រុះរបស់ព្រៃផង និងដោយវត្តមានរបស់សត្វល្អិត តូចៗខ្លាំងចម្រុះច្រើនប្រភេទរស់ក្នុងដី។
តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ អ្នកនិពន្ធចង់បង្ហើបបង្ហាញឱ្យឃើញថាជីវចម្រុះជាជាគន្លឹះដ៏សំខាន់មួយក្នុងការពារថែរក្សាប្រព័ន្ធអេកូសាស្ត្រក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន។ សម្រាប់លោក Stéphan Hättenschwiler គេត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យព្រៃមានលក្ខណៈចម្រុះបំផុត។ មិនចាំបាច់អ្វីដែលត្រូវទៅលឿននិងដាំតែរុក្ខជាតិមួយប្រភេទ សម្រាប់ពង្រីកផ្ទៃព្រៃស្តុកកាបូនឱ្យធំឥតប្រយោជន៍ទេ។ ឥទ្ធិពលអវិជ្ជមាននៃភាពរាំងស្ងួតក្តៅហួតហែងខ្លាំង នឹងត្រូវលុបបំពេញ នៅពេលណាព្រៃមានលក្ខណៈចម្រុះខ្លាំង សម្បូរទៅដើមឈើប្លែកៗនិងពពួកសត្វល្អិតក្រោមដីច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com