RFI
អន្តរជាតិ
មិនត្រូវគ្នាជាមួយចិន ហ្វីលីពីនងាកទៅផ្តល់សន្ទុះការចរចាជាមួយអឺរ៉ុបស្តីពីការដោះដូរសេរី ឆ្មាំសមុទ្រហ្វីលីពីននៅចំពោះមុខការគំរាមកំហែងរបស់កប៉ាល់ល្បាតចិន នៅសមុទ្រចិនខាងត្បូង REUTERS
×
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
បន្ទាប់ពីអាក់ខានជិត៧ឆ្នាំ ដោយសារទំនាក់ទំនងមិនសូវរលូននឹងគ្នា នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ឌុយទែរតេ ហ្វីលីពីន និងសហភាពអឺរ៉ុបបានត្រលប់មកចាប់ផ្តល់សន្ទុះដល់ការចរចា ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងស្តីពីការដោះដូរសេរី របស់ភាគីទាំងពីរ។ ដំណឹងនេះត្រូវបានប្រកាសនៅក្នុងសន្និសីទកាសែតរួម នៅទីក្រុងព្រុចស៊ែល ជាទីដែលរដ្ឋមន្រ្តីពាណិជ្ជកម្មហ្វីលីពីនធ្វើទស្សនកិច្ចកាលពីថ្ងៃចន្ទទី១៨ មីនា។ ជម្លោះនៅសមុទ្រចិនខាងត្បូងបានរុញច្រានហ្វីលីពីនឲ្យឃ្លាតចាកឆ្ងាយពីចិន និងបោះដៃមកចាប់ប្រទេសនៅអឺរ៉ុប។
នៅទីក្រុងព្រុចស៊ែល សហភាពអឺរ៉ុប និងហ្វីលីពីនរំលឹករឿងចាស់ ដែលភាគីទាំងពីរបានចាប់ផ្តើមជាមួយគ្នា កាលពីឆ្នាំ ២០១៥។ នៅពេលនោះ ហ្វីលីពីនបានផ្តើមចរចាពីការដោះដូរសេរីជាមួយអឺរ៉ុប។ ប៉ុន្តែ ចរចាបានតែ២ឆ្នាំ ទំនាក់ទំនងហ្វីលីពីន និងសហភាពអឺរ៉ុបចាប់ល្អក់កករនឹងគ្នា ការចរចាទាំងឡាយត្រូវជាប់គាំង បន្ទាប់ពីហ្វីលីពីនស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ឌុយទែរតេ។ សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេ ដែលឈានទៅដល់ការបើកភ្លើងខៀវឲ្យមានការសម្លាប់មនុស្សក្រៅផ្លូវច្បាប់ បានធ្វើឲ្យហ្វីលីពីនរងការរិះគន់ ថ្កោលទោសពីសំណាក់ប្រទេសលោកខាងលិច។
ប៉ុន្តែ ហ្វីលីពីនសព្វថ្ងៃលែងស្ថិតក្រោមអំណាចដឹកនាំរបស់លោកឌុយទែរតេ ហើយក៏កំពុងមានទំនាក់ទំនងមិនសូវល្អជាមួយមហាអំណាចចិន ដោយសារតែជម្លោះនៅសមុទ្រចិនខាងត្បូង។ ដូច្នេះ ហ្វីលីពីនត្រូវការចាប់ដៃគូជាមួយប្រទេសផ្សេង ដែលរាប់ទាំងសហភាពអឺរ៉ុបផង ដើម្បីធានាសន្តិសុខសេដ្ឋកិច្ចផ្ទាល់ខ្លួន។
នៅថ្ងៃចន្ទ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន លោក Alfredo E.Pascual បានធ្វើដំណើរទៅទីក្រុងព្រុចស៊ែល ដើម្បីចាប់ផ្តើមផ្តល់សន្ទុះសាជាថ្មីដល់ការចរចាស្តីពីការដោះដូរសេរី ហ្វីលីពីន អឺរ៉ុប។ ថ្លែងនៅចំពោះមុខសមភាគីអឺរ៉ុប រដ្ឋមន្រ្តីហ្វីលីពីននិយាយថា អនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចហ្វីលីពីន និងអឺរ៉ុបសំខាន់ណាស់សម្រាប់ភាគីទាំងពីរ។
ទោះមិនទាន់ចុះកិច្ចព្រមព្រៀងស្តីពីការដោះដូរសេរីនឹងគ្នា ប៉ុន្តែ សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មទី៥របស់ហ្វីលីពីន។ ការដោះដូរទំនិញរវាងភាគីទាំងពីរមានទំហំទឹកប្រាក់ ១៨,៤ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២២។
នៅមុនសហភាពអឺរ៉ុប ហ្វីលីពីនធ្លាប់បានចុះកិច្ចព្រមព្រៀងដោះដូរសេរីជាមួយអូស្ត្រាលី និងជាពិសេស សម្ព័ន្ធមិត្តអាមេរិក ដែលចិនចោទថា កំពុងយកហ្វីលីពីនជាកូនអុករបស់ខ្លួនសម្រាប់តទល់ជាមួយចិន។
មានប្រជាជន១១៥លាននាក់ និងមានផលិតផលក្នុងស្រុកសរុប ៣៧០ពាន់លានអឺរ៉ូ ហ្វីលីពីនជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេដ្ឋកិច្ចល្អប្រសើរទី៥នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០។ បើតាមព្យាករ កំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីននឹងកើនឡើងដល់ ៥,៩%នៅឆ្នាំ ២០២៤នេះ។ ជាប្រទេសសំបូរដោយកូនកោះតូចធំ រាប់ពាន់ ហ្វីលីពីនសំបូរធនធានធម្មជាតិ ដូចជានីកែល ស្ពាន់ ដែលគ្រប់គ្នាកំពុងគួចប៉ង ត្រូវការចង់បានសម្រាប់ឧស្សាហកម្មថាមពលបៃតង៕
© រក្សាសិទ្ធិដោយ thmeythmey.com