ដោយ លោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកអ្នកស្រលាញ់ភេទដូចគ្នា
អស់រយៈពេល៥០ឆ្នាំមកហើយ យើងសង្កេតឃើញមានចលនាមួយនៃការទទួលស្គាល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ឬហៅកាត់ថា LGBT+។ ក្នុងអំឡុងនេះ ប្រទេសចំនួន១០០បានសម្រេចឈប់ដាក់ទោសទណ្ឌលើការស្រលាញ់ភេទដូចគ្នា។ ក្នុងចំណោមប្រទេសចំនួន១/៣នៅលើសាកលលោក ច្បាប់ និងគោលនយោបាយសាធារណៈត្រូវបានអនុម័ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើង ក៏ដូចជាអំពើហិង្សាចំពោះអ្នកអ្នកស្រលាញ់ភេទដូចគ្នា ឬដើម្បីផ្តល់ឲ្យពួកគេនូវសមភាពពេញលេញ រួមទាំងសិទ្ធិរៀបចំគ្រួសារផងដែរ។ នេះមិនមែនជាការបង្កើតសិទ្ធិថ្មីៗដោយឡែកនោះទេ ប៉ុន្តែវាគឺជាការធ្វើឱ្យមនុស្សគ្រប់គ្នា រួមទាំងអ្នក LGBT+ ផង ទទួលបានសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិទទួលបានជីវិតឯកជន និងសិទ្ធិមិនត្រូវបានគេរើសអើង។
ទោះបីជាយ៉ាងក៏ដោយ អ្នកស្រលាញ់ភេទដូចគ្នាបន្តប្រឈមនឹងអយុត្តិធម៌ជាច្រើន។ ពុំមានសង្គមណាមួយអាចយកជ័យជម្នះលើការស្អប់អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្តូរភេទនោះបានឡើយ។ ប្រទេសជាង៦០នៅបន្តដាក់ទោសអ្នកស្រលាញ់ភេទដូចគ្នា។ ប្រទេសទាំងនោះបញ្ជូនបុរសស្រលាញ់ភេទដូចគ្នា ស្រ្តីស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ ទៅដាក់ពន្ធនាគារ តម្រូវឱ្យបង់ប្រាក់ពិន័យ ធ្វើការងារដោយបង្ខំ ឬដាក់ទណ្ឌកម្មលើរាងកាយ។ ប្រទេសចំនួន១១ថែមទាំងបានចែងអំពីទោសប្រហារជីវិតថែមទៀតផង។ ប្រទេសប្រមាណជា៦០ទៀតមិនដាក់ទោសទណ្ឌចំពោះការស្រលាញ់ភេទដូចគ្នាទេ ប៉ុន្តែប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ ប្រទេសទាំងនោះរិតត្បឹតសិទ្ធិសេរីភាពរបស់ពួកគេក្នុងការនិយាយស្តី ប្រមូលផ្តុំ និងជួបជុំគ្នា។ទោះជាគ្មានការហាមប្រាមក្តី ប្រទេសខ្លះខិតខំលាក់បាំងមិនឱ្យមាននរណាឃើញអ្នកស្រលាញ់ភេទដូចគ្នាឡើយ។
នៅឆ្នាំ១៩៨២ ប្រទេសបារាំងបានលុបបំបាត់ទាំងស្រុងការដាក់ទោសចំពោះការស្រលាញ់ភេទដូចគ្នា។ បីឆ្នាំក្រោយមក បារាំងបានបង្កើតច្បាប់ដើម្បីការពារប្រឆាំងនឹងការរើសអើងមនុស្សដោយសារតែចំណង់ចំណូលចិត្តផ្លូវភេទ។ នៅឆ្នាំ២០១៦ ការការពារនេះបានគ្របដណ្តប់ទៅដល់អត្តសញ្ញាណភេទ។ ចាប់ពីឆ្នាំ២០០៤ ប្រទេសបារាំងដាក់ទោសចំពោះការជេរប្រទេចកើតចេញពីការស្អប់អ្នកស្រលាញ់ភេទដូចគ្នា។ ប្រទេសនេះបានទទួលស្គាល់តាមផ្លូវច្បាប់ចំពោះការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នានៅឆ្នាំ១៩៩៩ បន្ទាប់មកទទួលស្គាល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងលទ្ធភាពទទួលបានបុត្តភាពនៅឆ្នាំ២០១៣។ ចាប់ពីឆ្នាំ២០១៦ នីតិវិធីនៃការផ្លាស់ប្តូរអត្រានុកូលដ្ឋានសម្រាប់មនុស្សប្តូរភេទលែងតម្រូវឱ្យមានការវះកាត់ផ្នែកវេជ្ជសាស្រ្តទៀតហើយ។ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសបារាំងបានហាមឃាត់ការវះកាត់ប្តូរភេទ បើកសិទ្ធិឱ្យស្រី្តស្រលាញ់ភេទដូចគ្នាទទួលបានការបង្កកំណើតដោយមានជំនួយផ្នែកវេជ្ជសាស្រ្ត និងបានផ្តល់ឱ្យដៃគូដែលមានភេទដូចគ្នា និងផ្សារភ្ជាប់គ្នាដោយចំណង PACS (ការរស់នៅជាមួយគ្នាតាមច្បាប់ដោយមិនរៀបអាពាហ៍ពិពាហ៍) មានលទ្ធភាពទទួលបានបុត្តភាព។
Portrait JM Berthon
ដើម្បីប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា ដែលនៅតែកើតមាននាពេលបច្ចុប្បន្ន ប្រទេសបារាំងបានបង្កើតយន្តការពីរ។ ទីមួយគឺគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងការប្រកាន់ពូជសាសន៍ ការស្អប់ជនជាតិជ្វីហ្វ និងការស្អប់អ្នកស្រលាញ់ភេទដូចគ្នា។ គណៈកម្មការនេះស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីទទួលបន្ទុកសមភាព ហើយមានភារកិច្ចធ្វើការសម្របសម្រួលសកម្មភាពក្រសួងនានា ព្រមទាំងរៀបចំកិច្ចសន្ទនាជាមួយតួអង្គសង្គមស៊ីវិល។ យន្តការទី២គឺផែនការច្រើនឆ្នាំក្នុងការប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា។ ផែនការសកម្មភាពនេះត្រូវបានលើកទៅពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល។ ផែនការនេះកំណត់គោលដៅ វិធានការដែលត្រូវអនុវត្ត និងកាលវិភាគតាមដានសមិទ្ធផល។
ផែនការខាងលើគឺជាកម្មវត្ថុនៃការវាយតម្លៃប្រចំាឆ្នាំ។ ក្នុងចំណោមវិធានការនានា ក៏មានសកម្មភាពបណ្តុះបណ្តាលមន្ត្រីសាធារណៈក្នុងការប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា (ជាក់ស្តែង នគរបាល និងអាវុធហត្ថ១០០%ត្រូវទទួលការបណ្តុះបណ្តាល) យុទ្ធនាការ ផ្សព្វផ្សាយដល់សាធារណជន និងការតែងតាំងមន្ត្រីទំនាក់ទំនងនៅតាមបណ្តាស្ថាប័ននានា។
នៅខែតុលា ឆ្នាំ២០២២ លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានតែងតាំងរូបខ្ញុំជាឯកអគ្គរដ្ឋទូតទទួលបន្ទុកការលើកកម្ពស់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ បេសកកម្មរបស់ខ្ញុំ គឺផ្សព្វផ្សាយគោលជំហរ និងសកម្មភាពរបស់ប្រទេសបារាំងពាក់ព័ន្ធនឹងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយមានការគាំទ្រពីបណ្តាញការទូតបារាំងទាំងមូល។ អាទិភាពមួយរបស់ខ្ញុំ គឺលើកទឹកចិត្តឱ្យរដ្ឋនានាទម្លាក់ចោលការដាក់ទោសទណ្ឌលើអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងធានានូវការគោរពពេញលេញចំពោះសិទ្ធិទាំងអស់របស់ពួកគេ និងដាក់ចេញគោលនយោបាយពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា។ សារនេះត្រូវបានជម្រាបជូនរដ្ឋាភិបាលនានាដោយផ្ទាល់ ក៏ដូចជាផ្សព្វផ្សាយនៅក្នុងស្ថាប័នអឺរ៉ុប និងអន្តរជាតិផ្សេងៗ។ ខ្ញុំធ្វើការជាពិសេសជាមួយតួអង្គសង្គមស៊ីវិល ដែលស្ថិតនៅជួរមុខ ហើយជាញឹកញាប់ធ្វើការក្នុងស្ថានភាពលំបាក។
កាលពីខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានបង្កើតមូលនិធិគាំទ្រមួយដែលមានទឹកប្រាក់២លានអឺរ៉ូ សម្រាប់ឲ្យស្ថានទូតបារាំងរបស់យើងប្រើប្រាស់ដើម្បីគាំទ្រដល់អ្នកការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ជារៀងរាល់ថ្ងៃ និងនៅទូទាំងពិភពលោក។
ខ្ញុំមកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនានេះ បន្ទាប់ពីការធ្វើដំណើរទៅប្រទេសថៃ។ នេះជាបេសកកម្មដំបូងរបស់ខ្ញុំនៅអាស៊ី ដែលជាតំបន់អាទិភាពសម្រាប់គោលនយោបាយការបរទេសរបស់បារាំង។ កត្តាជាច្រើនបានជំរុញឲ្យខ្ញុំជ្រើសយកកម្ពុជា និងថៃ ជាពិសេសគឺទំនាក់ទំនងយ៉ាងស្អិតរមួតរវាងប្រជាពលរដ្ឋបារាំង និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរនេះ។ ប្រទេសបារាំងជឿជាក់ថា ការការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា គឺជាយន្តការដ៏មានឥទ្ធិពលមួយសម្រាប់ការខិតជិតគ្នារវាងប្រជាជនរបស់យើង។ សម្រាប់ខ្ញុំ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយដើម្បីជួបពិភាក្សាជាមួយសមាគមកម្ពុជានានា ដែលតស៊ូលើកកម្ពស់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅពីនេះ ខ្ញុំក៏មានគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនយោបាយនានារបស់កម្ពុជាផងដែរ។
សង្គមកម្ពុជាបានបង្ហាញពីភាពធន់ ការបើកចំហ និងសមត្ថភាពរបស់ខ្លួនក្នុងការទទួលយកភាពចម្រុះ។ ប៉ុន្តែកម្ពុជាអាចធ្វើបានច្រើនជាងនេះទៀត ដោយហេតុថា ប្រទេសនេះមិនទាន់មានច្បាប់ណាមួយសម្រាប់ការពារដល់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ។ ជាច្រើនឆ្នាំមកនេះ មានការសន្ទនាថ្មីមួយរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលលើប្រធានបទនេះ។ បច្ចុប្បន្ន បញ្ហាស្រឡាញ់ភេទដូចគ្នាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាអំពីសុខភាពផ្លូវភេទ ហើយយុទ្ធសាស្រ្តជាច្រើនត្រូវបានដាក់ចេញ ដើម្បីការពារ និងផ្តល់ព័ត៌មានដល់អ្នកស្រឡាញ់ភេទដូចគ្នា។ នេះជាការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាទិសដៅមួយដែលយើងចង់គាំទ្រ៕
លោក Jean-Marc Berthon ស្ថិតក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ