អន្តរជាតិ
ហុងកុងអនុម័តច្បាប់សន្តិសុខជាតិដែលកាន់តែរឹតបន្តឹងសំឡេងប្រឆាំងក្នុងទីក្រុង លោក ចន លី ប្រមុខហុងកុង នៅថ្ងៃទី១៩ ខែមីនា។ រូបភាព AFP
× សភាហុងកុង បានអនុម័តជាឯកច្ឆ័ន្ទសម្រាប់ច្បាប់សន្តិសុខជាតិ នៅថ្ងៃទី១៩ ខែមីនា ដោយអាចដាក់ទណ្ឌកម្មលើជនល្មើសក្នុងពន្ធនាគាររហូតដល់មួយជីវិត។ ច្បាប់សន្តិសុខជាតិនេះ បានរឹតត្បិតលើបទល្មើសទាក់ទងនឹងក្បត់ជាតិ ការបះបោរ បទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ចារកិច្ច និងការជ្រៀតជ្រែកពីខាងក្រៅ។
សមាជិកសភាទាំង៨៩នាក់ដែលមានវត្តមានរួមទាំងប្រធានសភា បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់សន្ដិសុខថ្មី។ សភាដែលធ្លាប់មានការគាំទ្រប្រជាធិបតេយ្យខ្លាំងត្រូវ បានផ្លាស់ប្តូរឡើងវិញនៅឆ្នាំ២០២១ ដើម្បីធានាថាមានតែអ្នកស្នេហាជាតិរបស់ចិនប៉ុណ្ណោះ ដែលអាចឈរឈ្មោះជាសាធារណៈបាន។
«ថ្ងៃនេះជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ហុងកុង»។ ប្រមុខក្រុងហុងកុង លោក ចន លី បាននិយាយបន្ទាប់ពីការបោះឆ្នោតដោយសភា ហើយបន្ថែមថាច្បាប់មួយនេះនឹងចូលជាធរមាននៅ ថ្ងៃទី២៣ ខែមីនា។ សេចក្តីព្រាងច្បាប់សន្តិសុខជាតិ ត្រូវបានស្នើកាលពីថ្ងៃទី៨ ខែមីនា។
លោក លី បានសង្កត់ធ្ងន់ថា ច្បាប់ដែលស្គាល់ថាជាមាត្រា២៣នៃច្បាប់មូលដ្ឋាន នឹងអនុញ្ញាតឱ្យហុងកុងទប់ស្កាត់ ហាមឃាត់ និងដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាពលើសកម្មភាពពាក់ព័ន្ធនឹងក្បត់ជាតិ ការបះបោរ បទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ចារកិច្ច និងការជ្រៀតជ្រែកពីខាងក្រៅ។
កន្លងមក លោកលី ធ្លាប់មានប្រសាសន៍ថា ច្បាប់ខាងលើ គឺចាំបាច់ដើម្បី បិទគម្លាតផ្នែកនីតិបញ្ញត្តិដែលបន្សល់ទុកដោយច្បាប់របស់ទីក្រុងប៉េកាំង។
ទោសជាប់ពន្ធនាគារអស់មួយជីវិត នឹងត្រូវបានដាក់លើបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ អំពើក្បត់ជាតិ និងការបះបោរ។ សម្រាប់ចារកម្ម និងការបំផ្លិចបំផ្លាញ នឹងប្រឈមមុខនឹងការជាប់ទោស២០ឆ្នាំ និង ១៤ ឆ្នាំសម្រាប់ការពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីខាងក្រៅ។ បទល្មើស នៃការបះបោររួមបញ្ចូលការញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងការដឹកនាំកុម្មុយនីស្តចិននឹងទទួលទោសធ្ងន់ធ្ងរដាក់ពន្ធនាគាររហូតដល់១០ ឆ្នាំ។
អ្នករិះគន់រួមទាំងរដ្ឋាភិបាលអាម៉េរិកបានសម្គាល់ថា ច្បាប់នេះនឹងរឹតត្បិតសេរីភាពបន្ថែមទៀត ហើយអាចត្រូវបានប្រើប្រាស់ដើម្បីលុបបំបាត់ការមិនពេញចិត្តតាមរយៈការបំភ័យនៃការចាប់ខ្លួន និងការឃុំខ្លួន។ សហភាពអឺរ៉ុបក៏ធ្លាប់បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិដ៏ទូលំទូលាយនៅក្នុងច្បាប់ស្តីពីការជ្រៀតជ្រែកពីខាងក្រៅ និងការឈានទៅដល់ផ្នែកផ្សេងៗទៀតផងដែរ៕
Tag:
ហុងកុង
ចិន
ច្បាប់សន្តិសុខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com