RFI
អន្តរជាតិ
អូស្ត្រាលី​និងអង់គ្លេសសហការ​​គ្នា​​សាង​សង់​​នាវា​មុជ​ទឹក​​ដើរ​​ដោយ​​ថាម​ពល​​នុយ​ក្លេអ៊ែរ
23, Mar 2024 , 8:39 am        
រូបភាព
រូបភាពគំរូ នៃ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវ​ផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems និងក្រុមហ៊ុនសាធារណៈអូស្ត្រាលី ASE។ © Photo: Business Wire
រូបភាពគំរូ នៃ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវ​ផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems និងក្រុមហ៊ុនសាធារណៈអូស្ត្រាលី ASE។ © Photo: Business Wire
​  
ដោយ៖ហេង ឧត្តម /RFI
អូស្ត្រាលី ​ប្រកាសអំពីកិច្ច​សហការជាមួយ​អង់គ្លេស ក្នុងការ​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ ការប្រកាស​នេះ ធ្វើឡើងក្រោយរយៈពេល​ ​២ឆ្នាំកន្លះ ​បន្ទាប់ពី អូស្ត្រាលី ផ្តាច់​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​របស់​ក្រុមហ៊ុន​បារាំង ដើម្បី​ទៅទិញនាវាមុជទឹក​របស់សហរដ្ឋ​អាមេរិកនិងអង់គ្លេស ក្នុង​សម្ព័ន្ធមិត្ត​ត្រីភាគី​ AUKUS។ អូស្ត្រាលី​ ប្រឹង​បង្កើន​​នាវាមុជទឹក​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ក្នុងកាលៈទេសៈ​ដែលត្រូវ​ទប់ទល់ឥទ្ធិពលមហាយក្ស​​ចិន ​នៅ​អាស៊ី។

នៅទីក្រុងកង់បេរ៉ា ​អូស្ត្រាលីនិង​អង់គ្លេសបាន​ចុះកិច្ចព្រមព្រៀងសហការ​​វិស័យ​ការពារជាតិ​និង​សន្តិសុខ។ កិច្ចព្រម​ព្រៀងដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃព្រហស្បតិ៍ទី​២១មីនា អនុញ្ញាត​ឲ្យ​ប្រទេសសម្ព័ន្ធមិត្ត​​ទាំងពីរ​ បោះ​មូល​ដ្ឋាន​​ទ័ពយោធា​នៅ​លើទឹកដី​គ្នាទៅ​វិញទៅមក​ ហើយ​និង​​សន្យា​ចូល​រួមជួយ​​ច្បាំងគ្នា​ ប្រសិនបើ​ប្រទេសណា ត្រូវរងការគំរាមកំហែងដល់​សន្តិសុខ និងត្រូវបំពានដែន​​អធិបតេយ្យភាព​ ពីសំណាក់​ប្រទេស​សត្រូវ​ដទៃ​​។  ក្នុង​ឱកាស​នេះ ក្រសួង​ការពារជាតិ ក៏​ប្រកាស​ដែរ ពីកិច្ចសហការជាមួយ​អង់គ្លេស ដើម្បី​​​​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស BAE Systems ​និងក្រុមហ៊ុន​សាធារណៈ​អូស្ត្រាលី ASE។
 
ចំពោះរឿង​នាវាមុជទឹកនេះ នៅកញ្ញា​ឆ្នាំ២០២១អូស្ត្រាលីបានផ្តាច់កិច្ចសន្យា​ពី​បារាំង ដោយ​គ្មាន​ជូន​ដំណឹង​ជាមុន និង​ធ្វើ​ឲ្យ​បារាំងខឹងខ្លាំង បង្ក​ទំនាស់​ផ្លូវ​ទូ​ត​ទៀត​ផង។ ជាច្រើនខែ​ក្រោយ​មក អូស្ត្រាលី​ បាន​សុំ​ទោស​បារាំង និង​សន្យា​សងជំងឺចិត្ត ​​ដោយ​បង់​លុយ​ឲ្យ​ក្រុមហ៊ុន​​បារាំង Naval Group ​ ចំនួន ៥៥៥លានអឺរ៉ូ​ ដើម្បី​បិទបញ្ចប់​រឿងរ៉ាវ។​ ​អូស្ត្រាលី ទៅ​ស្រវា​យក​ សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស  ដែល​ជា សម្ព័ន្ធត្រីភាគី​ AUKUS ដើម្បី​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។
 
ក្នុងគម្រោង​នេះ ​អូស្ត្រាលី ត្រូវ​ចម្ងាយ​ថវិកា រហូត​ដល់ ២៤០ ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ។​ ថ្នាក់ដឹកនាំ​អូស្ត្រាលី បាន​ឲ្យដឹងនៅ​ព្រហស្បតិ៍ ​ថា គេ​ចាំបាច់​ត្រូវ​ប្រមូល​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ ​និង​កម្មករ​ ប្រមាណ ២ ម៉ឺននាក់ ដើម្បី​​សាងសង់​ និង​ដែល​អាច​ត្រូវការ​ពេល ១៥ ឆ្នាំ​ឯណោះ​។​ បើគោរព​តាម​ពេលវេលា​នេះ ហើយ​បើគ្មាន​អ្វីប្រែប្រួល​ធំដុំទេ​ អង់គ្លេស​ត្រូវ​ប្រគល់​នាវាមុខទឹក​ ​ចំនួន​ ៣ គ្រឿង​ឲ្យ​អូស្ត្រាលី ចាប់ពីឆ្នាំ​២០៤០។​ ចំណែក​ សហរដ្ឋអាមេរិក ត្រូវ​ប្រគល់​នាវាមុខទឹក​ ចំនួន​ ៣ គ្រឿង​ឲ្យ​អូស្រ្តាលី នៅឆ្នាំ​២០៣០។ ​
 
​អូស្ត្រាលី ចំបាច់​ត្រូវ​ប្រឹងបង្កើននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងកាលៈទេសៈដែលត្រូវទប់​ទល់​នឹង​ការពង្រឹក​ដែន​ឥទ្ធិពល របស់​ ចិន នៅអាស៊ី។​ តែ​នៅលើសម្តីផ្លូវការ រដ្ឋមន្ត្រីការ​ការពារជាតិ​អូស្ត្រាលី បាន​លើកឡើង​ពីសេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​អន្តរជាតិ ដូចជា​សមុទ្រ​ក្រហម​ ហើយ​អូស្ត្រាលី​ក៏​ចង់​ឃើញ​និង​ចង់​ឲ្យ​មាន​សេរីភាព​នាវាចរណ៍​ដែរ នៅ​ដែន​សមុទ្រ​អាស៊ីប៉ាស៊ីហ្វិក ។
 
កាលពីឆ្នាំទៅមិញនេះ​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ​ស៊ែរហ្គៃ ឡាវ្រូវ​ ធ្លាប់បាន​ថ្លែង​សម្តី​វាយប្រហារ​ចាស់​ដៃ​លើ​ កិច្ចព្រមព្រៀង​ស្តីពី​ការ​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​រវាង ​អូស្រា្តលី អង់គ្លេស និង​អាមេរិក​។ ​ ប្រមុខ​ការទូត​រុស្ស៊ី​ យល់​ថា អ្វី​ដែល​សម្ព័ន្ធ AUKUS បាន​ធ្វើ​នេះ ​ជា​ជម្រើសដើរ​​ផ្លូវ​ខុស និង​ប្រកប​ដោយ​គ្រោះថ្នាក់៕​​​​
 

© រក្សាសិទ្ធិដោយ thmeythmey.com