អន្តរជាតិ
ក្រុម ISIS ប្រកាសទទួលខុសត្រូវការវាយប្រហារនៅរុស្ស៊ីដែលសម្លាប់មនុស្សជាង៦០នាក់
23, Mar 2024 , 9:38 am        
រូបភាព
ខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់ប្រហារនៅសាលប្រគុំតន្ត្រីនៅក្បែរទីក្រុងមូស្គូនៅយប់ថ្ងៃទី២២ ខែមីនា ដោយបានសម្លាប់មនុស្សយ៉ាងតិច៦០នាក់ និងរបួសជាង១០០នាក់ ហើយបង្កជាអគ្គិភ័យថែមទៀត។ ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នេះ។

 
បើតាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ក្រុមអ្នកវាយប្រហារស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំបានចូលទៅក្នុងអគារសាលតន្ត្រី Co បើកការបាញ់ប្រហារ និងគប់គ្រាប់បែកដៃ ឬគ្រាប់បែកបំផ្ទុះផង។ អគ្គិភ័យបានរីករាលដាលយ៉ាងឆាប់រហ័សតាមសាលប្រគុំតន្ត្រី Crocus City នៅជាយក្រុង Krasnogorsk ភាគខាងជើងរដ្ឋធានីមូស្គូ។
 
ផ្សែងហុយពេញអគារ ហើយអ្នកទស្សនាខ្លះនាំគ្នារត់គេចពីការបាញ់ ហើយបានប្រញាប់ប្រញាល់ភៀសខ្លួនចេញពីអាគារ។ ការបាញ់ប្រហារកើតឡើងប៉ុន្មាននាទីមុនកម្មវិធីចាប់ផ្ដើមក្នុងសាលដែលអាចផ្ទុកមនុស្សជាង៦ពាន់នាក់។ អ្នកចូលរួមម្នាក់ឈ្មោះ Alexei ដែលជាផលិតករតន្ត្រីផង និយាយថា ខ្លួនបានឮផ្ទុះកាំភ្លើងយន្តជាច្រើនលើក និងស្រែកទ្រហឹង។
 
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយថា សាកសពជាច្រើនកំពុងត្រូវបានពិនិត្យ ហើយចំនួនមានជាង៦០នាក់នៅក្នុងការវាយប្រហារភេរវកម្ម ហើយជនរងគ្រោះអាចកើនឡើងបន្ថែមទៀត។ ក្រុមជួយសង្រ្គោះ ក៏ធ្វើអន្តរាគមន៍ភ្លាមដែរ ស្របពេលការស៊ើបអង្កេតក៏ធ្វើឡើងដូចគ្នា។
 
អាជ្ញាធររុស្ស៊ី មិនទាន់ដាក់ការសង្សយណាមួយលើអ្នកនៅពីក្រោយការបាញ់នេះឡើយ។ ឯក្រុមរដ្ឋឥស្លាមចេញមុខទទួលខុសត្រូវ។ ក្រុមជ្រុលនិយមនេះនិយាយថា ក្រុមយុទ្ធជនរបស់ខ្លួនបានវាយប្រហារការប្រមូលផ្តុំដ៏ធំមួយនៅជាយក្រុងមូស្គូ និងដកថយទៅមូលដ្ឋានរបស់ពួកគេដោយសុវត្ថិភាព។
 
អ៊ុយក្រែនវិញ ក៏ប្រកាសមិនពាក់ព័ន្ធករណីនេះដែរ។ អង្គការសហប្រជាជាតិ អាម៉េរិក និងសហភាពអឺរ៉ុប ក៏ថ្កោលទោសការវាយប្រហារនេះដូចគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com