ជាតិ
វីដេអូ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
23, Mar 2024 , 6:59 pm        
រូបភាព
សៀមរាប៖ អ្នកស្រី លី អាគីម ជា​ស្រ្តីខ្មែរ​ដែល​ស្រឡាញ់​ និងចូល​ចិត្តអភិរក្ស​នូវ​សម្ភារ​ចាស់ៗ។ ស្រ្តី​ខ្មែរ​វ័យ​៤៨​ឆ្នាំ​រូបនេះ បាន​ច្នៃ​រថយន្ត​ Jeep សម្រាប់​ដឹក​ភ្ញៀវទេសចរ​ទស្សនា​ប្រាសាទ និង​ធម្មជាតិ​នៅ​ខេត្ត​សៀមរាប។ ភ្ញៀវទេសចរ​ដែ​ល​និយម​ជិះ​រថយន្ត Jeepនេះ ៩០ទៅ៩៥ភាគរយជា​ភ្ញៀវ​បរទេស។

អ្នកស្រី​ លី អាគីម ជា​ម្ចាស់​ក្រុម​ហ៊ុន​ Adventure Cambodia ដែលបម្រើ​សេវា​កម្ម​ជូន​ភ្ញៀវ​ជិះ​​រថយន្ត​Jeepកម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប។ អាជីវកម្ម​ដឹក​​ភ្ញៀវ​ និង​ជួល​ឡាន Jeep របស់​អ្នក​ស្រី​ លី អាគីម ផ្ដើម​ចេញពី​​រថយន្ត​ ៣គ្រឿង​ប៉ុណ្ណោះ។
 
បច្ចុប្បន្ន​ អាជីវកម្មរបស់​អ្នកស្រី មាន​អាយុ​ប្រមាណ ១២ឆ្នាំមកហើយ។ អ្នកសៀមរាប​រូបនេះ ​មាន​រថយន្តJeepចាស់ៗ ដែល​ផលិតក្នុងឆ្នាំ​៦០ ចំនួន១២គ្រឿង សម្រាប់​ដឹក​ភ្ញៀវ​។ ​រថយន្តJeepចាស់ៗនេះ ​ទិញ​ពី​ថៃ និង​វៀតណាមជាដើម។ 
 
សូម​អញ្ជើញទស្សនា​បទ​សម្ភាស​រវាង​អ្នកស្រី ញឹក​ ស្រីល័ក្ខ អ្នកសារព័ត៌មាន​ឌីជីថលថ្មីៗ ជាមួយ​អ្នកស្រី លី អាគីម ជា​ម្ចាស់​ក្រុម​ហ៊ុន​ Adventure Cambodia ដូចតទៅ៖
 

«ចេះ​តែ​ប្រមូល​យក​មក គេហៅថា ដូច​របស់​អេតចាយ។ ឡាន​ដែលគេ​ទុក​ចោល ម៉ាស៊ីន​ខូច​អស់​ ដូច្នេះ​ពេល​យើង​យក​មក​​ ប្ដូរ​ជើង​ក្រោម​ និង​ប្ដូរ​ម៉ាស៊ីន»។ នេះជាការ​លើក​ឡើង​របស់​អ្នកស្រី លី អាគីម ដោយ​បន្តថា រថយន្ត​ចាស់​ៗដែល​ទិញ​មក​មាន​តែ​តួ​ប៉ុណ្ណោះ ដូច្នេះ​ត្រូ​វការ​កែច្នៃ​ឱ្យ​ស្អាត ដើម្បី​ដឹក​ភ្ញៀវទេសចរ។ 
  


បើតាម​អ្នកស្រី លី អាគីម សេវាកម្មដឹក​ភ្ញៀវទេសចរតាម​រថយន្ត​ Jeep មាន​ការ​គាំទ្រ​ខ្លាំង ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយនេះ។ ម្ចាស់​រថយន្ត​Jeepរូបនេះ លើក​ឡើងថា​ ក្រោយ​បរិបទ​កូវីដ-១៩ រួម​ទាំង​ការ​ផ្សព្វផ្សាយ​ពី​កញ្ចប់​សេវា​កម្ម​ជិះ​រថយន្ត​Jeep បាន​ធ្វើ​ឱ្យ​សន្ទុះ​នៃការកក់ និង​ទិញ​កញ្ចប់​សេវាកម្ម ​មាន​ការ​កើន​ឡើង។ 
 
សេវាកម្ម​ជិះ​រថយន្ត​​Jeepនេះ មាន​តែ​នៅខេត្ត​សៀមរាប​ប៉ុណ្ណោះ ដែល​ភ្ញៀវទេសចរ​អាច​ជួល​រថយន្ត​ជិះ​គយគន់​ប្រាង្គ​ប្រាសាទនានា រួមទាំង​ទេសភាព​ស្រុកស្រែ។ នៅ​ពេល​ជិះ​​រថយន្ត​​Jeep ធ្វើឱ្យ​ទេសចរ​ទទួល​បាន​អារម្មណ៍​សប្បាយ​រីករាយ តាមរយៈ​ទិដ្ឋភាព​ និង​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​ក្នុង​តំបន់​អង្គរ អម​ដោយ​សំឡេង​សត្វ​យំផងដែរ។ 
  


ចំពោះ​ភ្ញៀវទេសចរ​ដែ​ល​និយម​ជិះ​រថយន្ត Jeepនេះ ៩០ទៅ៩៥ភាគរយជា​ភ្ញៀវ​បរទេស។ ស្រ្តី​ខ្មែរមាន​ស្វាមី​បរទេសរូបនេះ បន្តថា ភ្ញៀវទេសចរបរទេសទាំងនោះ បាន​កក់សេវាកម្មជិះ​រថយន្តJeep១ឆ្នាំ ឬ២ឆ្នាំមុនឯណោះ មុន​ពួក​គេ​មក​កម្សាន្ត​នៅ​កម្ពុជា។ ​
 
ហេតុអ្វីភ្ញៀវទេសចរខ្មែរ​ជិះ​រថយន្ត Jeep តិច ឬមកពីពួកគាត់មិនសូវដឹងឬយ៉ាងណា? អ្នកស្រី អាគីម ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ពេល​អង្គុយលើ​​រថយន្ត Jeep៖«មិនមែន​ភ្ញៀវខ្មែរមិនដឹងទេ តែយើងជួល​រៀង​ថ្លៃដែរ។ យើង​គិត​តាម​ម៉ោង មាន​កន្លះថ្ងៃ និង​មួយថ្ងៃ។ កន្លះថ្ងៃ អាច​អស់ ៧០ឬ​៨០ដុល្លារ តាម​ផ្លូវ​ដែល​គាត់​ទៅ តម្លៃ​យើង​និយាយគ្នាតាម​ក្រោយ​»។ 
  


តាម​ពិត​ទៅ​អាជីវកម្ម​នេះ កើត​ឡើង​តាមរយៈ​ការ​ស្រឡាញ់​សម្ភារ​ចាស់ៗ និង​ចង់​ផ្សព្វផ្សាយ​ពីទេសចរណ៍នៅសៀមរាប​ ឱ្យ​ភ្ញៀវបាន​ដឹងបាន​ស្គាល់​។ ក្រៅពី​បើក​ជូន​ភ្ញៀវដោយ​ផ្ទាល់ អ្នកស្រី អាគីម ក៏​ជួស​ជុល​រថយន្ត​ទាំងនេះ នៅពេល​មាន​បញ្ហាផងដែរ។ «តាំង​ពី​ប្រព័ន្ធ​ភ្លើង​ កង់​ ម៉ាស៊ីន​ បើ​និយាយទៅតាំង​ពីក្បាលដល់​កន្ទុយ​ គឺ​ត្រូវ​មើល​ថែរហូត»។ អ្នកស្រី អាគីម រៀបរាប់បែបនេះ ដោយចាត់ទុក​រថយន្តJeepជា​របស់​សំណព្វចិត្ត​។ 
 
រថយន្ត​Jeepនេះ អាច​ជិះ​បាន​៤នាក់។ ភ្ញៀវទេសចរ​អាច​ជិះបាន​នៅក្នុង​តំបន់​អង្គរ ឬ​តំបន់​បន្ទាយស្រី។ ក្រៅពីនេះ ភ្ញៀវទេសចរ​ក៏​ជួល​ជិះដល់​ភ្នំគូលែន និង​តំបន់​ប្រាសាទ​កោះកេរផងដែរ។ តាមរយៈ​ចំណូល​ដែល​រក​បាន​ពី​សេវាកម្ម​ទេសចរណ៍នេះ អ្នកស្រី អាគីម ក៏​បាន​យក​ធ្វើ​សប្បុរសធម៌​ដល់​មន្ទីរពេទ្យ និង​សាលា​រៀន។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៧ខែ មីនា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយមានស្ថាបន័សារពត៌មានចូលរួមចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរទៅកាន់ឧទ្យានកម្សាន្ត Angkor WildLife and Aquarium, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្គរ, ការជិះកន្ត្រកវិល ដែលខ្ពស់ជាងគេនៅខេត្តសៀមរាប, ជិះរថយន្ត Jeepទស្សនាភូមិព្រះដាក់ និងតំបន់ទេសចរណ៍កំពង់ភ្លុកជាដើម៕
 

Tag:
 សៀមរាប
  ទេសចរណ៍
  រថយន្ត
  ប្រាសាទ
  ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com