RFI
អន្តរជាតិ
អត្រាមរណៈ​កុមារធ្លាក់​ទាប​ជា​ប្រវត្តិសាស្ត្រ ​តែ​នៅ​យឺត​និង​ផុយស្រួយ
23, Mar 2024 , 7:39 pm        
រូបភាព
អត្រាមរណៈកុមារធ្លាក់ទាបជាប្រវត្តិសាស្ត្រ តែនៅយឺតនិងផុយស្រួយ AFP PHOTO / JUNIOR D. KANNAH
អត្រាមរណៈកុមារធ្លាក់ទាបជាប្រវត្តិសាស្ត្រ តែនៅយឺតនិងផុយស្រួយ AFP PHOTO / JUNIOR D. KANNAH
ដោយ៖អៀង សុខម៉ិញ /RFI
អត្រាមរណៈ​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ បាន​ធ្លាក់​ចុះ​ទាប​ខ្លាំង ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​២០២២។ បើ​តាម​របាយការណ៍​ថ្មីរបស់​​អង្គការ​សុខភាព​ពិភពលោកសហការ​ជាមួយ​ធនាគារ​ពិភពលោក​ ចេញ​ផ្សាយ​​កាលពីពេលថ្មីនេះ ចំនួន​ទារក​ស្លាប់​មាន​ប្រមាណ​តែ​ជិត​៥​លាន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ២០២២។ ប៉ុន្តែ​សម្រាប់​អង្គការ​សហប្រជាជាតិ នេះ​ជា​វឌ្ឍនភាពដ៏​យឺត​ និង​ផុយ​ស្រួយ​នៅឡើយ។



 
អត្រា​មរណៈ​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បានធ្លាក់​មក​នៅ​ត្រឹមប្រមាណ​​៤លាន​​៩​សែននាក់​​នៅ​ឆ្នាំ​២០២២ ពោល​គឺ​ជា​ការធ្លាក់​ចុះអស់​៥១%​បើ​ប្រៀប​ទៅ​ឆ្នាំ​២០០០ និង​​ដល់​ទៅ​៦២%​ បើ​គិត​តាំងពី​ឆ្នាំ​១៩៩០មក។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​អាច​កាត់​បន្ថយ​ចំនួនមរណៈ​កុមារ​បាន​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ ក្នុង​កំរិត​ជាង​៧៥%​តាំងពី​ឆ្នាំ​២០០០មក មាន​ដូច​ជា​ប្រទេសម៉ាឡាវី រវ៉ាន់ដា សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្កោ កម្ពុជា​ ឬ​ម៉ុងហ្គោលី។
 
នៅ​ក្នុង​សេចក្តីថ្លែងការណ៍ លោកស្រី Catherine Russell ​ប្រធាន​អង្គការ​យូនីសេហ្វ យល់​ថា​លទ្ធផល​ដ៏​ល្អ​នេះ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ឆ្មប បុគ្គលិកសុខាភិបាល​ដែល​បាន​ជួយ​​ស្រ្តី​ជា​ម្តាយ​ឱ្យ​បង្កើត​កូន​​ដោយ​​សុវត្ថិភាព ​ជួយ​ចាក់ថ្នាំបង្ការទារក​ពីការ​បៀនបៀន​នៃ​ជំងឺ​ និង​​ជួយ​ណែនាំ​អប់​រំ​ដល់​ផ្ទះ ដើម្បី​ធានា​ថា​ទារក-កុមារ​ពិត​ជាមាន​សុខភាព​ល្អ បាន​ទទួលថែទាំផ្តល់​​អាហារូបត្ថម្ភ​ត្រឹមត្រូវ។
 
ប៉ុន្តែបើ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​សហការ​ជាមួយ​អង្គការ​សុខភាពពិភពលោក​ឬ​ធនាគារ​ពិភពលោក​ ​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងមរណភាព​កុមារ នៅ​មាន​លក្ខណៈ​ផុយស្រួយ​និង​យឺត​ណាស់។ ឱ្យតែ​ប្រហែស​ហ៊ាន​ទម្លាក់​ដៃ​បន្តិច អត្រា​មរណៈ​កុមារ​នឹង​លែង​ថយចុះ ហើយ​អាច​ស្ទុះ​ឡើង​វិញ​ជា​មិន​ខាន។ មាន​សញ្ញា​មិន​ល្អ​កំពុង​រង់ចាំ​ស្រេច​ទៅហើយ។ ក្នុង​កំរិត​ពិភពលោក​និង​នៅ​តំបន់​ខ្លះ​ ដូច​យ៉ាងតំបន់​អាហ្វ្រិក​កណ្តាល វឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មរណភាព​ទារក​និង​កុមារ ចាប់​បន្ថយ​ល្បឿន​នៅ​រវាង​ពី​ឆ្នាំ​២០០០ទៅ​២០១៥។ ហើយ​អត្រា​មរណៈកុមារ​​ពិភពលោក​​ធ្លាក់​ចុះកំរិតលឿន​​ជាង​ពី​ឆ្នាំ​២០១៥​ដល់​២០២២ដល់​ទៅ​ពីរ​ដង។ ជា​សរុប​ តាំងបី​ឆ្នាំ​២០០០មក មាន​កុមារ​ក្រោម​៥ឆ្នាំ​ចំនួន ១៦២​លាន​នាក់​បាន​ស្លាប់​ក្នុង​នោះ​៧២​លាន​នាក់​ស្លាប់​នៅ​អាយុមិន​ទាន់​មួយ​ខែ​ផង។

កើត​មុន​ខែ កើត​មិន​រួចថប់​ដង្ហើម ទារក​លូត​លាស់​មិន​ប្រក្រតី សុទ្ធ​សឹង​ជា​មូលហេតុ​សំខាន់ៗ​នៃ​​ទារកអាយុ​ក្រោម​មួយ​ខែ​ ដែល​មាន​ដល់​ទៅ​២,៣​លាននាក់​ នៅ​ឆ្នាំ​២០២២។ ពី​មួយ​ខែ​ទៅ​៥​ឆ្នាំ​កុមារ​ច្រើន​ស្លាប់​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម​ រលាក​សួត ជំងឺ​គ្រុន​ចាញ់ និង​រាករូស។
 
របាយការណ៍​ដដែល​បាន​ព្រមាន​ថា​បើ​គ្មាន​ការ​វិនិយោគ​បន្ទាន់​ក្នុង​វិស័យ​សុខភាព​កុមារ​ទេ មាន​៥៩ប្រទេស​មិន​អាច​សម្រេច​កម្មវត្ថុ​​របស់​អង្គការសហប្រជាជាតិ ដែល​កំណត់​អត្រា​មរណៈ​កុមារ​​ត្រឹម​២៥នាក់​ក្នុង​ចំណោម​កំណើត​១ពាន់​នៅ​ឆ្នាំ​២០៣០ ហើយ​៦៤​ប្រទេស​មិន​អាច​គោរព​​អត្រា​មរណៈ​ក្មេង​ក្រោម​មួយ​ខែ​ត្រឹម​១២លើ​១ពាន់​ទារកបាន​ទេ។ បើ​ឈរ​លើ​និន្នាការ​បច្ចុប្បន្ន កុមារ​៣៥លាន​នាក់​នឹង​បាត់​បង់​ជីវិត​នៅ​មុន​ធ្វើ​បុណ្យ​ខួប​កំណើត​៥​ឆ្នាំ​របស់​ខ្លួន នៅ​ឆ្នាំ​២០៣០។ នេះ​បើ​តាម​របាយការណ៍​ដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com