អន្តរជាតិ
ប្រធានាធិបតីសិង្ហបុរី ថា មិនខ្ចីលុយគេ ដើម្បីបង្រ្គប់ចំណាយជាតិឡើយ
23, Mar 2024 , 8:59 pm        
រូបភាព
ប្រធានាធិបតីសិង្ហបុរី Tharman Shanmugaratnam ។ រូបថត AFP
ប្រធានាធិបតីសិង្ហបុរី Tharman Shanmugaratnam ។ រូបថត AFP
ដ្បិតជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយមែន សិង្ហបុរី មិនមានគំនិតខ្ចីលុយដើម្បីបង្រ្គប់ការចំណាយជាតិឡើយ ហើយរំពឹងលើចំណូលដើម្បីទូទាត់វិញដែរ។ នេះបើតាមប្រធានាធិបតីសិង្ហបុរី Tharman Shanmugaratnam ដែលអះអាងថា គំនិតបែបនេះតែងមានលទ្ធផលមិនល្អសម្រាប់អ្នកជំនាន់ក្រោយ។

 
ថ្លែងតាមវីដេអូមួយក្រោយចុះហត្ថលេខាលើគម្រោងចំណាយជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៤ លោក Tharman Shanmugaratnam និយាយថា ក្នុងការរៀបចំខ្ទង់ចំណាយជាតិ រដ្ឋាភិបាលសិង្ហបុរីលេចធ្លោក្នុងចំណោមប្រទេសសម្រាប់ការត្រៀមជាមុន និងការធ្វើឱ្យប្រាកដថាការចំណាយណាមួយមានលុយដើម្បីធានា។
 
លោក Tharman និយាយថា សិង្ហបុរីជៀសវាង«ការគិតបែបវេទមន្ត»។
 
ប្រធានាធិបតីដែលឈ្នះឆ្នោតកាលពីឆ្នាំមុនរូបនេះ បានកត់សម្គាល់ពីរបៀបដែលប្រទេសជាច្រើនបង្កើនការចំណាយរបស់ខ្លួនចំពេលដែលប្រជាជនមានវ័យចំណាស់កាន់តែច្រើន និងតម្រូវការវិនិយោគបន្ថែមទៀតក៏កើនឡើងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ សម្រាប់លោក Tharman សិង្ហបុរីមិនធ្វើដូចប្រទេសមួយចំនួនឡើយ។
 
«យើងបានជៀសវាងអ្វីដែលប្រទេសជាច្រើនកំពុងធ្វើ គឺចំណាយមុន រួចខ្ចីដើម្បីមានលុយទ្រទ្រង់ចំណាយ ដែលនាំឱ្យបំណុលរបស់រដ្ឋាភិបាលកើនឡើងដល់កម្រិតដែលមិនមាននិរន្តរភាព ហើយសង្ឃឹមថា ប្រាក់ចំណូលនឹងកើនឡើងដើម្បីទូទាត់នៅពេលក្រោយ។» ប្រមុខរដ្ឋសិង្ហបុរីបញ្ជាក់បែបនេះ ដោយចាត់ទុកទង្វើបែបនេះ ជាការគិតបែបវេទមន្ត។
 
ត្រង់នេះ លោក​ Tharman ដែលធ្លាប់កាន់ការងារធំៗក្នុងរដ្ឋាភិបាលផ្នែកហិរញ្ញវត្ថុ អះអាងថា គំនិតបែបនេះតែងតែបញ្ចប់ដោយមិនសប្បាយចិត្ត។ លោកពន្យល់ថា នេះក៏ដោយសារមនុស្សជំនាន់ក្រោយទទួលបានកិច្ចព្រមព្រៀងមួយដែលមិនល្អ ហើយរដ្ឋាភិបាលត្រូវប្រឈមមុខការពិត។ នោះគឺការចំណាយរបស់រដ្ឋាភិបាលត្រូវបានកាត់បន្ថយ ការវិនិយោគសាធារណៈធ្លាក់ចុះ ឬក៏ពន្ធត្រូវបានដំឡើងដល់កម្រិតខ្ពស់។
 
»នោះ​ជា​រឿង​អយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ ហើយ​ជាអ្វី​ដែល​ប្រព័ន្ធ​ច្បាប់​របស់​យើង​ទាំង​មូល​ក្នុង​រដ្ឋធម្មនុញ្ញ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចៀសវាងរឿងនេះ​»។ លោក Tharman បន្តបែបនេះ។
 
តាមច្បាប់សិង្ហបុរី ប្រធានាធិបតី ជាអ្នកសម្រេចលើការដកទុនបម្រុងដើម្បីប្រើប្រាស់ផ្សេងៗក្នុងករណីបន្ទាន់។។ ប្រធានាធិបតីរូបនេះអះអាងថា លោកនិងក្រុមប្រឹក្សាប្រធានាធិបតី បានតាមដានយកចិត្តលើផែនការចំណាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះ ដែលនេះជាការបន្តរក្សាយុត្តិធម៌សម្រាប់អ្នកជំនាន់នេះ និងជំនាន់កូនចៅក្រោយៗ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com