កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ដាក់គោលដៅលេងអូឡាំពិក ទោះស្ថិតក្នុងការជជែកជាមួយ Real Madrid
23, Mar 2024 , 4:59 pm        
រូបភាព
ចំពេលកិច្ចពិភាក្សាពីរឿងអនាគតជាមួយនឹងក្លិប Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe ​បានដាក់គោលដៅបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស (Paris 2024) នាពេលខាងមុខ ហើយគ្មាននរណាម្នាក់ ដែលអាចហាមឃាត់គេបានឡើយ។

Mbappe ត្រូវបានគេដឹងថា នឹងអាចចូលរួមជាមួយក្រុម Real Madrid នៅពេលដែលគេផុតកិច្ចសន្យា នៅចុងរដូវកាល ២០២៣-២៤ ជាមួយក្លិប ​Paris Saint Germain។ 
 
កាលពីពេលថ្មីនេះ ក្លិប Real Madrid បានផ្ញើសារតាមរយៈអ៊ីម៊ែល ទៅកាន់សហព័ន្ធបាល់ទាត់បារាំង ថា ខ្លួននឹងមិនបញ្ចេញកីឡាកររបស់ខ្លួនណាម្នាក់ឡើយ សម្រាប់ព្រឹត្តិការណ៍ Paris 2024។ បច្ចុប្បន្នក្លិប​ Real Madrid មានកីឡាករវ័យក្មេងសញ្ជាតិបារាំង ២រូប កំពុងបង្ហាញទម្រង់លេងល្អខ្លាំង ព្រមទាំងអាយុក្រោម ២៣ឆ្នាំ។
 
«ខ្ញុំតែងតែមានមហិច្ឆតាដូចគ្នា ខ្ញុំតែងតែនិយាយថាខ្ញុំចង់ទៅអូឡាំពិក ប៉ុន្តែមិនអាស្រ័យលើខ្ញុំទេ។ ខ្ញុំមិនអាចនិយាយអ្វីបានឡើយ ព្រោះថាគ្មាននរណាម្នាក់អាចប្រាប់ខ្ញុំបានឡើយ ប្រសិនបើខ្ញុំមិនអាចទៅកាន់អូឡាំពិកបាននោះទេ គឺវាបែបនឹងហើយ។ នៅពេលដែលខ្ញុំនិយាយថាគ្មាននរណាអាចប្រាប់ខ្ញុំបាន ខ្ញុំចង់និយាយសំដៅទៅ PSG ព្រោះខ្ញុំកំពុងមានកុងត្រាជាមួយ PSG ហើយគេមិនបាននិយាយអ្វីឡើយពីអូឡាំពិក យើងក៏គ្មានបានជជែកគ្នា។»។ Mbappe បាននិយាយក្នុងសន្និសីទកាសែតមុនជំនួបមិត្តភាពទល់អាល្លឺម៉ង់ នាថ្ងៃទី២៣ ខែមីនា។
 
រៀងរាល់បង្ហាញខ្លួនក្នុងសន្និសីទកាសែត Mbappe មិនដែលលើកឡើងអំពីរឿងរ៉ាវនៃការផ្ទេរទាក់ទងជាមួយនឹងក្លិប Real Madrid ម្តងឡើយ ចាប់តាំងពីមានការប្រកាសចាកចេញពីក្លិបរបស់គេរួចមក។
 
ដោយឡែកសម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា លើវិញ្ញាសាបាល់ទាត់ កីឡាករក្នុងក្រុមតម្រូវឱ្យមានកីឡាករអាយុក្រោម ២៣ឆ្នាំ ដោយបូករួមជាមួយនឹងកីឡាករវ័យចំណាស់ ៣រូប សម្រាប់ប្រកួតប្រជែងមេដាយ។
 
តែយ៉ាងណា ការប្រកួតកីឡា Paris 2024 មានកាលវិភាគមិនស្ថិតក្នុងការប្រកួតក្រោម ការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឡើយ។ នេះបានន័យថា ក្លិបបាល់ទាត់មិនតម្រូវចាំបាច់ឱ្យបញ្ចេញកីឡាករ ដើម្បីប្រជែងសម្រាប់ប្រទេសរបស់ពួកគេឡើយ៕
 

Tag:
 Kylian Mbappe
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com