អន្តរជាតិ
ក្រុង​ Johannesburg មាន​ធនធាន​ច្រើនបំផុត​នៅអាហ្វ្រិក តែខ្វះ​ទឹក​ម៉ាស៊ីន​​ប្រើប្រាស់
23, Mar 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ Soweto នៃប្រទេសអាហ្វ្រិកខាងត្បូងនាំគ្នាស្តុកទុកទឹកសម្រាប់ប្រើប្រាស់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ Soweto នៃប្រទេសអាហ្វ្រិកខាងត្បូងនាំគ្នាស្តុកទុកទឹកសម្រាប់ប្រើប្រាស់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
ដោយ: VOA
អ្នក​ស្រុក​ក្នុងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនៃប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ គឺ​ក្រុង Johannesburg កំពុងខឹង​សម្បានឹង​ការខ្វះ​ទឹកម៉ាស៊ីន​ក្នុង​ក្រុងនេះ ​នៅ​ពេលមានសីតុណ្ហភាព​ក្តៅខ្លាំងនៅពាក់កណ្តាល​រដូវ​ក្តៅ។

មន្ត្រីបាននិយាយ​ថា ប្រមាណ ៥០ភាគរយ ​នៃ​តំបន់​ដែលមានទឹកម៉ាស៊ីន ខ្វះទឹកប្រើប្រាស់ជិត​ពីរអាទិត្យ​មក​ហើយ។ ក្រុង Johannesburg មានប្រជារាស្ត្រជិត ​៦លាននាក់។
 
ពលរដ្ឋបាននាំគ្នា​ធ្វើបាតុកម្ម​ជាលក្ខណៈតូច ​ដើម្បីតវ៉ា​ចំពោះរឿងខ្វះទឹកប្រើនេះ។
 
អ្នកលក់ដូរ​និង​ហាងជំនួញ​រងផលប៉ះពាល់យ៉ាងខ្លាំង ​ហើយមន្ទីរពេទ្យ​មួយចំនួន​ក៏មានផល​ប៉ះពាល់ដែរ។ គិលានុបដ្ឋាយិកានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយបានថ្លែង​ប្រាប់បណ្តាញ​ព័ត៌មានមូលដ្ឋាន​ថា ពួក​គេអត់មានទឹកសម្អាត​លាង​ដៃ​ទេ។
 
លោក Mlimandlela Ndamase អ្នកនាំ​ពាក្យ​អភិបាលក្រុង Johannesburg​ បានពន្យល់​ថា​ បញ្ហា​ដំបូងចេញពីស្ថានីយ៍បូមទឹកសំខាន់មួយកាលពី​ថ្ងៃទី​ ៣ ខែមីនា​ នៅ​ក្រោយ​មានការដាច់ភ្លើង​ដោយសារ​មានរន្ទះ​បាញ់។​
 
បញ្ហាខ្វះ​ទឹកម៉ាស៊ីន​កើតឡើងនៅពេល​ប្រទេសនេះ​មាន​បញ្ហាផ្តល់អគ្គិសនី។​
 
ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មានវិបត្តិ​ថាមពលជាង​មួយទសវត្សរ៍​មកហើយ​ តែ​វិបត្តិ​នេះរឹត​តែខ្លាំង​ជាងមុន​កាលពី​ឆ្នាំ​ទៅ ដោយសារមានការ​ដាច់ភ្លើង​សឹង​តែរាល់ថ្ងៃ ដោយ​ជួនកាលរហូត​ដល់ ១០ម៉ោង​ក្នុងមួយ​ថ្ងៃ។
 
នេះមិនមែន​ជាលើក​ដំបូង​ទេ​ដែល​ក្រុងនេះ​គ្មាន​ទឹកម៉ាស៊ីន។ ក្រុងនេះបានខ្វះ​ទឹក​ជា​ទៀងទាត់កាលពី​ឆ្នាំទៅមិញ។
 
លោក Ndamase បានទទួល​ស្គាល់​ថាប្រព័ន្ធ​ទឹក​ក្រុង​ Johannesburg មានបញ្ហា​យូរយា​មក​ហើយ។
 
លោកថ្លែងថា៖ «ក្រុង Johannesburg ទទួល​ស្គាល់ថា ហេដ្ឋារចនា​សម្ព័ន្ធចាស់អស់ហើយ ហើយត្រូវ​ការថែទាំ ហើយក៏មាន​សេចក្តីត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធថ្មី​នៅទូទាំង​ក្រុងផងដែរ»។
 
តែ​មនុស្សច្រើននាក់​បាន​បន្ទោសអាជ្ញាធរ​ថាគ្មាន​សមត្ថភាព។
 
កាលពីថ្ងៃពុធទី ១៣ ខែមីនា លោកស្រី Nombuso Shabalala អ្នកនាំពាក្យ​រដ្ឋាករទឹក​ក្រុង Johannesburg បានទទួលស្គាល់ថា​មាន​កំហុស​របស់មនុស្ស​ដែរ។
 
លោកស្រីថ្លែងថា៖ «ក្រុមបច្ចេកទេសបាន​រកឃើញ​ថា​វ៉ាល់សម្រាប់ផ្តល់ទឹកបានបិទ​ ដូច្នេះក៏កាត់បន្ថយ​ទឹក​ក្នុង​ប្រព័ន្ធ។ គេបាន​បើកវ៉ាល់វិញ​ហើយ ហើយ​ក៏មាន​ទឹក​ខ្លះ​ឡើង​វិញហើយ»។
 
លោកស្រី Anja du Plessis ជាសាស្ត្រាចារ្យ​និង​ជា​អ្នកជំនាញ​ខាង​ទឹកនៅ​សាកល​វិទ្យាល័យអាហ្វ្រិកខាង​ត្បូង។ លោក​ស្រី​ថា «ការគ្មាន​សមត្ថភាព កង្វះតម្លាភាពនិងការទទួល​ខុសត្រូវ​ខ្ពស់ និង​ការមាន​ឆន្ទៈ​នយោបាយ​តិចតូច​ឬ​គ្មាន​សោះតែម្តង»បានបង្កើន​វិបត្តិ​ទឹក​ថែមទៀត។
 
លោកស្រីថ្លែងថា៖ «ការ​កើនឡើងយ៉ាង​លឿននិង​រឹតតែ​ធ្ងន់ធ្ងរនៃបញ្ហាទឹកនៅក្រុង Johannesburg អាច​បណ្តាលមក​ពី​អាជ្ញាធរ​ក្រុងគ្មាន​ដំណើរការល្អ​និងគ្មានសមត្ថភាព ​កង្វះ​ប្រភព ធនធាន​ឬ​ការ​គ្មាន​ការវិនិយោគក្នុង​ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ»។
 
ធុងទឹកធំៗបានដាក់​នៅទូទាំងក្រុងនេះ ទោះជា​រដ្ឋាករទឹក​ក្រុង Johannesburg ថានៅ​ពេលនេះ​ប្រព័ន្ធ​ភាគ​ច្រើន​របស់ខ្លួនមានដំណើរការវិញហើយក៏ដោយ។
 

© រក្សាសិទ្ធិដោយ thmeythmey.com