RFI
អន្តរជាតិ
យូណេស្កូ៖ វិបត្តិ​ខ្វះ​ទឹកសាបប្រើប្រាស់​ គំរាមកំហែង​ដល់​សន្តិភាព​ពិភព​លោក
24, Mar 2024 , 8:39 am        
រូបភាព
អង្គការសហប្រជាជាតិ អំពាវនាវពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្របទឹកប្រកបដោយចីរភាព និងសមធម៌។ រូបថតតំណាង ថត​នៅស្រុក​ឥណ្ឌា។ AP - Altaf Qadri
អង្គការសហប្រជាជាតិ អំពាវនាវពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្របទឹកប្រកបដោយចីរភាព និងសមធម៌។ រូបថតតំណាង ថត​នៅស្រុក​ឥណ្ឌា។ AP - Altaf Qadri
ដោយ៖ហេង ឧត្តម/RFI
នា​ឱកាស​ទិវាទឹក​ពិភពលោក​ ថ្ងៃទី​២២មីនា  អង្គការ​សហប្រជាជាតិ ​អំពាវនាវ​ពញ្ញាក់​ស្មារតី​ឲ្យ​សហគមអន្តរជាតិ ត្រូវ​ចេះ​គ្រប់​គ្រង​ទឹក​ប្រកប​ដោយ​ចីរភាព និង​សមធម៌។​ ដ្បិត​ថា ក្នុង​ពិភព​លោក​ ​​មនុស្ស ២,២ ពាន់​លាន​នាក់​​ មិនទាន់​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ​ទេ​។  ការខ្វះទឹកដែល​បណ្តាល​មកពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏​ជា​ចំណោទបញ្ហា​ធំមួយ​ថែមទៀត។​ 


 
របាយការណ៍​អង្គការ​យូណេស្កូ ស្តីពី ការ​ផ្តល់​តម្លៃ​ចំពោះប្រភព​ធនធានទឹក បាន​ទាញ​សញ្ញាអាសន្ន​​ចំពោះ​វិបត្តិ​ខ្វះទឹក​នៅក្នុង​ពិភពលោក។ នេះ​ក៏ព្រោះតែ តម្រូវការ​ទឹកសាប​ កាន់តែ​កើនឡើង​​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ យ៉ាងហោច កើន ១%ជារៀងរាល់​ឆ្នាំ ទូទាំង​ពិភពលោក​។ តម្រូវកា​រទឹក​នេះសម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ទឹក​សម្រាប់​ការតាំង​ទី​លំនៅ​ក្នុង​ទីក្រុង-​ទីប្រជុំជន​​ ដែល​​មនុស្សកាន់កុះករតែ​ច្រើនឡើងៗ​ ហើយ​និង​ ទឹ​កសម្រាប់​ដំណើរ​ចង្វាក់​ផលិត​កម្ម​ចំណីអាហារ។
 
ទឹក​ស្អាត ទឹក​ល្អ ចូលរួម​ចំណែក​ជា​ចលករ​​វិបុល​ភាពដល់​​ប្រជាជន​ ហើយ​និង​ជា​សិទ្ធ​មនុស្ស​ដែរ​។ ទឹក​ជា​ធាតុ​មិន​អាច​ខ្វះ​បាន​ចំពោះអាយុជីវិត​មនុស្ស។ លោក Richard Connor អ្នក​ជំនាញ​ជាតិ​កាណាដា និងជា​អ្នក​សរសេររបាយការណ៍​ម្នាក់​ បាន​គូស​បញ្ជាក់ថា ការដែល​មនុស្សមិន​​បាន​ទទួល​ទឹកស្អាត​ប្រើប្រាស់ នាំឲ្យ​កើត​ជំងឺផ្សេង​ៗ។ កាលណា​ គេ​ឈឺ គឺ​មិន​អាច​ទៅរៀន​ មិន​បានទៅ​ធ្វើការ នោះគឺ​កាត់បន្ថយផលិត​ភាពការងារ​-ការ​រៀនសូត្រ​​។​ ការ​ខ្វះទឹក ក៏​មិនអាច​ឲ្យ​ផលិត​ចំណីអាហារ ហើយ​អាហារទៀតសោត ក៏​​គ្មាន​សុវត្ថិភាព។ ការខ្វះទឹក ក៏​គ្មាន​ដំណើរការ​អភិវឌ្ឈ​ឧស្សាហកម្ម និងគ្មាន​ការ​ងារធ្វើដែរ​​។ ដូច្នេះ ទឹក​ និង វិបុលភាព​សង្គម នៅ​ជាប់ជិត​​នឹងគ្នា​បង្កើយ។​​ ​អង្គការសហប្រជាជាតិ បាន​អំពាវនាវក្នុង​របាយការណ៍អង្គការ​យូណេស្កូ​ ដើម្បីពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្រងទឹកប្រកបដោយចីរភាព និងបែង​ចែក​គ្នា​ដោយ​សមធម៌។
 
ដោយឡែក អង្គការ​សហប្រជាជាតិ ក៏​បាន​ទទួល​ស្គាល់​ថា កម្មវត្ថុ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​សម្រាប់​ទាំងអស់​គ្នា នៅឆ្នាំ២០៣០ គឺ​បរាជ័យ​ ហើយនិងនៅឆ្ងាយ​ពីគោល​ដៅណាស់​។  ដ្បិត​ថា ការ​បែង​ចែក​ទឹកប្រើប្រាស់ គ្មាន​សមធម៌ ហើយ​មនុស្ស ២,២ ពាន់​លាន​នាក់​​ ក្នុង​ពិភពលោក​ មិនទាន់​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ​ទេ​។ ​ប្រជាជន​ប្រមាណ​ជា ១០% ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់ទី​លំនៅ រត់​ចោល​ផ្ទះសម្បែង ព្រោះតែ​ខ្វះ​ទឹក​ប្រើប្រាស់។​
 
នៅលើភព​ផែនដី ទឹកសាប​ ៧០ % ត្រូវ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​ ហើយ​ទឹកសាប ១៥%​ បើសម្រាប់​ផលិត​ថាមពល​។ ក្នុង​ផលិត​កម្មចម្រាញ់​និង​បម្លែង​ថាមពល​ផុសស៊ីល ក៏​ត្រូវការ​ទឹក​សម្បើម​ណាស់​ដែរ។ ហេតុដូច្នេះ ​អង្គការ​សហប្រជាជាតិ ឲ្យ​យោបល់​យ៉ាងទទូច ថា ចាំបាច់​​ត្រូវ​ទាញ​យក​ថាមពល​ពីខ្យល់ និង​ពី​ព្រះអាទិត្យ​ ដោយ​កុំ​ធ្វេសប្រហែស។​
 
បើ​តាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ, កង្វះទឹក​ក៏​អាច​ជាហេតុ​បណ្តាល​ឲ្យ​កើត​មាន​ជម្លោះ​សង្គ្រាម​​ដែរ។ សង្គ្រាម​ដើម្បី​ដណ្តើម​ទឹក​គ្នា​នៅ​ព្រំប្រទល់​ដែន​ ពិសេស​នៅទ្វីប​អាហ្វ្រិក​ ១៩ក្នុង​ចំណោម​២២ប្រទេស ជួប​ប្រទះ​​បញ្ហា​ខ្វះទឹក​សាប​ប្រើប្រាស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com