អន្តរជាតិ
រុស្ស៊ីថា អ្នកវាយប្រហារកន្លែងប្រគំតន្រ្តី មានបំណងឆ្លងដែនទៅអ៊ុយក្រែន
23, Mar 2024 , 4:22 pm        
រូបភាព
អាជ្ញាធររុស្ស៊ី ចាប់ខ្លួនខ្មាន់ទាំង៤នាក់ដែលបើកការវាយប្រហារនៅសាលប្រគំតន្ត្រីក្បែររដ្ឋធានីមូស្គូនៅយប់ថ្ងៃទី២២ ខែមីនា ដោយពួកគេមានបំណងរត់ទៅអ៊ុយក្រែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ស្របពេលដែលចំនួនអ្នកស្លាប់កើនលើស៩០នាក់។

ខ្មាន់កាំភ្លើង៤នាក់ ស្ថិតក្នុងចំណោមមនុស្ស១១នាក់ដែលត្រូវបានចាប់ខ្លួនក្រោយការវាយប្រហារនៅទីតាំងប្រគំតន្រ្តី Crocus City Hall ។ 
 
បើតាមវិមានក្រេមឡាំង ប្រធានចារកិច្ចរុស្ស៊ី (FSB) បានជូនដំណឹងទៅប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ពីចាប់ខ្លួនមនុស្សទាំង១១នាក់ ដែល៤នាក់ខាងលើ ចូលរួមដោយផ្ទាល់ក្នុងការបាញ់ប្រហារមុនកម្មវិធីចាប់ផ្ដើម។
 
រុស្ស៊ី នៅតែមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យ ស្របពេលដែលក្រុមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវក្ដី។ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ដោយស្រង់ប្រភព FSB ថា ខ្មាន់កាំភ្លើង មានទំនាក់ទំនងនៅអ៊ុយក្រែន ហើយប្រុងឆ្លងព្រំដែនទៅទៅទីនោះទៀតផង។
 
ជាមួយគ្នានេះ អង្គភាពស៊ើបអង្កេតរុស្ស៊ីដែលទទួលបន្ទុកស្រាវជ្រាវករណីធំ ក៏បង្ហាញតួលេខចុងក្រោយនៃអ្នកស្លាប់ដែលកើនដល់៩៣នាក់ ហើយរំពឹងកើនឡើងថែមទៀត។ បើតាមអង្គភាពនេះ ខ្មាន់កាំភ្លើងក៏ដុតកន្លែងប្រគំតន្ត្រីនេះដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com