អន្តរជាតិ
លោក ពូទីន ប្រកាសសងសឹកការវាយប្រហារនៅសាលប្រគំតន្ត្រី
24, Mar 2024 , 11:29 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានប្ដេជ្ញាតាមរក និងដាក់ពិន័យចំពោះអ្នកនៅពីក្រោយការវាយប្រហារសាលប្រគំតន្ត្រីមួយកន្លែងក្បែររដ្ឋធានីមូស្គូនៅថ្ងៃទី២២ ខែមីនា ដែលសម្លាប់មនុស្សជាង១០០នាក់។​ អាជ្ញាធររុស្ស៊ីក៏ចាប់ខ្លួនខ្មាន់កាំភ្លើង៤នាក់ដែរ ហើយបន្តស៊ើបអង្កេតអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការវាយប្រហារដ៏បង្ហូរឈាមមួយនេះ។

ខ្មាន់កាំភ្លើង៤នាក់ ត្រូវបានចាប់ខ្លួនមិនយូរប៉ុន្មានក្រោយការវាយប្រហារទីតាំងប្រគំតន្ត្រី Crocus City Hall ដែលមកទល់ពេលនេះ មានស្លាប់ដល់ទៅ១៣៣នាក់ទៅហើយ។ ក្រុមរដ្ឋឥស្លាម ISIS-K ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅទឹកដីរុស្ស៊ីលើកនេះ ប៉ុន្តែគេក៏ឃើញមាននិន្នាការរុស្ស៊ីភ្ជាប់រឿងនេះទៅអ៊ុយក្រែនដែរ។
 
ក្នុងសុន្ទរកថាទៅកាន់ប្រជាជន លោក វ៉ា្លឌីមៀ ពូទីន និយាយថា ជាសរុប មនុស្ស១១នាក់ត្រូវចាប់ខ្លួន។ បើតាមលោក ពូទីន ដែលយោងតាមលទ្ធផលស៊ើបអង្កេតបឋម អ្នកទាំងនោះ ព្យាយាមលាក់ខ្លួន ហើយរត់ទៅអ៊ុយក្រែន ដែលបើកច្រកទទួលពួកគេជាស្រេច។ មុនលោក ពូទីន ចារកិច្ចរុស្ស៊ីក៏ព័ត៌មាននេះដូចគ្នាដែរ តែក៏មិនបានបញ្ចេញព័ស្តុតាងជាក់ស្ដែងណាមួយដែរ។
 
លោក ពូទីន បានហៅជនដៃដល់ជាភេរវកម្មអន្តរជាតិ ហើយប្រកាសត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋណាមួយដែលចង់កម្ចាត់ក្រុមជ្រុលនិយមនេះ។
 
«ជនល្មើសទាំងអស់ អ្នករៀបចំ និងអ្នកដែលបានបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋនេះ នឹងត្រូវទទួលទោសជៀសមិនរួច។ មិនថាពួកគេជាអ្នកណា អ្នកណាជាអ្នកណែនាំពួកគេឡើយ។ យើងនឹងកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មអ្នកនៅពីក្រោយពួកភេរវករ ដែលបានរៀបចំអំពើឃោរឃៅនេះ ការវាយប្រហារនេះប្រឆាំងនឹងរុស្ស៊ី ប្រឆាំងនឹងប្រជាជនរបស់យើង។» លោក ពូទីន ប្រកាសបែបនេះ។
 
សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Andrei Kartapolov និយាយថា ប្រសិនបើអ៊ុយក្រែនជាប់ពាក់ព័ន្ធ នោះរុស្ស៊ីត្រូវតែផ្តល់ការឆ្លើយតបឱ្យសក្តិសម ច្បាស់លាស់ និងជាក់ស្តែងនៅលើសមរភូមិ។
 
យ៉ាងណាមិញ អ្នកនាំពាក្យចារកិច្ចយោធាអ៊ុយក្រែនប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ុយក្រែនមិនពាក់ព័ន្ធរឿងនេះឡើយ ហើយការពារទឹកដីរបស់ខ្លួនទល់អ្នកឈ្លានពាន មិនមែនជនស៊ីវិលទេ។ 
 
បណ្តាប្រទេសលោកខាងលិច រួមទាំងអាម៉េរិក បានថ្កោលទោសការវាយប្រហារនេះ។ មហាអំណាច​ប្លុកអារ៉ាប់ និង​អតីតរដ្ឋ​សហភាពសូ​វៀត​ជាច្រើន​ក៏បាន​សម្តែង​ការ​តក់ស្លុត និង​ផ្ញើ​មរណទុក្ខ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com