RFI
អន្តរជាតិ
ជប៉ុន​ទាញ​​​សញ្ញា​អាសន្ន​កំរិត​ខ្ពស់​ ប្រឈម​នឹង​កំណើន​ជំងឺ​ឆ្លង​ដោយ​បាក់តេរីកំណាច
24, Mar 2024 , 7:39 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ
ស្ងប់ស្ងាត់​ពីជំងឺ​រាតត្បាត​សកល​កូវីដ​១៩​បាន​​ពីរ​ឆ្នាំ​ ក្តី​ព្រួយ​បារម្ភ​បាន​ផុស​ឡើង​ជា​ថ្មី នៅ​ជប៉ុន។ តាំងពី​ចូល​ឆ្នាំ​២០២៤​មក ករណី​កើត​ជំងឺ​ឆ្លងថ្មី​​ដោយ​បាក់​តេរី​ស្ត្រេបតូកុក បានកើន​ឡើង​យ៉ាង​ខ្លាំង។ នៅទីបំផុត ​អាជ្ញាធរ​ជប៉ុនបាន​​សម្រេច​ចេញ​ក្រិត្យ នៅ​ថ្ងៃទី ២២​មីនា ​​ប្រកាស​អាសន្នកំរិត​ខ្ពស់​ ក្នុង​​ជាង​​ពាក់​កណ្តាល​ប្រទេស។ តើ​បាក់តេរី​ស្ត្រេបតូកុក​ជា​អ្វី? អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​យ៉ាងណា​ខ្លះ?

ផុត​ពី​​វិបត្តិ​កូវីដ​១៩ ជប៉ុនកំពុង​​ប្រឈម​នឹង​ជំងឺថ្មី​មួយ​ទៀត បង្ក​ដោយ​បាក់តេរី ដែល​មហាឆ្លង។ នោះ​គឺ​​បាក់តេរី​ស្ត្រេបតូកុកប្រភេទ​A​ ដែល​ចម្លង​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់ ជាពិសេស​មនុស្សធំ តាម​ផ្លូវ​ដង្ហើម តាម​ទឹក​មាត់ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​ ​និង​តាម​រយៈភ្នាស ស្បែក​ដែល​មាន​ដំបៅ​ ឬ​ស្នាម​ដាច់​។
 
មាន​លេច​ឡើង​​ដែរ នៅ​អឺរ៉ុប អង់គ្លេស​ អូស្ត្រាលី ​ជប៉ុន​​រាប់​ឃើញ​មាន​អ្នក​ជំងឺ​ដល់​៤២២នាក់​ទៅ​ហើយ នៅ​រវាង​ពី​ថ្ងៃទី​១មករា​ដល់​ថ្ងៃ​១៧​មីនា២០២៤ ទល់​នឹង៩៤១​​ករណី ​កាលពី​មួយ​ឆ្នាំ​មុន។ ប្រឈម​នឹង​​កំណើន​អ្នក​ជំងឺ​ឆ្លង​មេរោគ​ស្ត្រេបតូកុក យ៉ាង​លឿន​ដូច្នេះ ២៧​ខេត្ត​ក្នុង​ចំណោម​ខេត្ត​ទាំង​៤៧​របស់​ជប៉ុន ត្រូវ​ស្ថិត​នៅ​ក្រោមភាព​អាសន្ន​កំរិត​ក្រហម។
 
អ្វី​ដែល​អាជ្ញាធរ​ជប៉ុនកាន់​តែ​​ព្រួយ​បារម្ភ​ខ្លាំង ​គឺ​បណ្តាល​មកពី​​បាក់តេរី​ស្ត្រេបតូកុក​ប្រភេទ​Aនេះ បាន​មក​ដល់​ជប៉ុន​ជា​លើក​ទី​មួយនៅ​ឆ្នាំ​២០២៣  ក្នុង​ទម្រង់​ជា​មេរោគ​​កំណាចខ្លាំង និង​ឆ្លងបំផុត។ ជា​ទម្រង់​មួយ​ដែល​អ្នក​ជំនាញ​ដាក់​រហ័ស​នាម​ថា “បាត់តេរី​ស៊ីសាច់”។​​
 
នៅពេលចម្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​ បាក់តេរី​ស្ត្រេបតូកុក​ប្រភេទ​A ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​អាការៈ​ជំងឺ៨០% ជា​ជំងឺ​​​ស្រាលៗ ដូច​ជា​ឈឺ​បំពង់ក ក្តៅ​ខ្លួន​ឡើង​រោល​រលាកលើ​ស្បែក ដោយ​ថ្នាំផ្សះ។ ប៉ុន្តែ២០%​និង​សម្រាប់​អ្នក​មាន​ជំងឺ​ប្រព័ន្ធការពារ​ខ្លួន​ខ្សោយ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន​ ​បាក់តេរី​ប្រភេទ​នេះ ក៏​អាច​បង្ក​ឱ្យ​មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ដោយធ្វើ​​ឱ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម ឬ​ឈាម​កក។​ អត្រា​មរណៈឡើង​ដល់​៣០%។ មួយភាគ​បី​នៃអ្នក​ជំងឺ​​​ដែល​បាន​​ឆ្លង​ស្ត្រេបតូកុកកំណាច​​អាចស្លាប់​ក្នុង​​ពេល​តែ​៤៨ម៉ោង។ អ្នកបាន​ទទួល​ការ​សង្គ្រោះជីវិត​ទាន់​ពេល​វេលា​អាច​បន្សល់​ទុក​នូវ​ភាព​ពិការ​អស់​មួយ​ជីវិត។
 
​ក្តៅ​ខ្លួន រាករូស ក្អួត ឈឺ​ក អស់​កម្លាំង សុទ្ធ​សឹង​ជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ឆ្លង​ស្ត្រេបតូកុក តែ​​​នៅ​មាន​ចំនុច​ជា​ច្រើន​ទៀត​ដែល​វេជ្ជសាស្ត្រ​នៅ​មិន​ទាន់​ដឹង ដូច​ជា​​ថា​តើហេតុ​អ្វី​បាន​ជា​បាក់តេរី​ស្រាប់​តែ​លេច​ឡើង​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ក្នុង​ទម្រង់​ដ៏​កំណាច។ យ៉ាង​ណា​ក៏​ដោយ​ក៏​​អ្នក​ជំនាញ​សុខាភិបាល​អាច​​ព្យាបាលជំងឺ​នេះ​បាន។​ កាលពី​ខែ​មករា ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជប៉ុន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រលប់​ទៅ​ប្រកាន់​យក​​ក្បួន​អនាម័យក្នុង​សម័យ​កូវីដ​១៩​ ដូច​ជា​លាង​ដៃ ខ្ទប់​មាត់​ពេល​ក្អក​ឬ​កណ្តាស់​។ ការ​ធ្វេស​ប្រហែល​លែង​សូវ​ខ្វល់​ប្រុង​ប្រយ័ត្ន​ការ​ពារមេរោគ ជា​ផ្នែក​មួយ​នាំ​ឱ្យ​មាន​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​ដោយ​បាក់​តេរី​ស្ត្រេបតូកុក។ នេះបើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ដដែល។
 
នៅអឺរ៉ុប​ បើ​តាម​វិទ្យាស្ថាន​ប៉ាស្ទ័រ ករណី​ឆ្លង​បាក់តេរី​ស្ត្រេបតូកុក​កំណាច​បានកើន​ឡើង​ជា​លំដាប់​តាំងពី​ឆ្នាំ​២០០០មក និង​ក្នុង​កំរិត​ស្ទើរ​មួយ​ជា​បី​ក្នុង​រយៈ​ពេល​២០ឆ្នាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com