RFI
អន្តរជាតិ
ហ្វីលីពីននិងចិន ប៉ះទង្គិចគ្នាជាថ្មីនៅសមុទ្ទចិនខាងត្បូង ហ្វីលីពីននិងចិន ប៉ះទង្គិចគ្នាជាថ្មីនៅសមុទ្ទចិនខាងត្បូង AP
×
ដោយ៖អៀង សុខម៉ិញ
ហ្វីលីពីនបានធ្វើការចោទប្រកាន់ចិនជាថ្មី នៅថ្ងៃទី២៣មីនាថា ជាអ្នកបង្កឱ្យមានប៉ះទង្គិចគ្នានៅក្នុងសមុទ្ទចិនខាងត្បូង ត្រង់តំបន់ជាប់ជម្លោះនឹងគ្នា។ បើតាមសេចក្តីថ្លែងការណ៍របស់យោធាហ្វីលីពីន នៅថ្ងៃអាទិត្យទី ២៤មីនា២០២៤ ឆ្មាំសមុទ្ទចិនបានប្រើកាណុងបាញ់ទឹកមកលើនាវាដឹកស្បៀងហ្វីលីពីន បង្កឱ្យមានការខូចខាតជាដំណំ។ ទាហានហ្វីលីពីន បីនាក់បានរងរបួស។
ឧប្បត្តិហេតុឆ្មាំសមុទ្ទចិនវាយប្រហារដោយបាញ់ទឹកមកលើនាវាដឹកស្បៀងហ្វីលីពីន រយៈពេលជិតមួយម៉ោង បានកើតឡើងក្នុងព្រឹកថ្ងៃសៅរ៍ទី ២៣មីនានេះ នៅជិតម្តុំប្រជុំកូនកោះថ្មប៉ប្រះទឹកSecond Thomas ត្រង់កន្លែងដែលនាវាចិននិងហ្វីលីពីនធ្លាប់ប៉ះទង្គិចគ្នាកាលពីខែមុន។
បើតាមរូបភាពវីដេអូ ផ្សព្វផ្សាយដោយយោធាហ្វីលីពីន គេឃើញនាវាពណ៌ស ភ្ជុងកាណុងបាញ់ទឹកប្រសាចជាច្រើនលើកច្រើនសាទៅលើនាវាមួយនៅក្បែរនោះ។ នាវាពណ៌សទាំងពីរគ្រឿងនោះបាញ់ទឹកទន្ទឹមគ្នាសំដៅលើនាវាតែមួយ។ នៅក្នុងវីដេអូមួយទៀត គេឃើញផ្លាកឈ្មោះរបស់នាវាពណ៌សរសេរថា « China Cost Guard” បើកស្ទាក់មុខនាវាពណ៌ប្រផេះUnaizah May4 របស់ហ្វីលីពីន។ នាវាហ្វីលីពីននេះ មានផ្ទុកស្បៀងនិងទាហានមួយក្រុមតូច ដែលត្រូវទៅផ្លាស់វេនប្រចាំការនៅលើខ្មោចនាវាសង្គ្រាម BRP Sierra Madre។
នៅក្នុងសេចក្តីថ្លែងការណ៍ យោធាហ្វីលីពីន បានអះអាងនាវាដឹកស្បៀងហ្វីលីពីនបានរងការខូចខាតជាដំណំ តែមិនបានលម្អិតថាតើជាការខូតខាតអ្វី ឬមានជនរងគ្រោះដែរឬអត់ទេ។ ហេតុការណ៍បានស្ងប់ស្ងាត់ទៅវិញ បន្ទាំប់ពីនាវាយោធានៃកងកម្លាំងឆ្មាំសមុទ្ទហ្វីលីពីន បានធ្វើដំណើរចូលមកជួយ។ តែទោះមានការរារាំងក្តី ក៏នាវាដឹកស្បៀងបានធ្វើដំណើរទៅដល់ទិសដៅ និងបំពេញបេសកកម្មរបស់ខ្លួនបានសម្រេច។ នេះបើតាមប្រភពយោធាហ្វីលីពីនដដែល។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ចិនវិញ អ្នកនាំពាក្យកងឆ្មាំសមុទ្ទចិនបានប្រកាសថា ទូកហ្វីលីពីនបានចចេសចូលក្នុងតំបន់ហាមឃាត់ ទោះបីជាមានការព្រមានដដែលៗពីសំណាក់ភាគីចិន និងក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវនេះក៏ដោយ។ ចិនបានដំណើរការត្រួតពិនិត្យ រារាំង និងបណ្តេញនាវាហ្វីលីពីនស្របតាមច្បាប់។ ឯឆ្មាំសមុទ្ទចិនត្រៀមជាស្រេចនឹងការពារបូរណភាពដែនទឹក សិទ្ធិនិងផលប្រយោជន៍ផ្លូវទឹករបស់ប្រទេស។ នេះបើតាមសារបន្ថែមរបស់អ្នកនាំពាក្យឆ្មាំសមុទ្ទចិនដដែល។
ចិនទាមទារគ្រប់គ្រងសមុទ្ទចិនខាងត្បូងតែម្នាក់ឯង ប្រជែងរហូតមានជម្លោះជាមួយបណ្តាប្រទេសជិតខាងជាច្រើនរាប់ទាំងហ្វីលីពីនមួយផង និងចិនបានថែមទាំងព្រមានអាមេរិកថាគ្មានសិទ្ធិចូលលាន់ក្នុងជម្លោះនៅសមុទ្ទចិនខាងត្បូងនេះទេ ក្រោយពីលោកប្រមុខការទូតអាមេរិកប្រកាសនៅថ្ងៃអង្គារពីទីក្រុងម៉ានីល ការពារហ្វីលីពីនប្រឈមគ្រប់បញ្ហា។ ពីរថ្ងៃមុន ឆ្មាំសមុទ្ទចិនបានច្រានអ្នកវិទ្យាសាស្ត្រហ្វីលីពីន មិនឱ្យទៅតោងចតនៅប្រជុំកូនកោះថ្មប៉ប្រះទឹកScarborough ទីតាំងជាប់ជម្លោះមួយកន្លែងទៀតនៃសមុទ្ទចិនខាងត្បូងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com