RFI
អន្តរជាតិ
ប្រមុខបក្សប្រឆាំងនិងជាអភិបាលរដ្ឋញូវដេលី ត្រូវចាប់ឃុំខ្លួន មុនការបោះឆ្នោតសភា អភិបាលរដ្ឋញូវដេលី លោក Arvind Kejriwal ត្រូវ អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទល្មើសប្រព្រឹត្តអំពើពុករលួយ គៃបន្លំហិរញ្ញវត្ថុ។ Murali Krishnan
×
ដោយ៖ហេង ឧត្តម
នៅឥណ្ឌាក្នុងសប្តាហ៍នេះ អភិបាលរដ្ឋញូវដេលីនិងជាប្រមុខបក្សប្រឆាំងដ៏ធំជាងគេ ត្រូវនគរបាលរដ្ឋសហព័ន្ធ ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីអំពើពុករលួយ។ ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងតែជាង១សប្តាហ៍ មុនការបោះឆ្នោតសភា ខិតចូលមកដល់។ អង្គការសិទ្ធិមនុស្ស, ក្រុមសង្គមស៊ីវិល និងអ្នកវិភាគនយោបាយឥណ្ឌា មើលឃើញថា នេះជារឿងនយោបាយសុទ្ធសាធ និងថា រដ្ឋាភិបាលឥណ្ឌារបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កំពុងតែបំបិទសំឡេងប្រឆាំង។
អភិបាលរដ្ឋញូវដេលី លោក Arvind Kejriwal ត្រូវ អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទល្មើសប្រព្រឹត្តអំពើពុករលួយ និង គៃបន្លំហិរញ្ញវត្ថុ។ ក្រុមអ្នកគាំទ្ររូបលោក បានធ្វើបាតុកម្មយ៉ាងច្រើនសម្បើម នៅរដ្ឋធានីញូវដេលី និងសម្តែងមតិជំទាស់នៅមុខទីស្នាក់ការគណបក្សកាន់អំណាចរបស់លោក ណារិនដ្រា ម៉ូឌី។ បាតុករជាច្រើននាក់ត្រូវ ប៉ូលិសចាប់ខ្លួន សូម្បីតែ រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីសុខាភិបាល ក៏ត្រូវតម្រួតឥណ្ឌាចាប់ខ្លួនដែរ ព្រោះតែធ្វើបាតុកម្ម។
លោក Arvind Kejriwal ជាអ្នកនយោបាយប្រឆាំងដ៏មានប្រជាប្រិយភាពខ្លាំង បានជាប់ឆ្នោតជាសមាជិកសភា ហើយនិងជា អ្នកដឹកនាំរដ្ឋញូវដេលី ៩ ឆ្នាំមកហើយ។ ឆ្នាំ២០២១ លោកបើកឲ្យប្រកួតប្រជែងលក់ដូរស្រា អនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគទុនវិស័យស្រាបៀ ហើយនិងផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនស្រាជាច្រើនក្នុងរដ្ឋញូវដេលី។ ការបើកទីផ្សារសេរីវិស័យសុរាមេរ័យ បែបនេះ បានបិទបញ្ចប់ការគ្រប់គ្រងផ្តាច់មុខពីក្រុមហ៊ុនរដ្ឋ។ សំណុំរឿងនេះ ធ្វើឲ្យលោកអភិបាលរដ្ឋញូវដេលី ត្រូវរងការចោទប្រកាន់ថា លួចគៃបន្លំប្រាក់ ១១ លាន អឺរ៉ូ ហើយនិង រៃអង្គាសលុយពីក្រុមហ៊ុនស្រាដើម្បីយកទៅឃោសនានយោបាយ។
ក្នុងរឿងដដែលនេះ សមាជិកសភា២នាក់ទៀត ដែលជាអនុប្រធានបក្សនិងដៃស្តាំរបស់លោក ក៏ត្រូវប៉ូលិសចាប់ខ្លួនដែរ។ ជាសរុប គណបក្សប្រឆាំង Aam Aadmi Party - AAP របស់លោក Arvind Kejriwal ត្រូវបាត់ក្បាលម៉ាស៊ីន ជាសមាជិកសភា ដល់ទៅ ៣ រូប។ ការចាប់ខ្លួនបណ្តាថ្នាក់ដឹកនាំបក្សប្រឆាំងនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតសភាអាណត្តិថ្មី ឈានចូលមកដល់។ ទោះចង់មិនចប់ ទំនងជារំខានដល់ដំណើរការឃោសនាបោះឆ្នោត ជាពុំខាន។ នៅឥណ្ឌា បណ្តាសម្ព័ន្ធភាពបក្សប្រឆាំង មានបក្ស AAP ជាបក្សប្រឆាំងធំជាងគេ ដែលចងសម្ព័ន្ធជាមួយបក្ស Congrès ហើយនិងបណ្តាញគណបក្សតូចៗ ប្រមាណជា ២០ បក្ស ផ្សេងទៀត ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក Sanjeeb Mukherfee បញ្ជាក់ឲ្យដឹងថា មិនមែនតែនៅរដ្ឋញូវដេលីទេ ដែលរដ្ឋអំណាចធ្វើទុក្ខបុកម្នេញ សូម្បីតែអភិបាលរដ្ឋ Jharkand ប៉ែកអាគ្នេយ៍ឥណ្ឌា ក៏ត្រូវចាប់ខ្លួនដែរ កាលពីពេលថ្មីៗ។ អភិបាលរដ្ឋនេះក៏ជាអ្នកនយោបាយបក្សប្រឆាំងដែរ។ ក្នុងស្ថានភាពដែលអ្នកជាប់ឃុំជាអ្នកនយោបាយប្រឆាំងបែបនេះ ការដាក់តម្កល់ប្រាក់ធានាសុំខ្លួនឲ្យនៅក្រៅឃុំ ក៏លំបាកនឹងទៅរួចណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com