ជាតិ
ព័ត៍មានសុខភាព
សុខភាព
ឧស្សាហ៍ «ស្ដាប់ចម្រៀង »បន្តិចទៅ! វាអាចបន្ថយស្ត្រេស បញ្ចុះសម្ពាធឈាម និងមានផលល្អទាំងនេះទៀត
25, Mar 2024 , 10:59 pm        
រូបភាព
ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការ​ស្ដាប់​ចម្រៀង ឬ​តន្ត្រី​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​ជា​ច្រើន​ចំពោះ​សុខភាព​។ មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ឧស្សាហ៍​ស្ដាប់​ចម្រៀង ៖

 
១. បន្ថយ​សម្ពាធ​ឈាម
 
នេះ​ក៏​ព្រោះតែ​ការ​ស្ដាប់​ចម្រៀង ឬ​តន្ត្រី​អាច​ជួយ​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​ដែល​ជា​អ្វីមួយ​បង្ក​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បានឱ្យ​ដឹង​ថា តន្ត្រី​មាន​សមត្ថភាព​ធ្វើ​ឱ្យ​សុខភាព​ស​សៃ​ឈាមមាន​លក្ខណៈ​ប្រសើរ​ឡើង​។ ជា​លទ្ធផល​ឈាម​នឹង​រត់​បាន​ល្អ​ត្រឹមត្រូវ​។
 
២. បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស
 
ធ្លាប់​ដឹង​ទេ​ថា ក្រៅពី​ការ​ម៉ាស្សា ឬ​ហាត់​កីឡា​, ត្រឹម​ការ​សម្រាក​ស្ដាប់​ចម្រៀង ឬ​តន្ត្រី​ក៏​ជួយ​ធ្វើ​ឱ្យ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​ថយ​ចុះ​បាន​ផង​ដែរ​។
 
៣. បំបាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង
 
អាកា​រៈ​ឈឺក្បាល​ប្រកាំង​អាច​កើតឡើង​នៅ​ពេល​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​នេះ ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេ​ស​របស់​អ្នកតា​មរយៈ​វិធី​ងាយ​ៗ​មួយ​ចំនួន​រួម​មានការ​ស្ដាប់​ចម្រៀង​តន្ត្រី ឬ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​។
 
៤. ជួយ​ឱ្យ​ឆាប់​គេង​លក់
 
ការ​គេង​លក់​បាន​ស្កប់​ចន្លោះ​ពី ៧ ទៅ ៩​ម៉ោង​ក្នុង​មួយ​យប់​ៗ គឺ​ចាំបាច់​សម្រាប់​ទាំង​សុខភាព​រាង​កាយ​និង​ផ្លូវចិត្ត​។ ជំនួស​ឱ្យ​ការ​លេបថ្នាំ​គេង​លក់ ចូរ​ព្យាយាម​បន្ធូរ​អារម្មណ៍​ស្ដាប់​ចម្រៀង ឬ​តន្ត្រី​តិច​ៗ​វិញ​នៅ​ពេល​អ្នក​គេង​មិន​លក់​។ ទម្លាប់​នេះ​ជួយ​ឱ្យ​អារម្មណ៍​ស្ងប់​និង​ហាក់ដូចជា​ទទួល​បានការ​លួងលោម​បំពេរ​ធ្វើ​ឱ្យ​ឆាប់​គេង​លក់​។
 
៥. ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​ភាព​ប្រសើរ​ឡើង
 
ការ​ស្ដាប់​តន្ត្រី​អាច​ធ្វើ​ឱ្យ​លំ​ហាត់ប្រាណ​របស់​អ្នក​មិន​គួរ​ឱ្យ​ធុញ​ខ្លាំង​ដូច​មុន​ដោយ​វា​បន្ថែម​ភាព​សប្បាយ​រីករាយ​ខ្លះទៅ​ក្នុង​លំ​ហាត់ប្រាណ​។ ចម្រៀង ឬ​តន្ត្រី​ក៏​អាច​ធ្វើ​ឱ្យ​ម៉ោង​ដើរ​លឿន​ជាង​មុន​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆាប់​ធ្វើ​លំ​ហាត់ប្រាណ​ចប់​ផង​ដែរ​។
 
កំណត់សម្គាល់​៖ នេះ​ជា​អត្ថបទ​ស្រាវជ្រាវ​ដែល​មាន​បំណង​ផ្តល់​ជូន​នូវ​ព័ត៌មាន និង​ចែករំលែក​ចំណេះដឹង មិនមែន​សម្រាប់​ជំនួស​ឱ្យ​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​ឡើយ​។ វេ​ប​សាយ​សុខភាព Health.com.kh មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​តាម​អត្ថបទ​ខាងលើ​នោះ​ទេ​។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព ឬ​ការ​សង្ស័យ​ពាក់ព័ន្ធ​ណាមួយ សូម​ធ្វើការ​ណាត់ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​ប្រសើរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com